កុំចង់បន្លំឱ្យសោះ! អាជ្ញាធរកូរ៉េខាងត្បូងព្រមានជាមុនថា បន្តិចទៀតនេះអ្នកណាដែលបន្លំធ្វើ ឬប្រើប្រាស់ «កាតវ៉ាក់សាំងកូវីដ» ក្លែងក្លាយ នឹងអាចប្រឈមជាប់ឃុំឃាំងដល់ទៅ ..

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញការព្រមានចំពោះការរៀបចំធ្វើប័ណ្ណបញ្ជាក់ចាក់វ៉ាក់សាំងកូវីដក្លែងក្លាយ ដែលគេរំពឹងថានឹងកើតមានឡើងខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមនឹងប្រើប្រាស់ប័ណ្ណនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ពិសេសជូនអ្នកចាក់វ៉ាក់សាំងរួច ក្នុងគោលនយោបាយបន្ថយគម្លាតសង្គមវិញនាពេលខាងមុខនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញការព្រមានច្បាស់ៗថា អ្នកដែលបំពានក្នុងការធ្វើការបន្លំប័ណ្ណបញ្ជាក់ចាក់វ៉ាក់សាំងកូវីដនេះ នឹងអាចប្រឈមជាប់ឃុំឃាំងដល់ទៅ១០ឆ្នាំឯណោះ ប្រសិនបើមានករណីដែលអ្នកណាមួយដែលមិនទាន់ចាក់វ៉ាក់សាំង ហើយលួចប្រើប្រាស់ប័ណ្ណក្លែងក្លាយនេះ ដើម្បីទទួលយកអត្ថប្រយោជន៍សង្គមនានាដែលគេផ្តល់ជូនអ្នកចាក់វ៉ាក់សាំងរួចនោះ។

អត្ថប្រយោជន៍វ៉ាក់សាំងនេះ រួមមានដូចជាការទទួលបានសិទ្ធិបន្ធូរបន្ថយអនុវត្តគម្លាតសង្គម និងអត្ថប្រយោជន៍ដទៃទៀតជាច្រើនដែលរដ្ឋាភិបាលកូរ៉េរៀបចំដាក់ចេញ ក្នុងគោលបំណងដើម្បីសម្រួលកាត់បន្ថយការអនុវត្តគម្លាតសង្គមតឹងតែងពេកដែលប៉ះពាល់ដល់សង្គមសេដ្ឋកិច្ច ខណៈដែលដើម្បីលើកទឹកចិត្តផងដែរដល់អ្នកដែលបានចាក់វ៉ាក់សាំង ដើម្បីជំរុញឱ្យមានការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់ៗគ្នា។

ជាមួយនឹងអត្ថប្រយោជន៍ដែលគ្រោងនឹងផ្តល់ឱ្យនេះ អាជ្ញាធរគ្រោងនឹងធ្វើការចេញនូវ កាតវា៉ក់សាំង (Vaccine pass) សម្រាប់អ្នកចាក់វ៉ាក់សាំងរួច ដែលអាចនឹងប្រើប្រាស់កាតនេះដើម្បីចូលរួមកម្មវិធីសង្គមនានាបានច្រើនជាងអ្នកដែលមិនមានដូចជាការចូលរួមកម្មវិធីផ្សេងៗក្នុងទីតាំងអាគារ ការប្រើប្រាស់ទីតាំងសាធារណៈផ្សេងៗដូចជាមន្ទីរពេទ្យ មន្ទីរចាស់ជរា ទីតាំងកំសាន្ត រោងភាពយន្តជាដើម។

ដោយសារតែការមើលឃើញពីតម្រូវការសំខាន់នេះហើយ ទើបអាជ្ញាធរចាប់ផ្តើមបង្ហាញការបារម្ភពីការលួចបន្លំកាតវ៉ាក់សាំងនេះនាពេលខាងមុខពីសំណាក់ជនខិលខូច ដោយសារតែអ្នកដែលមិនបានចាក់វ៉ាក់សាំង មិនបានកាតវ៉ាក់សាំង ហើយក៏នឹងមិនអាចទទួលបានអត្ថប្រយោជន៍សង្គមនានាដូចទៅនឹងអ្នកដែលមានកាតដែរ ដូចជាការតម្រូវឱ្យបង្ហាញលទ្ធផលធ្វើតេស្តកូវីដម៉ាស៊ីនធំអវិជ្ជមានដើម្បីអាចចូលមណ្ឌលចាស់ជរា ឬទីតាំងនានាទៀត។ ដូចនេះប្រាកដណាស់ផ្លូវកាត់ដោយពួកខិលខូច ប្រាកដជានឹងកើតមានឡើង។

នៅក្នុងប្រទេស ប្រភេទកាតវ៉ាក់សាំងនេះមានដល់ទៅ៣ប្រភេទ គឺប្រភេទទី១ ជាក្រដាសបញ្ជាក់ ប្រភេទទី២ គឺជាកាតឌីជីថល និងប្រភេទទី៣ គឺជាស្ទីកឃ័រ។ ហើយក្នុងចំណោមប្រភេទទាំង៣នេះ កាតប្រភេទជាក្រដាសភាគច្រើនគឺត្រូវបានប្រើប្រាស់ដោយមនុស្សចាស់ ដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យា ហើយប្រភេទនេះដែរគឺជាប្រភេទដែលងាយស្រួលសម្រាប់ពួកខិលខូចធ្វើការបន្លំបាន។

ម្ចាស់ហាងម្នាក់បានសរសេររៀបរាប់ក្នុងទំព័រអ៊ីនធើណែតថា អតិថិជនគាត់ម្នាក់បានបង្ហាញកាតវ៉ាក់សាំងដែលបានថតជាប់ក្នុងទូរស័ព្ទទៀត ដើម្បីដើរចូលមកក្នុងហាងរបស់គាត់ ហើយគាត់ជាម្ចាស់ហាងខ្លួនឯងគឺមិនអាចកំណត់បាននោះឡើយថាកាតនោះជាកាតពិតប្រាកដ ឬយ៉ាងណា ដោយសារវាគ្រាន់ជារូបភាពដែលថតជាប់ក្នុងទូរស័ព្ទប៉ុណ្ណោះ។

មែនទែនទៅ ការប្រើប្រាស់កាតវ៉ាក់សាំងសម្រាប់អ្នកចាក់វ៉ាក់សាំងរួចអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗនេះ មិនមែនមានតែនៅប្រទេសកូរ៉េខាងត្បូងដែលប្រឈមនឹងការបន្លំ នៅប្រទេសនានាដូចជាប្រទេសអាមេរិកជាដើម ដែលមានប្រភពទីផ្សារងងឹងលួចលក់កាតវ៉ាក់សាំងក្លែងក្លាយទៅឱ្យអ្នកប្រើប្រាស់នៅអាមេរិកផងដែរ។

ចំពោះការបារម្ភនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលកូរ៉េបានលើកឡើងថារដ្ឋាភិបាលកូរ៉េនឹងធ្វើការពិនិត្យមើលថាគួរមានវិធានការបែបណាដើម្បីការពារពីស្ថានការណ៍បែបនេះ ការពារពីហានិភ័យនៃការបន្លំនេះនៅពេលខាងមុខ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *