ដំណឹងល្អណាស់! បងប្អូនពលករខ្មែរយើង ដែលបានចាក់វ៉ាកសាំងកូវីដនៅកូរ៉េរួច ពេលមកលេងខ្មែរហើយត្រឡប់មកកូរ៉េវិញ គឺមិនបាច់ធ្វើចត្តាឡីស័កទៀតទេ តែត្រូវមានឯកសារ ១ នេះជាប់ដៃ ..

កូរ៉េខាងត្បូង៖ ចាប់ពីពេលនេះទៅ បងប្អូនពលករ-ពលការិនីខ្មែរយើងនៅកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងកូវីដនៅស្រុកកូរ៉េខាងត្បូងរួចរាល់នោះ ពេលចេញចូលប្រទេសកូរ៉េខាងត្បូងនៅពេលខាងមុខនោះ មិនចាំបាច់តម្រូវឱ្យជាប់ចត្តាឡីស័ក១៤ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងទៀតនោះទេ បើតាមសេចក្តីជូនដំណឹងរបស់អង្គការ HRD Korea នៅកម្ពុជានៅថ្ងៃសុក្រម្សិលមិញនេះ។

ដំណឹងនេះត្រូវបានប្រកាសជូនដំណឹងដោយអង្គការអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដោយបានជម្រាបជូនថាចំពោះបងប្អូនពលករ-ពលការិនីដែលបានមកលេងស្រុកខ្មែរ ហើយត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញនោះ ប្រសិនបើបងប្អូនបានចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ គឺអាចត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ ដោយត្រូវបានលើកលែង មិនចាំបាច់មានការធ្វើចត្តាឡីស័កនៅប្រទេសកូរ៉េទៀតនោះទេ។

តាមសេចក្តីជូនដំណឹងនេះ គឺបញ្ជាក់ថាបង​ប្អូនពលករ-ពលការិនីខ្មែរយើងដែលបានចាក់វ៉ាក់សាំងរួចនៅកូរ៉េ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងតាមរយៈ (coov, Naver, KakaoTalk ប័ណ្ណចាក់វ៉ាក់សាំង) នៅនឹងព្រលានយន្តហោះ។ ដូចនេះសម្រាប់បងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវតែមកធ្វើលិខិតបញ្ជាក់ធ្វើចត្តាឡីស័កនៅក្នុងប្រទេសកូរ៉េដូចធម្មតានៅ HRD Korea។

ជាចំណុចសំខាន់ដែរនោះ ការចាក់វ៉ាក់សាំងរួចរាល់នៅក្នុងប្រទេសកម្ពុជា មិនត្រូវទទួលបានការលើកលែងចំពោះការធ្វើចត្តាឡីស័កនៅក្នុងប្រទេសកូរ៉េនៅឡើយទេ បើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះដដែល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខទូរស័ព្ទ៖ 023 997 822 / 023 997 844​ ឬតា​មរយៈទំព័រហ្វេសប៊ុក HRD Korea in Cambodia ។ សូមអរគុណ

Leave a Reply

Your email address will not be published.