ប្រយ័ត្នផងពេលទៅផ្សារ! ផ្ទុះករណីកូវីដឆ្លង ដល់ជាង៧០០នាក់ហើយ នៅផ្សារត្រីមួយនៅសេអ៊ូល ខណៈតួលេខនឹងអាចកើនច្រើនទៀត ពេលតេស្តកូវីដលើអ្នកមកពីឈូសុកវិញនោះ ..

កូរ៉េខាងត្បូង៖ ខណៈដែលបុណ្យឈូសុកហើយ គេឃើញមានករណីផ្ទុះកូវីដឡើងកាន់តែច្រើនដល់ជាង៣០០០ករណីនោះ ទីតាំងផ្សារត្រីបោះដុំមួយកន្លែងនេះនៅសេអ៊ូល ក៏រកឃើញករ​ណីឆ្លងពាក់ព័ន្ធមិនតិចដែរ កើនសរុបដល់ជាង ៧០០ករណីហើយ ដោយសារតែសកម្មភាពមនុស្សឡើងចុះច្រើនខ្លាំងជាពិសេសមុន និងអំឡុងបុណ្យឈូសុកកាលពីសប្តាហ៍មុននោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េខាងត្បូង។

ទីផ្សារដែលក្លាយជាចំណុចក្តៅផ្ទុះឆ្លងកូវីដបន្តបន្ទាប់នេះ គឺនៅទីតាំងផ្សារត្រីបោះដុំ ហ្គារ៉ាក់ នៅនឹងសង្កាត់សុងផា ក្រុងសេអ៊ូលតែម្តង។ ក្នុងខណៈដែលករណីផ្ទុះឆ្លងកូវីដរកឃើញច្រើនក្រោយពីបុណ្យឈូសុក ក្រុងសេអ៊ូលក៏មានតួលេខកើនឡើងខ្លាំង ហើយទីតាំងផ្សារត្រីធំនេះនៅក្នុងក្រុងសេអ៊ូល ក៏រកឃើញករណីឆ្លងថ្មីពាក់ព័ន្ធជាបន្ត​បន្ទាប់ផងដែរ។

តាមការរាយការណ៍បានឱ្យដឹងថា នៅនឹងមុខផ្សារត្រីនេះមានទីតាំងរៀបចំតេស្តកូវីដមួយ ដែលនៅទីនោះអ្នកនៅក្នុងផ្សារ អ្នកចូលផ្សារអាចធ្វើតេស្តកូវីដបានពីម៉ោង៨ព្រឹកទៅ មុននឹងអាចចូលទៅក្នុងផ្សារបំពេញអាជីវកម្មលក់ដូរនានា។ មែនទែនទៅ ទីតាំងធ្វើតេស្តកូវីដនៅនឹងផ្សារត្រីនេះ ត្រូវបានរៀបចំតម្លើងតាំងពីដើមខែកញ្ញាមកម្លេះ ក្រោយពីកាលពីចុងខែសីហាកន្លងទៅ គេរកឃើញករណីវិជ្ជមានមួយក្នុងចំណោមអ្នកលក់ដូរក្នុងផ្សារនេះ ដែលនាំឱ្យមានការឆ្លងរាលដាលបន្តបន្ទាប់ដល់អ្នកដទៃទៀត។

គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ២០២១នេះ គេរកឃើញករណីឆ្លងកូវីដពាក់ព័ន្ធអ្នកនៅក្នុងផ្សារនេះកើនដល់ ៦៩៧នាក់ហើយ ដែលក្នុងនោះមាន៥៨៤នាក់ជាអ្នកលក់ដូរ អ្នកធ្វើការនៅក្នុងផ្សារនោះ ១០២នាក់ជាក្រុមគ្រួសារ និងអ្នកស្គាល់តគ្នា ហើយ១០នាក់ជាអ្នកមកទិញនៅផ្សារនេះ។ តាមរយៈការស៊ើបអង្កេតពីអ្នកបច្ចេកទេស គេកំណត់បានថាករណីឆ្លងនៅក្នុងផ្សារត្រីនេះកើតឡើងដោយសារតែការធ្វើការជុំគ្នា ហូបអាហារ ជក់បារី និងសម្រាកជុំគ្នារវាងអ្នកលក់ដូរ និងអ្នកធ្វើការនៅក្នុងផ្សារនោះតែម្តង។

មែនទែនទៅ ចាប់តាំងពីថ្ងៃទី១ដែលរកឃើញមានករណីឆ្លងកូវីដនៅក្នុងផ្សារនេះមក គេបានធ្វើតេស្តលើអ្នកពាក់ព័ន្ធដល់ទៅ ២៥,០០០នាក់ហើយ ដែលក្នុងនោះនៅសំណាកតេស្តជាង១៣០០ទៀតមិនទាន់បានចេញលទ្ធផលនៅឡើយ ដូចនេះតួលេខនៃករណីឆ្លងកូវីដក្នុងចំណោមអ្នកផ្សារត្រីនេះអាចនឹងមានការកើនឡើងបន្ថែមទៀត នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គេរំពឹងថា អ្នកដែលមកពីបុណ្យឈូសុកមកលក់ដូរនៅតាមផ្សារវិញ អាចនឹងនាំមកទាំងមេរោគកូវីដមកជាមួយដែរ ដូចនេះជាគោលការណ៍អនុវត្ត អ្នកលក់ដូរត្រូវធ្វើតេស្តកូវីដពេលមុនកូវីដម្តង និងធ្វើតេស្តកូវីដម្តងទៀតក្រោយពីកូវីដពេលមកលក់ដូរវិញ។ គេរំពឹងថាតួលេខឆ្លងនឹងអាចកើនឡើងថែមទៀតផងដែរ។

ផ្សារត្រីនៅហ្គារ៉ាក់នេះ មិនមែនជាផ្សារតែមួយនោះទេនៅសេអ៊ូលដែលមានការផ្ទុះឆ្លងកូវីដតៗគ្នានេះ នៅតាមផ្សារដទៃទៀតក៏មានករណីឆ្លងកូវីដបន្តបន្ទាប់ផងដែរ ដោយសារតែហានិភ័យនៃការចម្លងកូវីដពីគ្នាទៅវិញទៅមកតាមរយៈការប្រើប្រាស់បង្គន់រួមគ្នា ការហូបបាយទឹក ញ៉ាំអាហារ ជក់បារីនៅក្បែរៗគ្នានោះ។ ករណីវិជ្ជមានខ្លះត្រូវបានគេរកឃើញថានៅតែបានបន្តមកលក់ដូរ នៅពេលលេចចេញសញ្ញាដំបូងៗនៃជំងឺកូវីដផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *