ចែករំលែក! ជនបរទេសនៅកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងកូវីដនៅក្រៅប្រទេសរួចរាល់ ត្រូវលក្ខខណ្ឌ និងមានឯកសារទាំងនេះ អាចស្នើបានអត្ថប្រយោជន៍បន្ធូរគម្លាតសង្គម ដូចអ្នកចាក់វ៉ាក់សាំងនៅកូរ៉េដែរ

កូរ៉េខាងត្បូង៖ អ្នកនៅកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងរួចរាល់ ទាំងវ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង និងវ៉ាក់សាំងកូវីដដែលបានចាក់នៅក្រៅប្រទេស នឹងអាចទទួលបានអត្ថប្រយោជន៍សង្គមនានាដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េ រួចផុតពីគម្លាតសង្គម អនុវត្តពីថ្ងៃព្រហស្បតិ៍នេះទៅហើយ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន TBS News របស់កូរ៉េ នៅថ្ងៃទី៥ តុលានេះ បានឱ្យដឹងថាតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េខាងត្បូង (KDCA) ដែលជាអាជ្ញាធរជំនាញសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ គឺបញ្ជាក់ថា ក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងរួច ទាំងអ្នកចាក់វ៉ាក់សាំងក្នុងស្រុក និងក្រៅស្រុក នឹងអាចទទួលបានអត្ថប្រយោជន៍សង្គមពីការបន្ធូរបន្ថយគម្លាតសង្គមដូចៗគ្នា។

សម្រាប់ទាំងប្រជាជនកូរ៉េ និងជនបរតេសដែលបានចាក់វ៉ាក់សាំងកូវីដពីបរទេស ត្រូវមានលិខិតប័ណ្ណផ្លូវការបញ្ជាក់រួចផុតពីការធ្វើការចត្តាឡីស័ក និងលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដដែលទទួលស្គាល់ផ្លូវការ បានរួចរាល់ទាំងស្រុងពេលនៅក្រៅប្រទេសនឹងទទួលបានការលើកលែងបន្ធូរបន្ថយគម្លាតសង្គមដូចគ្នា ដែលការលើកលែងនោះរួមមានទាំងការអនុញ្ញាតឱ្យជួបជុំឯកជនបានច្រើនជាងមុន និងការទទួលបានអត្ថប្រយោជន៍បញ្ចុះតម្លៃនានាតាមហាង សួនច្បារ និងសារមន្ទីរ រួមនឹងអត្ថប្រយោជន៍ដទៃទៀតផងដែរ។

សម្រាប់ជនបរទេសទាំងអស់ដែលបានចាក់វ៉ាក់សាំងនៅស្រុកក្រៅពីកូរ៉េខាងត្បូង ហើយមានប័ណ្ណបញ្ជាក់នានាដូចបានរៀបរាប់ខាងលើ អាចយកលិខិតបញ្ជាក់ទាំងនោះទៅមណ្ឌលសុខាភិបាលតាមសហគមន៍ខ្លួនដើម្បីបន្តនីតិវិធីនានា។

មជ្ឈមណ្ឌលក៏បានបញ្ជាក់បន្ថែមថា សម្រាប់ករណីកងទ័ពអាមេរិក និងគ្រួសារដែលបានចាក់វ៉ាក់សាំងនៅនឹងបន្ទាយយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ក៏នឹងទទួលបានអត្ថប្រយោជន៍បន្ធូរបន្ថយគម្លាតសង្គមដូចគ្នាផងដែរ។

សម្រាប់នីតិវិធីលម្អិតបន្ថែមទៀត ក្រុមការងារនឹងធ្វើការចុះផ្សាយជូននៅពេលមានព័ត៌មានចុះផ្សាយបន្តបន្ទាប់។

Leave a Reply

Your email address will not be published. Required fields are marked *