គ្រោះថ្នាក់ចរាចរណ៍រន្ធត់! នៅអ៊ីនឆន់ យុវជនវ័យក្មេងម្នាក់បើកឡានស្ព័រទំនើបបោះពួយទៅបុករថយន្តមួយគ្រឿងទៀត ខ្ទេចសឹងទាំងស្រុង បង្កឱ្យបាត់បង់ជីវិតជនបរទេសម្នាក់

កូរ៉េខាងត្បូង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅអ៊ីនឆន់កាលពីកណ្តាលអាធ្រាត្រយប់មិញនេះ​ ដោយសារតែឡានស្ព័រទំនើបបើកបរដោយយុវជនវ័យក្មេងម្នាក់ ទៅបុកមួយទំហឹងពីក្រោយរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យខូចខាតសឹងទាំងស្រុង។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News នៅថ្ងៃទី៤ តុលា ២០២១នេះបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតំបន់យ៉ុងជុងដូ ក្រុងអ៊ីនឆន់ កាលពីវេលាម៉ោង១:៤០នាទីយប់មិញនេះ  ហើយក្នុងនោះដែរអ្នកបង្កហេតុដែលជាអ្នកបើកបររថយន្តស្ព័រទំនើបនោះទើបនឹងមានអាយុ២០ឆ្នាំប៉ុណ្ណោះ ខណៈបុរសជាជនបរទេសម្នាក់ទៀតអាយុ៣០ឆ្នាំនៅនឹងរថយន្តខាងមុខនោះ បានបាត់បង់ជីវិត ខណៈមានមនុស្សដល់ទៅជាង៦នាក់ទៀតបានរងរបួសក្នុងគ្រោះថ្នាក់ដ៏រន្ធត់នេះ។

បើតាមការរាយការណ៍បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់នេះ រថយន្តស្ព័រទំនើបនេះត្រូវបានខូចខាតស្ទើរមើលលែងយល់មិនស្គាល់តែម្តង ចំណែកឯរថយន្តមួយគ្រឿងទៀតដែលត្រូវរថយន្តស្ព័របោះពួយលឿនមកបុកនេះ ក៏មានការខូចខាតស្ទើរទាំងស្រុងផងដែរ។ ក្នុងករណីនេះ​ ប៉ូលិសបានរាយការណ៍មកថា យុវជនជាអ្នកបង្កថ្វីត្បិតតែនៅវ័យក្មេងតែមានប័ណ្ណបើកបរត្រឹមត្រូវ ហើយក៏មិនមានជាតិស្រវឹងផងដែរ តែយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងពិនិត្យស៊ើបអង្កេតបន្តថាតើជនបង្កមានពាក់ព័ន្ធនឹងបទល្មើសជិះហួសល្បឿនកំណត់ដែរឬយ៉ាងណានោះទេ។

សម្រាប់ករណីនេះ មានមតិពីអ្នកប្រើប្រាស់បណ្តាញសង្គមកូរ៉េជាច្រើនរិះគន់ចំពោះការអនុញ្ញាតឱ្យអ្នកបើកបររថយន្តស្ព័រទំនើបបែបនេះ មានវ័យក្មេងយ៉ាងដូច្នេះ ដែលអាចងាយស្រួលក្នុងការបង្កជាហានិភ័យយ៉ាងខ្លាំងនៅលើដងផ្លូវ ជាពិសេសគឺអាចគ្រោះថ្នាក់ដល់អ្នកដទៃនៅលើដងផ្លូវផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *