អបអរសាទរ និងចែកគ្នាដឹងផង! នៅកូរ៉េខាងត្បូង ការកែច្បាប់ការពារសិទ្ធិសត្វនឹងត្រូវដាក់ដល់សភាហើយ!! ពេលអនុម័តហើយ សត្វនៅកូរ៉េខាងត្បូងនឹងមានសិទ្ធ ១ នេះដូចមនុស្សយើងដែរ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចឯកភាពលើវិសោធនកម្មច្បាប់ស៊ីវិល ដែលក្រោមការផ្លាស់ប្តូរនេះ នឹងផ្តល់សិទ្ធស្របច្បាប់ចំពោះសត្វនានាឱ្យបានដូចទៅនឹងបុគ្គលមានជីវិតម្នាក់ផងដែរ ជាការបោះជំហានថ្មីឈានទៅរកការពារសិទ្ធិសត្វនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាអង់គ្លេសបានឱ្យដឹងថា ការធ្វើវិសោធនកម្មថ្មីនេះត្រូវបានរៀបចំស្នើឡើងដោយក្រសួងយុត្តិធម៌កូរ៉េខាងត្បូងកាលពីខែកក្កដាកន្លងទៅ ដោយស្នើបន្ថែមខ្លឹមសារថ្មីដែលកំណត់ថា «សត្វមិនមែនជាវត្ថុ» ទៅក្នុងមាត្រា៨២ នៃច្បាប់ស៊ីវិលរបស់កូរ៉េខាងត្បូង។

ក្រោមការស្នើវិសោធនកម្មច្បាប់ថ្មីនេះ មានន័យថាសត្វទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង តាមគោលការណ៍ច្បាប់ ត្រូវបានកំណត់ឱ្យមានសិទ្ធរស់រានមានជីវិតដូចទៅនឹងមនុស្សដែរហើយ។ មែនទែនទៅកាលពីមុនមក សត្វជាទូទៅក្រោមច្បាប់កូរ៉េ ត្រូវបានចាត់ទុកថាជា «វត្ថុ»​ តែប៉ុណ្ណោះដែលមិនខុសពីឧបករណ៍​ សម្ភារៈ ទ្រព្យសម្បត្តិគ្មានជាវត្ថុដទៃទៀតនោះឡើយ។ ដូចនេះហើយ កាលពីមុនដែលគេតែងឃើញករណីធ្វើបាប វាយដំលើសត្វចិញ្ចឹមរហូតដល់ងាប់ផងក៏មាននោះ គឺអ្នកបង្ក ប្រសិនបើមានទោស គឺមានទោសត្រឹមតែជាការបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះ។

ការធ្វើវិសោធនកម្មនេះគឺស្នើឡើងក្រោយពីគេសន្និដ្ឋានថាមានកង់សង់ស៊ីសក្នុងសង្គមកូរ៉េទាំងមូល ថាត្រូវតែមានការផ្តល់សិទ្ធការពារចំពោះសត្វផងដែរ ដោយសារតែការចិញ្ចឹមសត្វ និងការស្រឡាញ់សត្វកើនឡើងកាន់តែច្រើនក្នុងសង្គមប្រទេសកូរ៉េខាងត្បូង ហើយសិទ្ធិរបស់សត្វដែលទទួលបាននេះគឺសំដៅសិទ្ធិរស់រានមានជីវិត ចាកផុតពីការបំពានជីវិតពីអ្នកដទៃនេះឯង។

សេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅរដ្ឋសភាជាតិកូរ៉េ នៅថ្ងៃសុក្រនេះដើម្បីធ្វើការបោះឆ្នោតសម្រេចអនុម័ត។ ក្រសួងរំពឹងថាច្បាប់ដែលពាក់ព័ន្ធនានា ដើម្បីអាចដាក់ទោសធ្ងន់ធ្ងរលើអ្នកដែលធ្វើបាបសត្វ នឹងអាចមានរៀបចំជាបន្តបន្ទាប់ ក្រោយពីការធ្វើវិសោធនកម្មនេះបានចូលជាធរមាននាពេលខាងមុខ។

សូមបញ្ជាក់ថា កន្លងមកតែងមានជាញឹកញយករណីម្ចាស់អ្នកចិញ្ចឹមសត្វវាយធ្វើបាបសត្វ រហូតដល់ងាប់បាត់បង់ជីវិតក៏មាន ករណីមនុស្សវាយធ្វើបាបសត្វរស់នៅតាមចិញ្ចើមផ្លូវដល់របួសធ្ងន់ ដល់ងាប់ក៏មាន នៅក្នុងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *