កូរ៉េខាងត្បូង៖ គណៈកម្មការជាតិសិទ្ធមនុស្សកូរ៉េ បានដាក់សំណើដល់រដ្ឋាភិបាលកូរ៉េឱ្យជួយសម្រួលបង្កើនបរិយាកាសការងារសម្រាប់ពលករបរទេសធ្វើការក្នុងវិស័យនេសាទ នៅលើទូកនេសាទផ្ទាល់តែម្តង ដែលភាគច្រើនមែនទែនបានរងគ្រោះដោយសារការជិះជាន់ ធ្វើបាបខុសពីលក្ខខណ្ឌសិទ្ធមនុស្ស បរិយាកាសការងារមិនអំណោយផលជាដើមនោះ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា គណៈកម្មការជាតិសិទ្ធមនុស្សកូរ៉េ បានស្នើដល់ក្រសួងជំនាញគឺក្រសួងសមុទ្រ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឱ្យធ្វើការអនុវត្តវិធានការដើម្បីការពារពលករបរទេសធ្វើការលើទូកនេសាទ នៅក្នុងប្រទេសកូរ៉េ ឱ្យស្របទៅនឹងគោលការណ៍សិទ្ធមនុស្ស និងសិទ្ធការងារនានាចែងក្នុងច្បាប់ស្តីពីអ្នកធ្វើការតាមសមុទ្រ នៅកូរ៉េ។
នៅក្នុងប្រទេសកូរ៉េ ពលករបរទេសដែលត្រូវបានជួយឱ្យធ្វើការលើទូកនេសាទដែលមានទំងន់ពី២០តោនឡើងទៅ ទទួលបានសិទ្ធិការពារស្របច្បាប់ក្រោមច្បាប់ស្តីពីអ្នកធ្វើការតាមសមុទ្រនេះ ហើយអ្នកដែលធ្វើការងារលើទូកនេសាទទម្ងន់ក្រោម២០តោន ហើយចូលមកធ្វើការនៅកូរ៉េ តាមរយៈប្រព័ន្ធអនុគ្រោះការងារ (EPS) គឺស្ថិតក្រោមការការពារដោយក្រសួងការងារ និងពលកម្មកូរ៉េវិញ។
យ៉ាងណាមិញ បើតាមការធ្វើការតាមដានកន្លងមកកាលពីឆ្នាំ២០២០ គណៈកម្មការជាតិសិទ្ធមនុស្សកូរ៉េ បានរកឃើញថាមានកម្មករ និងពលករបរទេសច្រើនណាស់នៅលើទូកនេសាទ ជាប់ជំពាក់បំណុលយ៉ាងច្រើនក្នុងដំណាក់កាលជ្រើសរើសបុគ្គលិក ដោយសារពួកអ្នករត់ការនៅប្រទេសរបស់ពលករបរទេសទាំងនោះ តែងតែទាមទារប្រាក់សន្ធឹកសន្ធាប់ជាថ្នូលដើម្បីអាចរត់ការឯកសារនានា ឱ្យកម្មករ និងពលករទាំងនោះអាចមកធ្វើការនៅកូរ៉េបាន និងទទួលបានទិដ្ឋាការជាដើម។
បើតាមការផ្សាយពាណិជ្ជកម្មពីឈ្មួញកណ្តាលមួយនៅប្រទេសឥណ្ឌូនេស៊ី ពីការរត់ការមកធ្វើការនៅប្រទេសកូរ៉េ គឺទាមទារឱ្យអ្នកដែលចង់មកធ្វើការជាកម្មករនេសាទនៅកូរ៉េ ត្រូវបង់លុយមុនដល់ទៅជាង ១០លានវ៉ុន (ប្រមាណ ៨៤៤០ដុល្លារ) ឯណោះម្នាក់ៗ ហើយត្រូវដាក់ផ្ទះ និងដីរបស់ខ្លួននៅឥណ្ឌូនេស៊ី ទុកនៅនឹងក្រុមហ៊ុនជាការទុកកក់មុនផងដែរ។
របាយការណ៍ដដែលនេះបានរកឃើញដែរថា ភាគច្រើនកម្មករ ពលករបរទេដែលមកធ្វើការលើទូកនេសាទ ក្រោយពីត្រូវបានគេជ្រើសរើសមកហើយ គឺនឹងត្រូវបង្ខំឱ្យមកធ្វើការនៅលើទូក សឹងមិនមានម៉ោងកំណត់ ដោយសារនៅលើទូកគឺមិនមានការកំណត់ពីម៉ោងដែលតម្រូវឱ្យបុគ្គលិកធ្វើការត្រឹមត្រូវនោះទេ ដូចនេះមេនៅលើទូកជាទូទៅតែងប្រើកម្មករ ពលករបរទេសធ្វើការមិនគិតពីម៉ោងការងារនោះឡើយ។ លើសពីនោះទៀត លក្ខខណ្ឌការងារនៅលើទូកនេសាទមានភាពគ្រោះថ្នាក់ផងដែរ ហើយជារឿយៗកម្មករ និងពលករបរទេសធ្វើការលើទូក តែងត្រូវមេកើយជិះជាន់ ធ្វើបាប វាយដំទាំងពាក្យសម្តី ទាំងកាយវិការផ្ទាល់ ហើយក៏មានការមិនបង់ប្រាក់ខែ ឬបង់ប្រាក់ខែយឺតយ៉ាវ ការដកហូតឯកសារផ្លូវការនានារបស់កម្មករ ពលករបរទេសទុកផងដែរ។
ដូចនេះហើយ ទើបគណៈកម្មការជាតិសិទ្ធមនុស្សកូរ៉េស្នើសុំដល់ក្រសួងជំនាញ ដើម្បីធានាសិទ្ធិ និងការការពារសិទ្ធិនានារបស់ពលករ និងកម្មករបរទេសនៅក្រោមច្បាប់កូរ៉េដែលមានចែងស្រាប់ឱ្យបានត្រឹមត្រូវ ហើយក៏គួរឱ្យក្រុមការងាររដ្ឋាភិបាលមួយធ្វើការពិនិត្យឱ្យបានច្បាស់ទៅលើដំណើរការនីតិវិធីនៃការជ្រើសរើសកម្មករ ពលករបរទេសមកធ្វើការក្នុងវិស័យនេះផងដែរ។