ប្រយ័ត្នទាំងអស់គ្នា! នៅកូរ៉េខាងត្បូងគ្រាន់តែសប្តាហ៍មុននេះ កូវីដបម្លែងខ្លួន «ដែលតា» រកឃើញដល់ទៅ ៣០០០+ករណី ភាគច្រើនជាងគេគឺចេញពីសេអ៊ូលតែម្តង

កូរ៉េខាងត្បូង៖ ត្រឹមតែមួយសប្តាហ៍មុននេះសោះ កូរ៉េខាងត្បូងរកឃើញវត្តមានកូវីដបម្លែងខ្លួនដល់ទៅជាង៣ពាន់ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុបដែលមានសឹងតែជាងពាន់ករណីរាល់ថ្ងៃមកនោះ នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាក្នុងសប្តាហ៍មុននេះ ករណីឆ្លងកូវីដបម្លែងខ្លួននៅក្នុងចំណោមកូវីដដែលបានរកឃើញវិជ្ជមានទាំងអស់ មានដល់ទៅ ៣,០៦៦ករណីឯណោះ ដែលក្នុងនោះមានកូវីដបម្លែងខ្លួនប្រភេទដែលតា ច្រើនជាងគេដល់ទៅ ៣,០៦០ករណីឯណោះ ខណៈដែលកូវីដបម្លែងខ្លួនប្រភេទដទៃទៀត​មានត្រឹមតែ៦ករណីប៉ុណ្ណោះ នេះបើតាមទិន្នន័យផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA)។

បើគិតពីតួលេខសរុបនៃករណីកូវីដបម្លែងខ្លួនវិញ គិតមកដល់បច្ចុប្បន្ននេះ មានដល់ទៅ ៣៣,០៥៣ករណីទៅហើយ ដែលក្នុងនោះកូវីដបម្លែងខ្លួនថ្មីប្រភេទ ដែលតា មានដល់ទៅ ២៩,៥៩៣ករណីផងដែរ ក្នុងចំណោមតួលេខឆ្លងកូវីដសរុបទូទាំងប្រទេសកូរ៉េដែលមានដល់ទៅ ២៦៣,៣៧៤ករណីហើយនោះ។

តួលេខនេះបង្ហាញថា ប្រភេទមេរោគកូវីដបម្លែងខ្លួនដែលតា កំពុងក្លាយខ្លួនជាកូវីដបម្លែងខ្លួនដែលឆ្លងខ្លាំងជាងគេហើយ និងក៏បង្ហាញថាអាជ្ញាធរសុខាភិបាលប្រាកដជាមានការលំបាកកាន់តែខ្លាំងក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដនេះដែរ ដោយសារតែឥទ្ធិពលនៃការឆ្លងកាន់តែខ្លាំងរបស់កូវីដបម្លែងខ្លួនដែលតានេះ ជាងកូវីដធម្មតាទូទៅ។

បើគិតតាមតំបន់វិញ គេឃើញថាភាគច្រើននៃករណីកូវីដបម្លែងខ្លួនដែលតា ដែលគេកំណត់រកឃើញ គឺមានប្រភពចេញពីការឆ្លងនៅតំបន់សេអ៊ូល និងតំបន់ប្រជុំជនធំៗក្បែរសេអ៊ូលនេះ​ឯង ខណៈតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េវិញ ក៏មានសញ្ញាបង្ហាញពីការកើនឡើងកាន់តែលឿននៃវត្តមានកូវីដនេះដែរ។

ក្នុងនោះដែរ សម្រាប់តួលេខនៃអ្នកដែលវិជ្ជមានកូវីដ ក្រោយពីចាក់វ៉ាក់សាំងរួចរាល់វិញនោះ ក៏មានការកើនឡើងច្រើនដែរ គឺស្របទៅនឹងការចាក់វ៉ាក់សាំងបានកាន់តែច្រើន រួមនឹងការរកឃើញវត្តមានកូវីដបម្លែងខ្លួននេះកាន់តែរីករាលដាលដែរនោះ។ ក្នុងចំណោមមនុស្សជាង ១៧.៧៥លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ គេឃើញថាតួលេខអ្នកដែលនៅតែឆ្លងកូវីដទៀតនោះ កើនដល់ ៧,៧៧២ករណីហើយ ក្បែរ ៨,០០០នាក់ហើយ។

បើគេគិតតាមក្រុមអាយុដែលឆ្លងកូវីដក្រោយចាក់វ៉ាក់សាំងរួចរាល់នេះវិញ ឃើញថាភាគច្រើនគឺអ្នកដែលមានអាយុ៣០ឆ្នាំជាងច្រើនជាងគេ គឺដល់ទៅ ០.១១១% ខណៈក្រុមមនុស្សវ័យចំណាស់វិញមានការថយចុះតិចទៅវិញ។ ហើយបើគិតតាមប្រភេទវ៉ាក់សាំងវិញ គឺឃើញថាវ៉ាក់សាំងកូវីដ១ដូសរបស់ Janssen មានអត្រាឆ្លងកូវីដដល់ទៅ ០.១៧២% ខ្ពស់ជាងគេ និងវ៉ាក់សាំង AstraZeneca មាន០.០៣១% និងវ៉ាក់សាំង Pfizer ០.០១៥%។

Leave a Reply

Your email address will not be published. Required fields are marked *