ល្អណាស់សម្រាប់ខ្មែរយើង! អ្នកចាក់វ៉ាក់សាំងកូវីដ ស៊ីណូហ្វាម ស៊ីណូវ៉ាក់ ពីក្រៅប្រទេសកូរ៉េ ក៏អាជ្ញាធរកូរ៉េខាងត្បូងនឹងទទួលស្គាល់ផ្លូវការ ហើយអាចបានការបន្ធូរគម្លាតសង្គម ដូចវ៉ាក់សាំងកូវីដចាក់នៅកូរ៉េដែរ

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់នៅក្រៅប្រទេសកូរ៉េខាងត្បូង ក៏នឹងអាចចាប់ផ្តើមទទួលបានអត្ថប្រយោជន៍សង្គមនានាដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េ ក្នុងការបន្ធូរបន្ថយការអនុវត្តគម្លាតសង្គមផងដែរ បើតាមអត្ថបទចុះផ្សាយលម្អិតបន្ថែមក្នុងសារព័ត៌មាន Korea Times។

អត្ថបទនេះបានឱ្យដឹងថា អ្នកនៅកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងរួចរាល់ ទាំងវ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង និងវ៉ាក់សាំងកូវីដដែលបានចាក់នៅក្រៅប្រទេស នឹងអាចទទួលបានអត្ថប្រយោជន៍សង្គមនានាដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េ ក្នុងការបន្ធូរបន្ថយការអនុវត្តគម្លាតសង្គម អនុវត្តពីថ្ងៃព្រហស្បតិ៍នេះទៅហើយ។

កន្លងមកការលើកលែងបន្ធូរបន្ថយគម្លាតសង្គមសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួច គឺផ្តល់ឱ្យតែអ្នកដែលបានចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េ ហើយមានប័ណ្ណសម្គាល់ការចាក់វ៉ាក់សាំងនេះរបស់អាជ្ញាធរកូរ៉េប៉ុណ្ណោះ ហើយចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងកូវីដនៅបរទេស ឧទាហរណ៍ដូចបងប្អូនខ្មែរយើងដែលបានចាក់វ៉ាក់សាំងកូវីដរួចនៅកម្ពុជា គឺមិនត្រូវបានទទួលស្គាល់នោះទេ ដូចនេះអត្ថប្រយោជន៍នានាដែលផ្តល់ជូននេះ ក៏មិនផ្តល់ជូនផងដែរ ដោយសារតែមិនមានប្រព័ន្ធណាមួយបញ្ជាក់ទទួលស្គាល់បាន។

សម្រាប់ពេលនេះ អាជ្ញាធរសុខាភិបាលកូរ៉េសម្រេចហើយថានឹងទទួលការចាក់វ៉ាក់សាំងកូវីដនៅក្រៅប្រទេស ដោយចាប់ផ្តើមពីអ្នកដែលធ្វើដំណើរចូលមកកូរ៉េ ដោយអាចលើកលែងធ្វើចត្តាឡីស័កបើបានចាក់វ៉ាក់សាំងនៅក្រៅប្រទេសរួច សម្រាប់កងទ័ពអាមេរិក អ្នកការទូត និងគ្រួសារអ្នកការទូតជាដើម ហើយសម្រាប់ការធ្វើដំណើរមកកូរ៉េខាងត្បូងក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ឬមកសិក្សា ឬមកជួបជុំគ្រួសារផ្ទាល់នោះ ក៏អាចស្នើសុំលើកលែងចត្តាឡីស័កបានផងដែរ ប្រសិនបើបានចាក់វ៉ាក់សាំងកូវីដពីក្រៅប្រទេសរួច។

ដូចនេះហើយ ទើបឥឡូវនេះអាជ្ញាធរសុខាភិបាលចាប់ផ្តើមបង្កើតឱ្យមានប្រព័ន្ធសម្រាប់ពិនិត្យ និងផ្តល់ការអនុញ្ញាតទទួលស្គាល់ព័ត៌មាននៃការចាក់វ៉ាក់សាំងកូវីដពីក្រៅប្រទេស ហើយជានីតិវិធីគឺ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដពីក្រៅប្រទេស ហើយចង់ស្នើសុំឱ្យមានការទទួលស្គាល់នេះ ត្រូវទៅមណ្ឌលសុខភាពនិងផ្តល់ជូននូវព័ត៌មានផ្លូវការនៃការចាកវ៉ាក់សាំងរបស់ខ្លួន ហើយនៅពេលនោះខាងអាជ្ញាធរសុខាភិបាលកូរ៉េនឹងចេញនូវក្រដាសបញ្ជាក់វ៉ាក់សំាងជូនមកវិញសម្រាប់ប្រើការជាផ្លូវការបាននៅកូរ៉េ ហើយក៏អាចទាញយកកម្មវិធី COOV សម្រាប់បង្ហាញព័ត៌មានចាក់វ៉ាក់សាំងតាមប្រព័ន្ធ Smartphone បានផងដែរ។

កាន់តែល្អទៀតនោះ សម្រាប់ការអនុវត្តវិធានការនេះ វ៉ាក់សាំងនៅក្រៅប្រទេសដែលនឹងអាចទទួលស្គាល់បាននោះគឺមានតែវ៉ាក់សាំងទាំងអស់ដែលបានទទួលស្គាល់សម្រាប់ប្រើប្រាស់បានដោយអង្គការសុខភាពពិភពលោក (WHO) ដែលមានវ៉ាក់សាំងដូចជា Pfizer វ៉ាក់សាំង Moderna វ៉ាក់សាំង Johnson & Johnson វ៉ាក់សាំង AstraZeneca (រួមទាំងវ៉ាក់សាំង Covishield) និងវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ របស់ចិនដែលមានចាក់យ៉ាងទូលំទូលាយនៅកម្ពុជាយើងផងដែរ។

យ៉ាងណាមិញ ជាមួយនឹងការប្រកាសបែបនេះ ក៏មានការលើកឡើងសង្ស័យពីសុវត្ថិភាពនៃការអនុញ្ញាតទទួលស្គាល់វ៉ាក់សាំងចិនទាំង២នេះផងដែរ ដោយសារតែវ៉ាក់សាំង២នេះមិនទាន់បានទទួលស្គាល់ឱ្យប្រើប្រាស់បាននៅក្នុងប្រទេសកូរ៉េខាងត្បូង តែយ៉ាងណាមិញ មន្ត្រីជំនាញក្រសួងសុខាភិបាលកូរ៉េលើកឡើងថា ដោយសារតែការលើកលែងធ្វើចត្តាឡីស័កកន្លងមក គេផ្តល់ការលើកលែងបានសម្រាប់វ៉ាក់សាំងចិនទាំង២នេះ ដូចនេះចំពោះការទទួលស្គាល់វ៉ាក់សាំងកូវីដចាក់នៅក្រៅប្រទេស វ៉ាក់សាំងចិន២នេះ ក៏គួរតែទទួលស្គាល់ដូចគ្នា​ ដោយសារតែជាវ៉ាក់សាំងដែលទទួលស្គាល់ផ្លូវការដោយអង្គការសុខភាពពិភពលោក។

ក្នុងនោះដែរ ក្រសួងសុខាភិបាលកូរ៉េក៏បានបញ្ជាក់ថានឹងធ្វើការពិនិត្យសិក្សាបន្តបន្ថែមលើការដាក់ឱ្យអនុវត្ត «ប័ណ្ណវ៉ាក់សាំង» នេះ ដែលអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងរួចអាចចូលទៅកាន់ទីតាំងសាធារណៈមួយចំនួនដូចជាមន្ទីរពេទ្យ មន្ទីរចាស់ជរា ទីតាំងកំសាន្ត និងរោងភាពយន្តជាដើមនោះ ហើយអ្នកដែលមិនមាន «ប័ណ្ណវ៉ាក់សាំង» នេះនឹងត្រូវតម្រូវឱ្យបង្ហាញលទ្ធផលធ្វើតេស្តកូវីដតាមម៉ាស៊ីនធំ (PCR) សិនទើបអាចចូលបាន។

សូមបញ្ជាក់ថា ការលើកលែងបន្ធូរបន្ថយគម្លាតសង្គមផ្តល់ជូនមានដូចជាការលើកលែងបន្ធូរបន្ថយការកំណត់ចំនួនមនុស្សសម្រាប់ការជួបជុំឯកជននានា និងការទទួលបានអត្ថប្រយោជន៍បញ្ចុះតម្លៃនានាតាមហាង សួនច្បារ និងសារមន្ទីរ រួមនឹងអត្ថប្រយោជន៍ដទៃទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *