កូរ៉េខាងត្បូង៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ លោកជំទាវឯកអគ្គរាជទូតកម្ពុជាបានចូលរួមក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម Korea-ASEAN & India Business Week 2021 ក្រោមប្រធានបទ “The Era of Post-Covid-19: inclusive recovery and the future of mutual prosperity in Korea-ASEAN & India” នេះបើតាមការបង្ហោះចែកចាយដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជានៅល្ងាចថ្ងៃអង្គារម្សិលមិញនេះ។
កម្មវិធីតាំងពិព័រណ៍នេះបានរៀបចំឡើងជាទ្រង់ទ្រាយបែបចូលរួមដោយផ្ទាល់ និងតាម Online ដោយសារវិធានការរឹតត្បិតគម្លាតសង្គមក្នុងអំឡុងពេលកូវីដ-១៩ នៅតែត្រូវបន្តអនុវត្ត។ ក្រៅពីការចូលរួមជាអធិបតីដោយលោកជំទាវឯកអគ្គរាជទូត ជាតំណាងស្ថានទូតខ្មែរក្នុងចំណោមថ្នាក់ដឹកនាំការទូតប្រទេសអាស៊ាន ឥណ្ឌា និងកូរ៉េដទៃទៀតនោះ ក្នុងកម្មវិធីពិព័រណ៍នេះក៏មាន អនុព័ន្ធពាណិជ្ជកម្ម និងមន្ត្រីស្ថានទូតបានចូលរួមរៀបចំស្តង់ដាក់បង្ហាញផលិតផលខ្មែរមួយចំនួន និងបានរៀបចំធ្វើបទបង្ហាញពីសក្តានុពលវិនិយោគ និងនីតិវិធីក្នុងការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងច្បាប់និងការអនុវត្តលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសផងដែរ។
នៅក្នុងកម្មវិធីនេះដែរ នាងខ្ញុំក៏បានផ្តល់កិច្ចសម្ភាសជាមួយនឹងកាសែត The Korea Times ដោយផ្តោតសំខាន់ទៅលើការជំរុញការវិនិយោគនិងការនាំចេញនាំចូលក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ បើតាមការលើកឡើងថ្មីៗចុងក្រោយរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាយើង គឺនឹងអាចចុះហត្ថលេខាជាផ្លូវការ មិនឲ្យហួសពីក្នុងខែតុលាខាងមុខនេះឡើយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការចរចាអស់រយៈពេលជាង១ឆ្នាំមកនេះ។ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។