សេអ៊ូល៖ កិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដា ២០២០ ខាងមុខនេះ ក្រោយពីភាគីខាងកូរ៉េ បានជូនដំណឹងអំពីការបញ្ចប់រួចរាល់នូវរាល់នីតិវិធីក្នុងស្រុក សម្រាប់ការចាប់ផ្តើមដំណើរការចរចានេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងធ្វើពិធីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ។
ការរៀបចំកិច្ចចរចានេះ ជាលទ្ធផលផ្លែផ្កានៃការអនុវត្តគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកូរ៉េ «New Southern Policy» រួមនឹងគោលនយោបាយពាណិជ្ជកម្មការទូតកម្ពុជា ក្នុងការចាប់យក និងពង្រីកទីផ្សាររបស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្តតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ ជាលទ្ធផលបឋម កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ។
ក្រុមការងារជំនាញនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយបានមើលឃើញថា ការធ្វើពាណិជ្ជកម្មសេរីនាំឱ្យមានប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោក ស៊ាង ថៃ តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ថា «ការពិភាក្សាហ្នឹងបានវាយតម្លៃថា បើយើងធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ យើងនឹងមានផលចំណេញទៅវិញទៅមក ព្រោះប្រទេសនីមួយៗមានសក្តានុពលរៀងៗខ្លួន ភាពខ្លាំងរៀងខ្លួន។ បើយើងធ្វើពាណិជ្ជកម្មសេរីជាមួយគ្នាភាពខ្លាំងរៀងខ្លួនហ្នឹងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ អ៊ីចឹងហើយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានកើនឡើងជាលំដាប់ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត ៩លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយបើធៀបនឹងឆ្នាំ២០១៨។ ជាមួយនឹងការសម្រេចនូវកិច្ចព្រមព្រៀងថ្មីនេះនាពេលអនាគតដ៏ខ្លីខាងមុខ កម្ពុជារំពឹងថានឹងអាចពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គិតមកដល់ត្រឹមឆ្នាំ ២០២០ នេះ កម្ពុជាមិនទាន់មានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទ្វេភាគី ជាមួយប្រទេសណាមួយនោះទេ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌជាសមាជិកអាស៊ានប៉ុណ្ណោះ។ កិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ រំពឹងថានឹងក្លាយជាសមិទ្ធផលថ្មីទី២ បន្ទាប់ពីកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បានបិទបញ្ចប់ ហើយរំពឹងថានឹងអាចនឹងឈានទៅដល់ការចុះហត្ថលេខានៅចុងឆ្នាំ២០២០។