ចែករំលែក! វិធានការគម្លាតសង្គម នឹងបន្ថែមរយៈពេល២សប្តាហ៍ទៀត ! សេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ បន្តស្ថិតក្រោមគម្លាតសង្គមកម្រិត៤ តែអាចមានការបន្ធូរបន្ថយចំពោះអ្នកចាក់វ៉ាក់សាំងរួច មួយចំនួន

កូរ៉េខាងត្បូង៖ វិធានការគម្លាតសង្គមបច្ចុប្បន្ននេះដែលមានកំពុងអនុវត្ត នឹងត្រូវបន្តពន្យារបន្ថែមរយៈពេល២សប្តាហ៍ទៀតទូទាំងប្រទេសកូរ៉េខាងត្បូងតែម្តង ខណៈដែលស្ថានការណ៍កូវីដនៅតែមិនមានភាពធូរស្រាល គិតមកដល់ព្រឹកថ្ងៃសុក្រនេះ បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ក្រោមផែនការគម្លាតសង្គមថ្មីដែលនឹងបន្តពន្យារបន្ថែមចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅនោះ ចាប់ពីថ្ងៃទី៤ ខែតុលា ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១ តំបន់ប្រជុំជនសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នឹងបន្តស្ថិតក្រោមគម្លាតសង្គមកម្រិត៤ដដែល ខណៈដែលតំបន់នានាទូទាំងប្រទេសកូរ៉េនឹងបន្តស្ថិតក្រោមគម្លាតសង្គមកម្រិត៣ដដែល បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េ គីម បូឃ្យ៉ុម (Kim Boo-kyum) នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទប់ស្កាត់កូវីដ-១៩។

ដូចនេះ តាមហាងកាហ្វេ និងភោជនីយដ្ឋានានា នៅទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជាប់គ្នាដែលស្ថិតក្រោមគម្លាតសង្គមកម្រិត៤ នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការដល់ម៉ោង១០យប់ ហើយការជួបជុំសង្គមបែបឯកជននឹងអាចរៀបចំឡើងបានដល់គ្នា៦នាក់ ចាប់ពីម៉ោង៦ល្ងាចឡើងទៅ ប្រសិនបើក្នុងចំណោមនោះមាន ៤នាក់បានចាក់វ៉ាក់សាំងរួចរាល់។

លោកនាយករដ្ឋមន្ត្រីបាននិយាយដែរ ចំពោះការរៀបការវិញ ការជប់លៀងបុណ្យខួបកំណើត និងទីតាំងហាតកីឡា នឹងមានការសម្រួលគោលការណ៍មួយចំនួន ជាពិសេសគឺចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចអនុញ្ញាតឱ្យចូលរួមបាន ខណៈកន្លងមកមានការរិះគន់ច្រើនចំពោះការហាមឃាត់តឹងរ៉ឹង។ វិធានការសម្រួលថ្មីនេះ នឹងត្រូវបង្ហាញឱ្យដឹងឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបុណ្យឈូសុកសប្តាហ៍មុនមក កូរ៉េខាងត្បូងបានឃើញមានករណីឆ្លងកូវីដច្រើនខ្លាំងមែនទែនចន្លោះពី ២ពាន់ទៅ៣ពាន់ករណីរៀងរាល់ថ្ងៃ ដែលជាចំណុចអាក្រក់បង្អស់ហើយនៃស្ថានការណ៍កូវីដ-១៩ រលកទី៤ថ្មីនេះ ហើយមែនទែនទៅករណីឆ្លងប្រចាំថ្ងៃបានកើនលើសពី១០០០ករណី នៅកូរ៉េខាងត្បូងរយៈពេល៨៦ថ្ងៃជាប់គ្នាហើយ។

ក្នុងនោះដែរ អាជ្ញាធរបានបង្ហាញការបារម្ភថ្មីចំពោះសប្តាហ៍ខាងមុខក្នុងខែតុលាដែលអាចនឹងមានថ្ងៃឈប់សម្រាកមួយចំនួនទៀត ដែលប្រាកដជានឹងអាចឱ្យមនុស្សមានសកម្មភាពដើរហើរជាថ្មីទៀត ដូចជាថ្ងៃបុណ្យកំណើតជាតិ (ថ្ងៃទី៣ តុលា) និងថ្ងៃបុណ្យភាសាជាតិ (ថ្ងៃទី៩ តុលា) ខាងមុខនេះដែលសុទ្ធតែចំថ្ងៃអាទិត្យ ដូចនេះនឹងមានថ្ងៃឈប់សងចំថ្ងៃចន្ទបន្ថែមទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *