ល្អណាស់ ជាពិសេសពលករធ្វើការងារហានិភ័យខ្ពស់! រដ្ឋាភិបាលកូរ៉េអនុម័តក្រឹត្យថ្មី ដាក់ទោសថៅកែ និងអ្នកពាក់ព័ន្ធបង្កឱ្យមានគ្រោះថា្នក់ការងារធ្ងន់ធ្ងរ អាចជាប់គុក និងសងលុយដល់ទៅ ..

កូរ៉េខាងត្បូង៖ ក្រឹត្យសម្រាប់អនុវត្តច្បាប់គ្រោះថា្នក់ការងារនៅកូរ៉េខាងត្បូង ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារម្សិលមិញនេះ បើទោះជាមានការមិនពេញចិត្ត និងការរិះគន់តវ៉ាពីសំណាក់ក្រុមតំណាងថៅកែ និងក្រុមតំណាងកម្មករក៏ដោយ។

ក្រឹត្យរដ្ឋាភិបាលគឺត្រូវបានអនុម័ត ដើម្បីអនុវត្តច្បាប់ដែលទើបនឹងបានអនុម័តថ្មីចុងក្រោយនេះ ទាក់ទងនឹងការកំណត់ទោសលើក្រុមថៅកែ និងប្រធានក្រុមហ៊ុនដែលមានបង្កគ្រោះថ្នាក់ការងារ នៅនឹងទីតាំងការងារដែលមានស្ថានភាពធ្ងន់ធ្ងរ។

ច្បាប់ថ្មីនេះបានអនុម័តក្នុងរដ្ឋសភាជាតិកូរ៉េកាលពីខែមករាកន្លងទៅ ហើយគ្រោងនឹងចូលជាធរមាននៅខែមករាខាងមុខនេះ ដែលក្នុងនោះថៅកែក្រុមហ៊ុន និងម្ចាស់នាយកប្រតិបត្តិក្រុមហ៊ុននឹងអាចប្រឈមការជាប់ទោសដល់ទៅ១ឆ្នាំតិចបំផុត ហើយអាចមានការពិន័យរហូតដល់ជាង១ពាន់លានវ៉ុន (ប្រមាណ៨៥ម៉ឺនដុល្លារ) ក្នុងករណីដែលគ្រោះថ្នាក់ការងារបណ្តាលឱ្យមានការបាត់បង់ជីវិត ដែលជាកំហុសមកពីកង្វះខាងវិធានការសុវត្ថិភាពនៅទីតាំងការងារ។

ដូចនេះ ដើម្បីឱ្យច្បាប់ដែលអនុម័តនេះអាចយកមកអនុវត្ត ជាមួយនឹងវិធានការដាក់ទោសឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបង្កើតក្រឹត្យដោយឡែកមួយទៀត ដែលរដ្ឋាភិបាលកូរ៉េបានបង្កើតឡើងនេះ ដោយរៀបរាប់លម្អិតពីវិធានការទោសដែលត្រូវអនុវត្ត និងប្រភេទកំហុសនានាដែលត្រូវចាត់ចូលជាគ្រោះថ្នាក់ការងារនេះ។

នៅក្នុងក្រឹត្យនេះ បានកំណត់ប្រភេទជំងឺដែលពាក់ព័ន្ធនឹងការងារដល់ទៅ២៤ប្រភេទជំងឺ រួមមានទាំងករណីដូចជាការពុលអាស៊ីតធ្ងន់ធ្ងរជាដើម។ តែយ៉ាងណាប្រភេទជំងឺពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារនេះ មិនរាប់បញ្ចូលជំងឺខួរក្បាល និងជំងឺស្ទះសរសៃឈាមនោះទេ បង្កជាតវ៉ាមិនពេញចិត្តពីសំណាក់ក្រុមតំណាងកម្មករ ដោយក្រុមនេះលើកឡើងពីការជាប់ពាក់ព័ន្ធគ្នារវាងការធ្វើការលើសកម្លាំង និងប្រភេទជំងឺនេះ។

ក្រឹត្យនេះក៏បានរៀបរាប់លម្អិតពីទំនួលខុសត្រូវរបស់ប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុន ក្នុងការរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់គ្រងសុវត្ថិភាព និងសុខភាព ការរៀបចំឱ្យមានការកែលម្អចំណុចគ្រោះថា្នក់ជាហានិភ័យនៃទីតាំងការងារ ការរៀបចំឱ្យមានមន្ត្រីទទួលបន្ទុកលើ និងកញ្ចប់ថវិការសម្រាប់ចំណាយលើកិច្ចការសុវត្ថិភាពនៅនឹងទីតាំងការងារជាដើមផងដែរ។

លើសពីនោះទៀត ក្រឹត្យនេះក៏បានកំណត់ច្បាស់ឱ្យប្រធានក្រុមហ៊ុន រោងចក្រត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់លក្ខខណ្ឌហានិភ័យនៃការងារ និងដំណើរការដោះស្រាយឆ្លើយតបទៅនឹងហានិភ័យទាំងនោះឱ្យបានយ៉ាងហោចម្តងក្នុងរយៈពេលរៀងរាល់៦ខែផងដែរ។

នៅក្នុងឱកាសកិច្ចប្រជុំពិនិត្យ និងអនុម័តលើខ្លឹមសារក្រឹត្យនេះ លោកប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន ក៏បានណែនាឱ្យមន្ត្រីជំនាញធ្វើការអនុវត្តច្បាប់នេះ ឱ្យបានម៉ឹងម៉ាត់ស្របទៅនឹងស្មារតីរដ្ឋធម្មនុញ្ញកូរ៉េ ក្នុងការការពារសុវត្ថិភាពប្រជាជនគ្រប់ៗរូប។

សូមបញ្ជាក់ថា ក្រឹត្យនេះយ៉ាងណាមិញ ក៏មានការរិះគន់មួយចំនួនទាំងពីក្រុមតំណាងម្ចាស់រោងចក្រ និងពីតំណាងក្រុមកម្មករផងដែរ ដោយក្រុមតំណាងកម្មករបានលើកឡើងទាំងខឹងសម្បារថាក្រឹត្យថ្មីនេះបានរៀបចំឡើងដោយមិនបានខ្វល់ខ្វាយចំនុចជាច្រើនដែលក្រុមខ្លួនបានលើកឡើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *