កូរ៉េខាងត្បូង៖ ផែនការថ្មីសម្រាប់ការចាក់វ៉ាក់សាំងក្នុងអំឡុងខែតុលា និងវិច្ឆិកាខាងមុខនេះត្រូវបានប្រកាសជាផ្លូវការហើយដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនេះ ហើយក្នុងនោះបានផ្តោតសំខាន់លើការចាក់វ៉ាក់សាំងជូនក្រុមអាទិភាពសំខាន់ចំនួន២។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថាកាលពីថ្ងៃចន្ទនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) បានប្រកាសអំពីការបញ្ចូលក្រុមអាទិភាពថ្មីចំនួន២ សម្រាប់ដំណើរការចាក់វ៉ាក់សាំងបន្ទាប់នាត្រីមាសទី៤ខាងមុខនេះ ដែលក្រុមអាទិភាពនេះមាន ក្រុមកុមារអាយុពី១២ ដល់១៧ឆ្នាំ និងក្រុមស្រ្តីមានផ្ទៃពោះ។
តាមរយៈផែនការចាក់វ៉ាក់សាំងថ្មីនេះ ចាប់ពីថ្ងៃទី១៨ ខែតុលាខាងមុខ យុវជនជំទង់អាយុពី១២ ដល់១៧ឆ្នាំ សំដៅដល់អ្នកកើតពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ នឹងអាចចាប់ផ្តើមទទួលបានវ៉ាក់សាំងកូវីដរបស់ Pfizer។ សម្រាប់ក្រុមអាយុ ១៦ ដល់១៧ឆ្នាំ នឹងចាប់ផ្តើមអាចចុះឈ្មោះកក់សម្រាប់វ៉ាក់សាំងបានពីថ្ងៃទី៥ តុលា ដល់ថ្ងៃទី២៩តុលា ខណៈដែលការចុះឈ្មោះសម្រាប់អ្នកដែលមានអាយុពី១២ ដល់១៥ឆ្នាំ នឹងអាចធ្វើបានពីថ្ងៃទី១៨ តុលា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ។
ក្នុងនោះដែរ រដ្ឋាភិបាលក៏គ្រោងនឹងចាក់វ៉ាក់សាំងជូនស្រ្តីមានផ្ទៃពោះចំនួនជាង១៣៦,០០០នាក់ផងដែរ ចាប់ពីខែតុលា ឆ្នាំ២០២១នេះទៅ។ ស្រ្តីមានផ្ទៃពោះនឹងអាចចាក់វ៉ាក់សាំងកូវីដរបស់ Moderna ឬរបស់ Pfizer។
សូមបញ្ជាក់ថា ចាប់តាំងពីកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូងចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែកុម្ភៈមកដល់ថ្ងៃអង្គារម្សិលមិញនេះ មានមនុស្សដល់ទៅ ៣៨.៥១លាននាក់ហើយ ឬប្រមាណលើស៧៥% បានចាក់វ៉ាក់សាំងកូវីដដូសទី១រួចរាល់ ខណៈដែល៤៦%នៃប្រជាជនទាំងអស់បានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង បើតាមទិន្នន័យផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។
តាមផែនការនៃការចាក់វ៉ាក់សាំងថ្មី គឺគេគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យឱ្យបានដល់ទៅ៨០% រួចរាល់ទាំងស្រុង និងចាក់ជូនប្រជាជនវ័យចំណាស់ឱ្យរួចរាល់បានដល់ ៩០% ត្រឹមចុងខែតុលានេះ។
ក្នុងនោះដែរ ដើម្បីជាការពន្លឿនដល់ដំណើរការចាក់វ៉ាក់សាំងនេះ អាជ្ញាធរសុខាភិបាលកូរ៉េបានសម្រេចបន្ថយរយៈពេលគម្លាតនៃការចាក់វ៉ាក់សាំងកូវីដដូសទី១ និងដូសទី២ផងដែរ។ កាលពីខែសីហាកន្លងទៅ វ៉ាក់សាំងបច្ចេកវិទ្យា mRNA ដែលមានដូចជា Pfizer និង Moderna មានរយៈពេលគម្លាតដល់ទៅ៦សប្តាហ៍ តែចាប់ពីខែតុលានេះទៅ វ៉ាក់សាំងនេះដូសទី២ នឹងអាចចាក់បានក្រោយគម្លាត ៤ ទៅ៥សប្តាហ៍ប៉ុណ្ណោះ។
ជាមួយគ្នាដែរ រដ្ឋាភិបាលបានដាក់ចេញការចាក់វ៉ាក់សាំងកូវីដដូសជំរុញចាប់ពីថ្ងៃទី២៥ ខែតុលា ២០២១ខាងមុខនេះដែរ ដោយចាប់ផ្តើមមុនគេពីក្រុមមនុស្សដែលមានហានិភ័យខ្ពស់ជាងគេ គឺក្រុមមនុស្សវ័យចំណាស់អាយុ៦០ឆ្នាំឡើង និងមន្ត្រីសុខាភិបាលជួរមុខដែលព្យាបាលជំងឺកូវីដ។ ក្រុមអាទិភាពមុនគេនេះ នឹងអាចចាប់ផ្តើមចុះឈ្មោះចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញចាប់ពីថ្ងៃទី ៥ ខែតុលាខាងមុខនេះ។
អាជ្ញាធរក៏បានប្រកាសដែរថា ចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំការពាររាងកាយនៅខ្សោយក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ អាចធ្វើការទទួលបានវ៉ាក់សាំងដូសជម្រុញនេះ គឺរយៈពេលក្រោយ២ខែ ពីវ៉ាក់សាំងដូសចុងក្រោយរបស់ខ្លួនដែលបានចាក់។
ជាវិធានការថ្មីមួយទៀត គឺរដ្ឋាភិបាលកូរ៉េបានគ្រោងនឹងរៀបចំដាក់ចេញផែនការថ្មី «រស់នៅជាមួយនឹងកូវីដ»ផងដែរ ដែលនៅអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ ជំងឺកូវីដនឹងត្រូវចាត់ទុកដូចទៅនឹងជំងឹផ្តាសាយតាមរដូវធម្មតាវិញ ហើយដែលការធ្វើបែបនេះអាចទៅរួច គឺអាស្រ័យទៅនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងនេះឯង។