ត្រៀមទៅ! «ការរស់នៅជាមួយកូវីដ» យ៉ាងយូរត្រឹមដើមខែវិច្ឆិកា កូរ៉េខាងត្បូងនឹងចាប់អនុវត្តហើយ!! កូវីដនឹងត្រូវចាត់ទុកត្រឹមដូចផ្តាសាយធម្មតា ហើយវិធានការគម្លាតសង្គមក៏នឹង ..

កូរ៉េខាងត្បូង៖ ដំណើរការមកកាន់ប្រក្រតីភាពនៃជីវិតប្រចាំថ្ងៃថ្មីនៅកូរ៉េខាងត្បូង អាចនឹងចាប់ផ្តើមឡើងវិញហើយនាពេលខាងមុខឆាប់ៗ អាចក្នុងអំឡុងចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះហើយ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការ «រស់នៅជាមួយកូរ៉ូណា» ដែលគេនឹងចាត់ទុកជំងឺកូវីដ-១៩នេះដូចទៅនឹងជំងឺផ្តាសាយតាមរដូវកាលធម្មតាវិញ ហើយការអនុវត្តគម្លាតសង្គមក៏នឹងត្រូវកាត់បន្ថយវិញផងដែរ។

តាមរយៈផែនការថ្មីនេះ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាកាលពីថ្ងៃអង្គារម្សិលមិញថា «ដំណើរការអន្តរកាលឈានទៅរកផែនការថ្មីនេះ ទំនងនឹងអាចចាប់ផ្តើមនៅចុងខែតុលាខាងមុខ ដែលនៅពេលនោះគេរំពឹងថាមនុស្សពេញវ័យដល់ទៅ៨០% នឹងទទួលបានការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង។»

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថារយៈពេលអន្តរកាលនេះអាចនឹងពន្យារដល់២សប្តាហ៍ ដល់ដើមខែវិច្ឆិកាវិញដែរ ដោយសារក្រោយពីប្រជាជនពេញវ័យ៨០% បានចាក់វ៉ាក់សាំងរួចរាល់ត្រឹមចុងខែតុលានោះ គេត្រូវការរយៈពេល២សប្តាហ៍ទៀត ដើម្បីឱ្យវ៉ាក់សាំងចាប់ផ្តើមបញ្ចេញប្រសិទ្ធភាពពេញលេញនោះ។

ផែនការថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលគ្រោងដាក់ចេញ ដូចគ្នាទៅនឹងវិធានការដែលបានអនុវត្តនៅក្នុងប្រទេសមួយចំនួនផងដែរ ដូចជានៅប្រទេសសាំងហ្គាពួរ «ប្រក្រតីភាពថ្មី» ដោយសារតែរដ្ឋាភិបាលសាំងហ្គាពួរជឿថាមិនអាចទៅរួចនោះទេដែលជំងឺកូវីដ-១៩ នឹងរលាយបាត់ទាំងស្រុងនោះ ហើយក៏មិនស្រួលនោះដែរក្នុងការទប់ស្កាត់ការចម្លងឱ្យមកនៅដល់សូន្យករណីវិញ។

ក្រោមផែនការថ្មីនេះ នឹងមិនមានគោលការណ៍តម្រូវឱ្យធ្វើចត្តាឡីស័កធំដំដូចមុន និងកាត់បន្ថយការតាមដានប្រភពចម្លងកូវីដផងដែរ។ ក្នុងនោះដែរ អ្នកជំងឺកូវីដដែលរកឃើញថាវិជ្ជមាន នឹងអាចដាក់ឱ្យព្យាបាលនៅផ្ទះដោយសារតែអាការៈជំងឺអាចនឹងធូរស្រាលច្រើន ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីសុខាភិបាលក៏បានលើកឡើងថា ការធ្វើចត្តាឡីស័កទូទៅក៏នៅតែត្រូវបន្តអនុវត្តផងដែរ ដោយសារតែមិនងាយនោះទេប្រសិនបើមន្ទីរពេទ្យត្រូវទទួលអ្នកជំងឺកូវីដមួយថ្ងៃពី៤០០០ ទៅ១០០០០នាក់នោះ ក្នុងស្ថានការណ៍ថ្មីបែបនេះ។ ក្នុងនោះដែរ វិធានការគម្លាតសង្គមទូទៅមួយចំនួនដូចជាការពាក់ម៉ាស់នៅទីសាធារណៈ នឹងមិនត្រូវលុបចោលនោះដែរ។

សូមបញ្ជាក់ថា  គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងត្បូងមានអ្នកចាក់វ៉ាក់សាំងបានដូសទី១យ៉ាងតិច ដល់ទៅ៣៨.៥១លាននាក់ ហើយមនុស្ស២៣.៩៥លាននាក់ បានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ទាំងស្រុងផងដែរ ប្រមាណដល់ទៅ៤៦.៦%។ គោលដៅបន្ទាប់នៃការចាក់វ៉ាក់សាំងគឺសម្រេចចាក់វ៉ាក់សាំងកូវីដរួចរាល់ជូនប្រជាជនឱ្យបានដល់ទៅ ៧០% ត្រឹមចុងខែតុលាខាងមុខនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *