ថ្លែងមិនចេញ! ហាងកាហ្វេ Starbuck កូរ៉េដាក់កម្មវិធីប្រូម៉ូសិនពិសេសតែ១ថ្ងៃ អតិថិជនតម្រង់ទិញរាប់ពាន់នាក់ ធ្ងន់ករបុគ្គលិក! គ្រាន់ចប់កម្មវិធីប្រូម៉ូសិនភ្លាម បុគ្គលិកហាងចេញតវ៉ាតែម្តង លើកឡើងថា…

កូរ៉េខាងត្បូង៖ បុគ្គលិកហាងកាហ្វេលំដាប់ពិភពលោក Starbuck នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាចេញមកតវ៉ាលើកដំបូងបង្អស់ទៅនឹងប្រាក់ខែតិច ធៀបទៅនឹងការងារដ៏លើសលប់បំផុតដែលមួយថ្ងៃត្រូវធ្វើការឆុងកាហ្វេ និងភេសជ្ជៈដល់សឹងជាង១ពាន់កែវ ខណៈបរិយាកាសការងារក៏មិនល្អទៅទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News បានឱ្យដឹងថា ករណីចេញមកតវ៉ានេះគឺដោយសារតែថ្មីៗចុងក្រោយនេះ គឺកាលពីថ្ងៃទី២៨ ខែកញ្ញា ២០២១កន្លងទៅនេះ ចំថ្ងៃពិសេសដែលក្រុមហ៊ុនហាងកាហ្វេដ៏ល្បីល្បាញនេះ ដាក់ចេញនូវកម្មវិធីពិសេសគឺការផ្តល់ជូនកាហ្វេមួយកែវឥតគិតថ្លៃ ឬបញ្ចុះតម្លៃពិសេសសម្រាប់ភេសជ្ជៈផ្សេងៗ ប្រសិនបើអតិថិជនយកកំប៉ុង ឬដបដែលអាចផឹកហើយ ប្រើប្រាស់ជាថ្មីបានមកដាក់ភេសជ្ជៈរបស់ខ្លួននោះ ជាឱកាសចូលរួមក្នុងថ្ងៃកាហ្វេអន្តរជាតិ។

ជាមួយនឹងការបញ្ចុះតម្លៃ និងកម្មវិធីពិសេសបែបនេះ ធ្វើឱ្យមានមនុស្សមកឈរតម្រង់ជួរគ្នាចាំទិញកាហ្វេ ហើយការបញ្ជាទិញគឺសឹងតែហូរហៀរ លេខរៀងរង់ចាំសឹងតែដល់រាប់ម៉ោង ឯណោះ។ តែអ្វីដែលក្លាយជាបញ្ហាចោទសម្រាប់បុគ្គលិកអ្នកធ្វើការឆុងកាហ្វេនៅក្នុងហាងវិញនោះ គឺទំងន់ការងារដ៏លើសលប់បំផុតសម្រាប់ពួកគេ។

បើតាមការបញ្ជាក់ពីបុគ្គលិកហាងកាហ្វេ Starbuck​ នេះមួយបានឱ្យដឹងថា នៅហាងរបស់ខ្លួននៅថ្ងៃពិសេសនោះ គឺមានការបញ្ជាទិញ និងរង់ចាំយកកាហ្វេសឹងតែដល់ ៦៥០កែវឯណោះ ហើយពេលវេលារង់ចាំរបស់ភ្ញៀវវិញសឹងតែកើនដល់ជាង៤ម៉ោងកន្លះ ជាមួយនឹងចំនួនភ្ញៀវដ៏ច្រើនលើសលប់បែបនេះ។ បុគ្គលិកអ្នកឆុងកាហ្វេត្រូវធ្វើការឆុងកាហ្វេ ធ្វើភេសជ្ជៈពេញមួយថ្ងៃ សឹងរកពេលដកដង្ហើមមិនចង់ទាន់។

គ្រាន់តែផុតថ្ងៃទី២៨ ខែកញ្ញាដែលជាថ្ងៃពិសេសនោះភ្លាម មានបុគ្គលិកមួយចំនួននាំគ្នាចង់ដាក់ពាក្យសុំឈប់ ដោយទាមទារឱ្យមានការផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមសម្រាប់ថ្ងៃដ៏រវល់នោះ និងបានរាយការណ៍ដល់អាជ្ញាធរទទួលបន្ទុកការងារផងដែរ។ មែនទែនទៅ​ បញ្ហានោះគឺថាប្រាក់ខែជាអ្នកធ្វើការក្នុងហាង Starbuck ដ៏ល្បីនេះ ក៏មិនជាអាក្រក់ប៉ុន្មានដែរ តែបើធៀបនឹងទំហំការងារ ជាការឆុងកាហ្វេដែលត្រូវធ្វើវិញគឺសឹងតែលើសលប់មែនទែន ហើយកន្លែងអង្គុយសម្រាកសម្រាប់បុគ្គលិកគឺមិនល្អ តូចចង្អៀត ដោយពួកគេត្រូវធ្វើការផ្លាស់ប្តូរឯកសណ្ឋាន និងពិសារបាយពេលសម្រាកនៅកន្លែងចង្អៀត។ ដូចនេះហើយទើបអត្រាអ្នកសុំឈប់មានការកើនឡើងខ្ពស់សម្រាប់ហាងកាហ្វេដ៏ល្បី ខ្នាតអន្តរជាតិនេះ។

ដូចនេះហើយទើបមានការចេញមកតវ៉ាទាមទារឱ្យមានការតម្លើងប្រាក់ខែ និងបរិយាកាសការងារឱ្យបានសមស្របសម្រាប់បុគ្គលិករបស់ខ្លួន ហើយក៏កាត់បន្ថយកម្មវិធីទាក់ទាញទីផ្សារបែបនេះ ដែលត្រូវដាក់បន្ទុកមកលើបុគ្គលិកយ៉ាងលំបាក។ តែយ៉ាងណាវិញ ក្រុមបុគ្គលិកអ្នកតវ៉ាក៏បានលើកថា មិនចង់ដោយសារតែព្រឹត្តិការណ៍បែបនេះមួយ ក៏សម្រេចចិត្តចាកចេញនោះដែរ គឺគ្រាន់តែចង់ឱ្យក្រុមហ៊ុនសម្រួលដូចអ្វីដែលបានស្នើសុំ។ ពួគកគេគ្រោងនឹងធ្វើការតវ៉ានៅហ្គាងប៊ុក និងនៅហ្គាងណាមសេអ៊ូល នៅថ្ងៃទី៧ ទី៨ ខែតុលាខាងមុខនេះផងដែរ។ យា៉ងណាមិញ ជាការឆ្លើយតប ក្រុមហ៊ុន Starbuck កូរ៉េខាងត្បូងបាននិយាយថា សម្រាប់អត្រាប្រាក់ខែ ហាងរបស់ខ្លួនមានស្តង់ដារប្រាក់ខែខ្ពស់ជាងគេស្រាប់ទៅហើយ តែសម្រាប់ចំណុចផ្សេងៗទៀត ក្រុមអ្នកគ្រប់គ្រងនឹងពិនិត្យកែសម្រួលបន្ថែម។

Leave a Reply

Your email address will not be published. Required fields are marked *