មិនឱ្យខានទេ! លោកជំទាវទូត និងក្រុមការងារឆ្លៀតបានថ្ងៃសម្រាក ទៅដល់គូមីចូលរួមបុណ្យភ្ជុំបិណ្ឌខ្មែរនៅកូរ៉េ និងបានសំណេះសំណាលនឹងបងប្អូនខ្មែរយើងដោយរីករាយ

កូរ៉េខាងត្បូង៖ លោកជំទាវទូតកម្ពុជា និងក្រុមគ្រួសារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមបុណ្យភ្ជុំបិណ្ឌនៅនឹងវត្តគូមី ប្រទេសកូរ៉េ មិនឱ្យដាច់នោះទេកម្មវិធីបុណ្យសាសនាប្រពៃណីខ្មែរយើង បើទោះជានៅក្រៅប្រទេសរាប់រយគីឡូមែ៉ត្រពីស្រុកកំណើតក៏ដោយ។

ចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកជំទាវទូត បានឱ្យដឹងថាកាលពីថ្ងៃទី៣ ខែតុលាម្សិលមិញនេះដែលជាថ្ងៃឈប់សម្រាក លោកជំទាវនិងក្រុមគ្រួសារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្តគូមី និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ព្រះតេជគុណពៅ សុភ័ក្រ។ ក្រៅពីការជួបជុំគ្នាជាមួយបងប្អូនសហគមន៍ខ្មែរដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌដោយទឹកចិត្តស្រស់ថ្លាហើយនោះ ក្នុងឱកាសថ្ងៃនោះដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរយើង ហើយក៏ពាំនាំពាក្យ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលរបស់យើងជូនចំពោះញាតិមិត្តជិតឆ្ងាយទាំងអស់ដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េក្នុងរដូវកាលភ្ជុំបិណ្ឌនេះ ហើយក៏សូមផ្តាំផ្ញើដល់បងប្អូនខ្មែរយើងទាំងអស់អោយចូលរួមថែរក្សាសុវត្ថិភាពក្នុងពេលធ្វើដំណើរ ជាពិសេសយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ នៅតែបន្តជាបញ្ហាដ៏គួរឲ្យបារម្ភខ្លាំងនៅកូរ៉េ។

ឆ្លៀតបន្ថែមទៀតនោះ លោកជំទាវទូត និងក្រុមការងារស្ថានទូតកម្ពុជាក៏បានជួបពិភាក្សាជាមួយអាជ្ញាធរ និងសមាគមសាសនានៅគ្រប់គ្រងក្នុងតំបន់គូមី ដើម្បីស្នើសុំការសហការដ៏ជិតស្និតក្នុងទិសដៅបំរើ និងគាំពារដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងតំបន់នេះ។

Leave a Reply

Your email address will not be published. Required fields are marked *