ABA ជាប់ជាធនាគារល្អបំផុតនៅកម្ពុជាលើ ៣ វិស័យធំៗ​ ខណៈធនាគារ ៤ ផ្សេងទៀតទទួលជ័យលាភីជើងខ្លាំងលើវិស័យម្នាក់មួយរៀងៗខ្លួន

ភ្នំពេញ៖ ធនាគារ ABA ទទួលបានជ័យលាភីជាធនាគារល្អបំផុតច្រើនជាងគេ ក្នុងចំណោមធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា បើយោងតាមរបាយការណ៍វាយតម្លៃឆ្នាំ២០១៩ ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីល្បាញ Asia Money

បើតាមរបាយការណ៍របស់ Asia Money ដដែលនេះ​បញ្ជាក់ថាធនាគារ ABA  ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ទទួលបានជ័យលាភីលើផ្នែក ៣ ធំៗគឺ៖ «ធនាគារល្អបំផុតក្នុងស្រុក» «ធនាគារមានសេវាកម្មឌីជីថលល្អបំផុត» និង «ធនាគារល្អបំផុតសម្រាប់សេវាកម្មមីក្រូហិរញ្ញវត្ថុ»

ធនាគារ ABA ដែលត្រូវបានគេចាត់ទុកថាជាធនាគារដែលធ្វើការច្រើនបំផុត មិនថាថ្ងៃចុងសប្តាហ៍ឬថ្ងៃសម្រាកនេះ បានពង្រីកបច្ចេកវិទ្យាឌីជីថលច្រើនជាង និងលេចធ្លោជាងធនាគារគូប្រជែងផ្សេងៗ តាមរយៈ ABA Mobile App ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ស្ទើរតែគ្រប់ៗគ្នាទៅហើយ មិនថាអ្នកធ្វើការ អ្នកប្រកបអាជីវកម្ម ឬសិស្សានុសិស្សទូទៅនោះទេ។ អ្នកប្រើប្រាស់ ABA Mobile App តែងកោតសរសើរលើចំណុចលេចធ្លោ ពាក់ព័ន្ធនឹងសេវាកម្មរស់រវើក ដែលមានសេវាកម្មសឹងតែគ្រប់ប្រភេទផងដែរ រួមមាន E-Cash, កម្ចីលុយអនឡាញ, បង្កើតគណនីធនាគារអនឡាញ, ABA Pay, QR Code, PayWay, Digital Invoice និងសេវាកម្មដទៃទៀត។

គិតត្រឹមឆ្នាំ ២០១៩ ធនាគារនេះមានសាខា ៧០ កន្លែងទូទាំងប្រទេស និង ២៤ កន្លែងនៅរាជធានីភ្នំពេញ រួមជាមួយអតិថិជនដល់ជាង ៤០ ម៉ឺននាក់ឯណោះ។

ក្រៅពីធនាគារ ABA ក៏មានធនាគារ ៤ ផ្សេងទៀតទទួលបានជ័យលាភីជាធនាគារល្អបំផុតទៅតាមផ្នែកនីមួយៗផ្សេងៗគ្នាផងដែរ រួមមាន ធនាគារ Campu Bank, SBI Royal Securities, CIMB, និង ACLEDA។

ធនាគារ Campu Bank ទទួលបានជ័យលាភីលើផ្នែក «ធនាគារល្អបំផុតសម្រាប់សហគ្រិនភាព»

ក្រុមហ៊ុន SBI Royal Securities ទទួលបានជ័យលាភីផ្នែក «ធនាគារសាជីវកម្ម និងវិនិយោគល្អបំផុត»

ធនាគារ CIMB Bank ទទួលបានជ័យលាភីលើផ្នែក «ធនាគារអន្តរជាតិល្អជាងគេបំផុត»

ធនាគារ ACLEDA ទទួលបានជ័យលាភីលើផ្នែក «ធនាគារល្អបំផុតសម្រាប់សកម្មភាពអភិវឌ្ឍន៍សង្គម»

 

Leave a Reply

Your email address will not be published. Required fields are marked *