ផ្ទុះកូវីដលើកនេះធ្ងន់ណាស់ គេរំពឹងនឹងអាចរកឃើញវិជ្ជមានដល់ ៤០០០+ករណី នៅប៉ុន្មានថ្ងៃខាងមុខ! អ្នកជំនាញកូរ៉េលើកថា ការផ្ទុះថ្មីនេះនឹងធ្វើឱ្យផែនការ «រស់នៅជាមួយកូវីដ» គ្រោងឆាប់ៗនេះ នឹងត្រូវ..

កូរ៉េខាងត្បូង៖ ការផ្ទុះករណីឆ្លងកូវីដច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីពិធីបុណ្យឈូសុកមកនោះ ហាក់បង្កបញ្ហាកាន់តែលំបាកសម្រាប់ផែនការរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក្នុងការត្រៀមអនុវត្តផែនការកូវីដថ្មីដោយត្រូវសម្របខ្លួនរស់នៅជាមួយនឹងកូវីដ ដែលគ្រោងនឹងចាប់ផ្តើមពីខែក្រោយនេះទៅនោះ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃអាទិត្យនេះ។

តាមរយៈការប្រកាសកន្លងមករបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ផែនការថ្មីដែលគេដាក់ឈ្មោះឱ្យថា «នៅជាមួយនឹងកូវីដ» នោះត្រូវបានគេកំពុងរៀបចំព្រាងឡើង ហើយគ្រោងនឹងប្រកាសចាប់ផ្តើមអនុវត្តនាពេលខាងមុខនេះ ដែលផែនការនេះគឺសំដៅដល់ការបន្ថយគម្លាតសង្គម បើកឱ្យអនុញ្ញាតដំណើរការសង្គមជាប្រក្រតីវិញច្រើនបច្ចុប្បន្ន បើទោះជាកូវីដនៅតែបន្តមានឆ្លងក៏ដោយ តែយ៉ាងណាផែនការនេះគឺផ្តោតសំខាន់លើលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដដែលកំពុងតែមានវឌ្ឍនភាពល្អនាពេលបច្ចុប្បន្ននេះ។ តាមរយៈផែនការថ្មីនេះ គេគ្រោងនឹងលែងផ្តោតលើការទប់ស្កាត់ការឆ្លងកូវីដទៀតហើយ តែផ្ទុយទៅវិញជាមួយនឹងការចាក់វ៉ាក់សាំងកូវីដបានច្រើនសឹងគ្រប់គ្នានោះ គឺគេផ្តោតលើការអនុវត្តប្រក្រតីភាពនៃសកម្មភាពសង្គម ហើយនិងអាចធានាបានថាប្រជាជនបើទោះជាឆ្លងកូវីដ ក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ដែរ។

ប៉ុន្តែផែនការនេះ នាពេលបច្ចុប្បន្ននេះត្រូវធ្វើឱ្យអាជ្ញាធរសុខាភិបាលឈឺក្បាលហើយ ដោយសារតែស្ថានការណ៍កូវីដកំពុងតែធ្លាក់ដុនដាបកាន់តែខ្លាំង ក្រោយពីប្រជាជនឈប់សម្រាកកាលពីពេលបុណ្យឈូសុកសប្តាហ៍មុន ពីថ្ងៃទី១៨ ដល់២២ កញ្ញាមកនោះ។ គិតត្រឹមថ្ងៃសុក្រនេះ មានករណីឆ្លងដល់ទៅ ៣២៧៣ករណី ហើយមានក្នុងស្រុកដល់ទៅ៣,២៤៥ករណី ជាតួលេខច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង២ឆ្នាំជាងមកនេះ ដែលកូវីដវាយលុក ខណៈតួលេខឆ្លងប្រចាំថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញនេះវិញមានដល់ទៅ២,៧៧១ករណីផងដែរ ហើយតួលេខឆ្លងក្នុងស្រុកមានដល់ ២,៧៣៥ករណី ឃើញថាថយចុះបន្តិច តែក៏នៅតែជាតួលេខខ្ពស់ជាងគេបង្អស់ទី២ផងដែរ។

ស្ថានការណ៍នេះយ៉ាងណាមិញ គឺគេរំពឹងថានឹងមិនថមថយនាពេលឆាប់ៗនេះនោះឡើយ។ បើតាមការរំពឹងទុក ស្ថានការណ៍អាក្រក់បំផុតមិនទាន់បានមកនោះទេ ដោយអ្នកជំនាញថាករណីឆ្លងដល់ជាង៣០០០ករណីក្នុងមួយថ្ងៃនេះ នៅតែមិនទាន់បង្ហាញច្បាស់ពីហានិភ័យនៃការចម្លងកូវីដក្នុងពេលបុណ្យឈូសុកនៅឡើយទេ។​ អ្នកជំនាញលើកឡើងថា អ្នកដែលគេរកឃើញថាវិជ្ជមានកូវីដជាង៣០០០ករណី ត្រឹមប៉ុន្មានថ្ងៃក្រោយឈូសុកនេះ គឺអាចជាអ្នកដែលបានឆ្លងតាំងពីមុនបុណ្យឈូសុកទៅទៀត ដោយសារតែជាទូទៅនៅពេលដែលយើងបានឆ្លងកូវីដហើយ ទាល់តែប៉ុន្មានថ្ងៃក្រោយមកទើបអាចរកឃើញថាវិជ្ជមានកូវីដ។ ដូចនេះ ទាល់តែប៉ុន្មានថ្ងៃខាងមុខនេះទៀត ទើបអ្នកដែលបានឆ្លងកូវីដក្នុងអំឡុងបុណ្យឈូសុកចាប់ផ្តើមបង្ហាញរោគសញ្ញា និងតួលេខក៏អាចកើនឡើងកាន់តែខ្លាំងផងដែរ អាចដល់ទៅ៤០០០ ករណីក្នុងមួយថ្ងៃឯណោះ។

សាស្រ្តាចារ្យវេជ្ជសាស្រ្តនៅនឹងសាកលវិទ្យាល័យ Korea University Guro Hospital បានលើកឡើងថា ស្ថានការណ៍កូវីដសព្វថ្ងៃនេះដែលមានករណីវិជ្ជមានកូវីដប្រភេទបម្លែងខ្លួនដែលតា កាន់តែច្រើននោះ ប្រាកដជាមិនងាយទប់ស្កាត់ការចំលងបាននោះទេ ជាពិសេសជាមួយនឹងស្ថានភាពគម្លាតសង្គមបច្ចុប្បន្ននេះដែលកំពុងតែអនុវត្ត គឺមិនគ្រប់គ្រាន់នោះឡើយ។ សាស្រ្តាចារ្យមួយរូបទៀតនៅសាកលវិទ្យាល័យ Ewha Womans University Mokdong Hospital បានលើកឡើងថា តួលេខប៉ុន្មានថ្ងៃខាងមុខនឹងអាចកើនដល់ជាង៤០០០ករណី ហើយបើមើលគម្រូតាមប្រទេសផ្សេងៗទៀតនោះ នៅពេលដែលតែតួលេខឆ្លងផ្ទុះខ្លាំង ស្ថានការណ៍ឆ្លងនឹងអាចធ្លាក់ដុនដាបមួយរំពេចភ្លាមៗផងដែរ។

អ្នកជំនាញទាំងនេះលើកឡើងថា សម្រាប់ស្ថានការណ៍បច្ចុប្បន្ននេះ រដ្ឋាភិបាលនិងអាជ្ញាធរសុខាភិបាលគួរតែផ្តោតលើការទប់ស្កាត់ការចម្លងមេរោគកូវីដសិន ជាជាងការផ្តោតលើគ្រោងការណ៍អនុវត្តផែនការថ្មី «រស់នៅសម្របជាមួយនឹងកូវីដ» នេះ។ សម្រាប់ការលើកឡើងបែបនេះ មិនមានការឆ្លើយតបណាមួយពីរដ្ឋាភិបាលនោះទេ តែសម្រាប់ស្ថានការណ៍កូវីដដែលគេរំពឹងថានឹងកាន់តែដុនដាបខ្លាំងប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ អាជ្ញាធរសុខាភិបាលកូរ៉េថានឹងសម្រេចលើវិធានការទប់ស្កាត់ជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះក្នុងសប្តាហ៍ខាងមុខនេះ។

ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានលើកឡើងជំរុញឱ្យប្រជាជនលុបចោល ឬពន្យារពេលជួបជុំនានាសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីអាចឱ្យស្ថានការណ៍កូវីដថមថយមកវិញសិន ដោយសារពេលវេលាប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្តើមសម្របខ្លួន និងអនុវត្តផែនការថ្មី «រស់នៅជាមួយនឹងកូវីដ»នេះ។ លោកស្រីប្រធានក៏បានលើកឡើងថា ចំពោះការលើកឡើងដែលថា ស្ថានការណ៍បច្ចុប្បន្ននេះនឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការអនុវត្តផែនការថ្មីនេះ អាជ្ញាធរជំនាញនឹងធ្វើការសម្រេចចិត្តបន្ថែមទៀត ដោយតាមដាន និងពិនិត្យស្ថានការណ៍ ដើម្បីដាក់ចេញផែនការថ្មីដែលស្របទៅនឹងស្ថានការណ៍ជាក់ស្តែង និងអាចឆ្លើយតបទៅនឹងអ្វីដែលគេចង់បានគឺត្រឡប់មកប្រក្រតីភាពវិញផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទស្អែកនេះ អាជ្ញាធរកូរ៉េនឹងចេញផ្សាយពីផែនការចាក់វ៉ាក់សាំងកូវីដសម្រាប់ឆមាសទី៤ខាងមុខ ដែលក្នុងនោះក៏មានទាំងការគ្រោងចាក់វ៉ាក់សាំងកូវីដជូនអ្នកដែលមានផ្ទៃពោះ និងកុមារជំទង់អាយុ១២ ដល់១៧ឆ្នាំផងដែរ។ លើសពីនោះទៀត ផែនការក្នុងការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ក៏អាចនឹងដាក់ចេញឱ្យអនុវត្ដដែលសម្រាប់ឆមាសទី៤ខាងមុខនេះ ដែលក្រុមជនអាទិភាព២ក្រុមធំៗនោះ អាចជាក្រុមមន្ត្រីសុខាភិបាល និងក្រុមមនុស្សវ័យចំណាស់។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *