អតីតមេយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង យឹម ស៊ីណន ស្នើសម្តេចតេជោ អន្តរាគមន៍ទៅសមត្ថកិច្ច ដកការចោទប្រកាន់ខ្លួន និងបក្ខពួក ដែលពាក់ព័ន្ធព្រឹត្តិការណ៍៩វិច្ឆិកា

កូរ៉េខាងត្បូង៖ លោក យឹម ស៊ីណន ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសរសេរលិខិតមួយគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា។

តាមរយៈលិខិតមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក យឹម ស៊ីណន បានបញ្ជាក់ដូច្នេះថា «សូមប្រណិបត្តិសម្តេចពីចម្ងាយ និងសូមសម្តែងនូវបេតិសោមនស្សក្រៃលែង ដែលបានឃើញសម្តេចស្នើឱ្យមានដកការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ គួរឱ្យកោតសរសើរ និងគោរពពីមតិជាតិ និង អន្តរជាតិ។ ក្នុងស្មារតីនេះ ខ្ញុំបាទ និងសហការី ដែលជាសមាជិកចលនាយុវជនចំនួនដប់រូបទៀត ក៏សូមសម្តេចមេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តា និងការអនុគ្រោះ»។

តាមការរៀបរាប់របស់សកម្មជនរូបនេះ គឺលោកបាទធ្លាប់ដឹកនាំការធ្វើបាតុកម្ម តស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ គោរពតាមរដ្ឋធម្មនុញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសាកល។ ប៉ុន្តែជាអកុសល ចលនាធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ បានបង្កឱ្យមានការជេរប្រមាថព្រះ មហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងទៅនឹងរដ្ឋាភិបាល។ល។ ដែលយុទ្ធនាការនេះ រូបលោក និងសហការីជិតស្និទ្ធទាំងនេះ មិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងប្រកាសប្រឆាំងយ៉ាងដាច់ អហង្កាទៀតផង។

«ដោយសារតែមូលហេតុនេះហើយ ទើបយើងខ្ញុំ ត្រូវបានបក្ខពួកជ្រុលនិយមក្នុងបក្សមួយចំនួននៃគណបក្សសង្គ្រោះជាតិ វាយប្រហារ លាបពណ៌មួលបង្កាច់គ្រប់រូបភាព ដល់យើងខ្ញុំ។ នេះជារឿងអយុត្តិធម៌មួយ ហើយជាអកុសលមួយ ទៀតនោះ គឺយុទ្ធនាការខាងលើនេះ បាននាំឱ្យមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ ដល់ពួកយើងខ្ញុំថាបានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ខ្លួនពីស្ថាប័នតុលាការទៀតផង»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ លោក យឹម ស៊ីណន។

ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយកំណត់ជាពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះ បណ្តាលឱ្យមានការចាប់ខ្លួនអ្នកចូលរួម និងអ្នកគាំទ្រមួយចំនួន។

ករណីកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

លោក សម រង្ស៉ី និងអតីតមេដឹកនាំ CNRP ទាំងនេះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕

ខ្លឹមសារទាំងស្រុងពី៖ សារព័ត៌មាន FreshNews

 

Leave a Reply

Your email address will not be published. Required fields are marked *