កូរ៉េខាងត្បូង៖ ករណីហួសចិត្តមួយត្រូវបានបង្ហោះចែករំលែកលើបណ្តាញសង្គមនៅកូរ៉េខាងត្បូង ពីករណីបុរសចំណាស់ម្នាក់ធ្វើរឿងមិនសមរម្យគួរឱ្យខ្ពើម នៅនឹងលើឡានក្រុងសាធារណៈហើយចេញទៅបាត់ធ្វើព្រងើយមិនខ្វល់ ទុកឱ្យតៃកុងឡានក្រុងត្រូវដោះស្រាយឱ្យទៀត ដែលការបង្ហោះនេះត្រូវបានសាធារណជនកូរ៉េបង្ហាញកំហឹងយ៉ាងខ្លាំង និងហួសចិត្តមិនគួរឱ្យជឿ។
ចុះផ្សាយក្នុងសារព័ត៌មាន Naver News បានឱ្យដឹងថានៅលើបណ្តាញសង្គម 보배드림 របស់កូរ៉េខាងត្បូង មានបុរសម្នាក់ដែលជាអ្នកបើកបរឡានក្រុងបានបង្ហោះកាលពីថ្ងៃទី២៦ កញ្ញាម្សិលមិញនេះ ជាមួយអារម្មណ៍ខឹង និងហួសចិត្តនូវអត្ថបទមួយដែលមានចំណងជើងថា «បុរសវ័យចំណាស់ម្នាក់ មកជិះឡានក្រុងហើយបន្ទោរបង់ឈុតធំលើឡានទៀត»។ អត្ថបទនេះគ្រាន់តែបង្ហោះភ្លាម ជាមួយនឹងអត្ថបទរៀបរាប់ពីស្ថានការណ៍នោះ ជាមួយនឹងរូបភាពរបស់បុរសដែលប្រព្រឹត្តបែបនេះ ជាប់ក្នុងវីដេអូកាំមេរ៉ាឡានក្រុង និងរូបភាពដុំពិសេសដែលគាត់បន្សល់ទុកលើឡានក្រុងនោះ ឱ្យអ្នកបើកឡានត្រូវកើបចេញ និងសម្អាតឱ្យគាត់ថែមទៀត។
បុរសជាអ្នកបើកបរឡានក្រុងបានសរសេររៀបរាប់ថា «ដល់ឥឡូវនេះហើយ នៅមានប្រភេទមនុស្សចឹងនៅឡើយទៀត។ ខ្ញុំគិតថាមនុស្សរបៀបដែលអាចធ្វើរឿងចឹងៗធ្លាប់លឺតែតាមរៀមច្បងអ្នកបើកឡានចាស់ៗពីមុនមក តែឥឡូវនេះខ្ញុំខ្លួនឯងមកជួបផ្ទាល់តែម្តង»។ តាមការរៀបរាប់បានឱ្យដឹងថា ករណីនេះកើតឡើងកាលពីអំឡុងពេលម៉ោង១១ព្រឹក ថ្ងៃទី២៤ កញ្ញាកន្លងមកនេះ។ បុរសជាអ្នកបើកឡានបន្ថែមទៀតថា ឡានក្រុងរបស់គាត់ធ្វើដំណើរពីស៊ូវ៉ុន មកសេអ៊ូល ហើយគាត់ហួសចិត្តខ្លាំងមែនទែន និងឆ្ងល់ថាបុរសអ្នកធ្វើរឿងបែបនេះ បើប្រញា៉ប់ឈឺខ្លាំង ហេតុអ្វីមិនព្រមប្រាប់គាត់បន្តិចទៅ គាត់នឹងឈប់ឡានតាមផ្លូវឱ្យគាត់បានចូលបន្ទប់ទឹកបាត់ទៅហើយ។
គាត់និយាយទៀតថា បុរសចំណាស់អាយុជាង៦០ឆ្នាំហើយ តែហេតុអីធ្វើបែបនេះទៀត ឡានក្រុងមិនមែនជាបង្គន់នោះទេ។ គាត់សរសេរទៀតដោយខឹងសម្បារថា កន្លងមកធ្លាប់ឃើញអស់ហើយករណីដែលមានអ្នកចោលសម្រាម ឬក្អួតពេលស្រវឹងនៅលើឡាន តែករណីនេះគឺខុសគេ និងពិសេសតែម្តងមិនគួរឱ្យជឿទាល់តែសោះ។ គាត់ថា លុយថ្លៃសំបុត្រ២៨០០វ៉ុននេះ មិនរាប់បញ្ចូលទាំងសេវាកម្មកើប និងជូនសម្អាតកាកសំណល់របស់គាត់បែបនេះឡើយ។ ដោយសារតែដុំលាមកដែលគាត់ទុកចោលនៅលើឡាននេះ អ្នកបើកបរឡាននេះត្រូវហូបបាយទឹកមិនចូលដល់ទៅ២ថ្ងៃជាប់គ្នាហើយ ហើយបើទោះថ្ងៃនេះគាត់បើកឡានផ្សេងក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ឈឺក្បាលដោយសារករណីនេះដែរ។
ករណីនេះហួសចិត្តមែនទែន មានការបញ្ចេញមតិជាច្រើនរិះគន់សកម្មភាពបែបនេះនៅលើឡានក្រុង ជាពិសេសគឺអ្នកប្រព្រឹត្តបែបនេះជាមនុស្សចាស់ទៀត។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងថា «បើជ្រុលជាចាស់ដល់ប៉ុននេះហើយ សូមឱ្យធ្វើជាមនុស្សចាស់ឱ្យមានសុជីវធម៌ផងទៅ» អ្នកខ្លះទៀតបញ្ចេញមតិថា «សង្ឃឹមថាអ្នកដែលធ្វើបែបនេះមិនមែនជាជនជាតិកូរ៉េចុះ» ហើយមានអ្នកបញ្ចេញមតិថា «តើគេអាចតាមដានស្វែងរកអ្នកប្រព្រឹត្តិបែបនេះដើម្បីឱ្យមកទទួលកំហុសបានដែរឬទេ?»