ឃោរឃៅណាស់! អ្នកចំណាកស្រុកខុសច្បាប់ ជាតិម៉ារ៉ុក ១រូប ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍កូរ៉េ ចាប់ឃុំឃាំង ធ្វើទារុណកម្មចងដៃជើង ពាក់ប្រដាប់ការពារក្បាលដូចសត្វធាតុ គួរឱ្យសង្វេគមែនទែន

កូរ៉េខាងត្បូង៖ ក្រុមសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សការពារសិទ្ធជនចំណាកស្រុកបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញការភ្ញាក់ផ្អើល និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបំពានសិទ្ធមនុស្សយ៉ាងខ្លាំងមួយ ដែលបានធ្វើមកលើជនជាតិម៉ារ៉ុកម្នាក់នៅមណ្ឌលឃុំឃាំងជនចំនាកស្រុកនៅខេត្តឃ្យ៉ុងគី កូរ៉េខាងត្បូង ដែលគេថតបាន។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមតំណាងសិទ្ធមនុស្សនៅកូរ៉េខាងត្បូងជាពិសេសក្រុមតំណាងពលករបរទេស និងជនចំណាកស្រុកបរទេសនៅកូរ៉េ បានធ្វើសន្និសីទសារព័ត៌មាន នៅនឹងមុខគណៈកម្មការសិទ្ធមនុស្សកូរ៉េ ទាមទារឱ្យមានសកម្មភាពដោះលែងអ្នកទោសជាជនចំណាកស្រុកបរទេសម្នាក់ ដែលគេបានដឹងតាមរូបភាពថារងអំពើជិះជាន់បំពានលើសិទ្ធមនុស្សធ្ងន់ធ្ងរ នៅនឹងមណ្ឌលឃុំឃាំងជនចំណាកស្រុកមួយនៅតំបន់ហ្វាសុង ខេត្តឃ្យ៉ុងគី។

តាមព័ត៌មានដែលគេបានដឹងពីឃ្លីបវីដេអូមួយបានបង្ហាញបុរសជនជាតិម៉ារុ៉កម្នាក់អាយុជាង៣០ឆ្នាំ ដែលត្រូវបានជាប់ឃុំឃាំងនៅនឹងមណ្ឌលឃុំឃាំងនៅហ្វាសុង ខេត្តឃ្យ៉ុងគីដល់ទៅជាង៦ខែ ហើយនៅទីនោះមានការប្រព្រឹត្តអំពើដាក់ទោសអមនុស្សធម៌ជាច្រើន បើយោងតាមការលើកឡើងរបស់ក្រុមសិទ្ធមនុស្ស។

មន្ទីរឃុំឃាំងពលករចំណាកស្រុកនេះជាទីតាំងគ្រប់គ្រងដោយក្រសួងយុត្តិធម៌កូរ៉េ ដែលជាទូទៅជនបរទេសដែលខុសច្បាប់ត្រូវគេមកដាក់នៅក្នុងទីនោះ ដើម្បីរង់ចាំការធ្វើនិរទេសបញ្ជូនទៅស្រុកប្រទេសរបស់ខ្លួនវិញ។ មែនទែនទៅ ទីតាំងនេះគ្រាន់ជាទីតាំងសម្រាប់អ្នកស្នាក់នៅខុសច្បាប់នៅកូរ៉េដែលគេចាប់បាន ហើយដាក់ឱ្យស្នាក់នៅបណ្តោះអាសន្នមុននឹងបញ្ជូនទៅប្រទេសដើមវិញប៉ុណ្ណោះ។

ចំពោះករណីជនរងគ្រោះខាងលើនេះ បានចូលមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅ ក្នុងនាមជាអ្នកស្វែងរកសិទ្ធជ្រកកោន ហើយកាលពីខែមីនាឆ្នាំ២០២១នេះ ត្រូវបានអាជ្ញាធរកូរ៉េឃាត់ខ្លួនបានកាលពីខែមីនា ២០២១នេះ ក្រោយពីគាត់ត្រូវបានអាជ្ញាធរតម្រូវឱ្យធ្វើការនិរទេសទៅប្រទេសខ្លួនវិញ។

នៅក្នុងពេលដែលជនរងគ្រោះជាប់ឃុំឃាំង គាត់បានតវ៉ាថាស្ថានភាពទីតាំងដែលឃុំគាត់មានភាពអាក្រក់ ហើយគាត់ស្នើសុំឱ្យមានការពិនិត្យសុខភាព និងព្យាបាលអាការៈស្មារតី និងរបួសលើរាងកាយគាត់ផងដែរ តែមិនមានការអើពើពីអាជ្ញាធរកូរ៉េ។ ក្រោយពីមានការប៉ះពាល់ជម្លោះជាមួយមន្ត្រីសន្តិសុខ គាត់ត្រូវបានគេដាក់ឃុំឃាំងកាន់តែតឹងតែងជាប់តែម្តង។ គាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកម្នាក់ឯងដល់ទៅជាង១២ដង ហើយរយៈពេលជាង៦ខែនេះ សឹងតែ២ខែជាងសរុបដែលគាត់ត្រូវគេដាក់ឱ្យនៅក្នុងបន្ទប់ឃុំឃាំងត្រឹម១០ម៉ែត្រការ៉េប៉ុណ្ណោះ ហើយធា្លប់នៅម្តងដល់រយៈពេល១១ថ្ងៃជាប់គ្នាឯណោះ។

រូបភាពពីវីដេអូកាំមេរ៉ា ឃើញបុរសរូបនេះក្រាបចុះ ហើយដៃទាំងពីរ និងជើងជាប់ខ្សែចំណងមកខាងក្រោយ ធ្វើឱ្យគាត់មិនកម្រើកបាននៅក្នុងបន្ទប់ឃុំឃាំងនោះ ហើយក្បាលរបស់គាត់ត្រូវបានគេពាក់ឧបករណ៍ការពារមិនឱ្យខាំ និងមានបិទខ្សែរុំជាប់ក្បាលគាត់មិនអាចដោះបានទៀងផង ដែលមើលទៅជាសកម្មភាពហួសហេតុ និងអមនុស្សធម៌ខ្លាំងមែនទែនអនុវត្តមកលើជនបរទេស។

បើតាមការលើកឡើងរបស់ក្រុមសិទ្ធមនុស្ស គាត់ត្រូវបានគេចាប់ចងក្នុងកាយវិការបែបនេះមិនមែនតែម្តងទេ គឺច្រើនដងមកហើយ ហើយអាចមានចន្លោះពី២០នាទី ទៅដល់ ៤ម៉ោង និង២៤នាទីឯណោះ។ បុរសរងគ្រោះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាជ្ញាធរនៅទីនោះចាត់ទុកមកគាត់ដូចនឹងសត្វ ហើយគាត់ចងចាំបានអំពើអមនុស្សធម៌ទាំងអស់ដែលគេបានធ្វើមកលើគាត់»។

ក្រុមសិទ្ធមនុស្សមើលឃើញទង្វើនេះជាសកម្មភាពជ្រុលហួសហេតុ ជាទម្រង់នៃការធ្វើទារុណកម្ម ហើយប្រាកដណាស់ជាទង្វើបំពានសិទ្ធមនុស្សហើយ។ បើតាមច្បាប់ ការប្រើប្រាស់ឧបករណ៍សម្រាប់ការពារនៅនឹងទីតាំងឃុំឃាំងជនចំណាកស្រុកខុសច្បាប់នេះ មានដូចជាខ្សែពួរ ខ្នោះដៃ និងឧបករណ៍ផ្សេងៗទៀតដូចជាឧបករណ៍ពាក់ក្បាលការពារមិនឱ្យខាំនេះ គឺអាចប្រើប្រាស់បានតែក្នុងករណីដែលចាំបាច់បំផុត ដើម្បីបង្ការមិនឱ្យជនជាប់ឃុំឃាំង ព្យាយាមបញ្ចប់ជីវិត ឬធ្វើបាបខ្លួនឯងតាមទម្រង់ណាមួយប៉ុណ្ណោះ។

ដូចនេះ ចំពោះការចងដៃចងជើង ប្រើឧបករណ៍ទាំងនេះខុសពីគោលបំណងខាងលើ គឺជាទម្រង់នៃការធ្វើទារុណកម្មហើយ ហើយត្រូវមានកំណត់ហេតុ និងមានការពន្យល់ច្បាស់លាស់ក្នុងរបាយការណ៍បញ្ជាក់ពីសកម្មភាពទាំងនេះ។ តែជាក់ស្តែងនៅទីតាំងខាងលើ គេមិនមានកំណត់ហេតុរបាយការណ៍លម្អិតណាមួយពន្យល់ពីហេតុការណ៍ និងមូលហេតុដែលអាជ្ញាធរប្រើប្រាស់វិធីសាស្រ្តទាំងនេះលើជនជាប់ឃុំនោះឡើយ។

ក្នុងករណីនេះ គេគ្រោងនឹងដាក់ញ្ញត្តិដើម្បីស្នើសុំដោះលែងភ្លាមជនជាប់ឃុំឃាំងដែលរងគ្រោះនេះ និងក្រុមសិទ្ធមនុស្សក៏បានដាក់សំណើករណីនេះទៅកាន់ស្ថាប័នសិទ្ធមនុស្សធំៗរបស់អង្គការសហប្រជាជាតិផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *