កូរ៉េខាងត្បូង៖ អាជ្ញាធរមូលដ្ឋាននៅយ៉ុងសាន ក្រុងសេអ៊ូលបានប្រកាសនៅថ្ងៃទី៥ តុលានេះថា នឹងចាប់ផ្តើមដំណើរការឱ្យមានទីតាំងរៀបចំចាក់វ៉ាក់សាំងបណ្តោះអាសន្ននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអាចបង្កើនចំនួនជនបរទេសឱ្យអាចទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។
ចុះផ្សាយក្នុងសារព័ត៌មាន news 1 ជាភាសាកូរ៉េបានឱ្យដឹងមូលដ្ឋាននៅសង្កាត់យ៉ុងសាន ក្រុងសេអ៊ូល នឹងរៀបចំទីតាំងចាក់វ៉ាក់សាំងបណ្តុះអាសន្នដែលនឹងបើកដំណើរការពីម៉ោង ៩ព្រឹក ដល់ម៉ោង ១រសៀល នៅថ្ងៃទី១៦ ខែតុលា និងថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ដើម្បីអាចផ្តល់ជូនការចាក់វ៉ាក់សាំងពិសេសជូនជនបរទេសដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន អាយុពី១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដកន្លងមក។
ទីតាំងចាក់វ៉ាក់សាំងបណ្តោះអាសន្ននេះ នឹងមានបុគ្គលិក និងគ្រូពេទ្យដល់ទៅ១៨នាក់រួមមានទាំងអ្នកបកប្រែ និងមគ្គទេសន៍សម្រាប់ជួយសម្របសម្រួលជនបរទេសដែលនឹងមកចាក់វ៉ាក់សាំងផងដែរ។ បើតាមការបញ្ជាក់របស់អាជ្ញាធរបានឱ្យដឹងថា ជនបរទេសដែលចង់ចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះអាចធ្វើការចុះឈ្មោះតាមអ៊ីមែ៉លនៅ Global Village Center នៅអ៊ីឆន់ និងនៅអ៊ីតេវ៉ុន ត្រឹមថ្ងៃទី៨ តុលាខាងមុខនេះ។
សម្រាប់វ៉ាក់សាំងដែលគេនឹងចាក់ជូនវិញនោះគឺវ៉ាក់សាំងក្រុមហ៊ុន Pfizer ដែលសម្រាប់ការរៀបចំនេះ វ៉ាក់សាំងដូសទី១នឹងចាក់ជូននៅថ្ងៃទី១៦ ខែតុលា ខណៈវ៉ាក់សាំងទី២ នឹងចាក់ជូននៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ។ មន្ត្រីនៃសង្កាត់យ៉ុងសានបានបញ្ជាក់ថា កន្លងមកតាមការសិក្សា និងធ្វើសម្រង់មតិមក គេរកឃើញថាជនបរទេសភាគច្រើនគឺសុទ្ធតែចង់ចាក់វ៉ាក់សាំងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ដូចនេះហើយ ទើបអាជ្ញាធររៀបចំថ្ងៃនេះឱ្យចំថ្ងៃចុងសប្តាហ៍បែបនេះ ដើម្បីសម្រួលដល់ពួកគាត់។
សូមបញ្ជាក់ដែរថា ស្របជាមួយនឹងការរៀបចំកម្មវិធីពិសេសចាក់វ៉ាក់សាំងជូនជនបរទេសនេះ អាជ្ញាធរសង្កាត់យ៉ុងសានក៏នឹងធ្វើការចែកចាយម៉ាស់ KF ១០សន្លឹកដល់អ្នកដែលបានមកធ្វើតេស្តកូវីដ-១៩ ចាប់តាំងពីខែកក្កដាមកផងដែរនៅអ៊ីឆន់ និងនៅអ៊ីតេវ៉ុន។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃអង្គារទី៥ តុលានេះ ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ទៅ ៣៩.៧៣លាននាក់ហើយ ខណៈដែលបច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាល កំពុងផ្តល់អាទិភាពចាក់វ៉ាកសាំងដូសទី២ជូនដល់ប្រជាជនឱ្យបានដល់ ៣៦លាននាក់ត្រឹមចុងខែតុលាខាងមុខនេះ។