កូរ៉េខាងត្បូង៖ ករណីមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបុរសម្នាក់ខឹងក្តៅក្រហាយមិនដឹងមកពីណា ក៏មកដោះខោអាវចេញទាំងអស់ស្រែកតវ៉ាអ្នកឆែកសំបុត្រនៅនឹងស្ថានីយ៍រថភ្លើងនៅឈុងឈុន ខេត្តហ្គាងវ៉ុន កាលពីអំឡុងបុណ្យឈូសុកប៉ុន្មានថ្ងៃមុននេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News។
ករណីនេះបើតាមព័ត៌មានបានឱ្យដឹងថា កើតឡើងនៅនឹងស្ថានីយ៍រថភ្លើងនៅឈុងឈុន ខេត្តហ្គាងវ៉ុន កាលពីថ្ងៃទី១៩ ខែកញ្ញា ២០២១កន្លងទៅនេះ ម៉ោង៤:៣០នាទីរសៀល។ បើតាមសាក្សីបានឱ្យដឹងថា បុរសខាងលើនេះបានដោះខោអាវអស់រលីង សល់តែខោក្នុងហើយឈរជក់បារី ស្រែកឡូឡានៅនឹងមុខច្រកចូលស្ថានីយ៍រថភ្លើង មួយសន្ទុះទំរាំប៉ូលិសបានទៅដល់ទីតាំងកើតហេតុ និងបញ្ឈប់សកម្មភាពទាំងនោះ។
បុរសខាងលើនេះអាយុជាង៣០ឆ្នាំ ហើយបានធ្វើដំណើរពីស្ថានីយ៍ 가평역 ខេត្តឃ្យ៉ុងគី ហើយបានមកដល់ស្ថានីយ៍ឈុងឈុន ខេត្តហ្គាងវ៉ុននៅពេលកើតហេតុនោះ។ ហើយដើម្បីធ្វើដំណើរបន្ត គាត់ត្រូវឆ្លងកាត់កន្លែងឆែកសំបុត្រ ដែលនៅពេលដែលបុគ្គលិកស្នើសុំឆែកសំបុត្ររបស់គាត់នៅច្រកចូលនោះ គាត់ក៏ចាប់ផ្តើមផ្ទុះឆេវឆាវខឹងមួយរំពេច ហើយបានដោះខោអាវរបស់ខ្លួនចេញតែម្តង។
បុរសនោះស្រែកគំហកដាក់គេឯង និងដាក់អ្នកឆែកសំបុត្រ ថាម៉េចបានជាហ៊ានមកឆែកសំបុត្រគាត់ ហើយគាត់និយាយថាគាត់ផឹកស្រាទៀតផងនៅពេលនោះ តែមែនទែនទៅគឺគាត់មិនបានផឹកសា្រ និងមានជាតិស្រវឹងនោះទេ។ ករណីនេះបញ្ចប់នៅពេលដែលប៉ូលិសមកដល់ទីតាំងនោះ ហើយបានណែនាំឱ្យឈប់សកម្មភាព និងពាក់ខោអាវវិញ តែមិនស្តាប់ ប៉ូលិសក៏ស្រែកខ្លាំងៗដាក់វិញ ទើបបុរសនោះបញ្ឈប់សកម្មភាព និងចាប់ខោអាវមកពាក់វិញ។
អ្វីដែលជាការបារម្ភក្រៅពីការបង្កការឆោឡោ និងអាណាធិបតេយ្យពីការស្រែកនៅទីតាំងសាធារណៈទៀតនោះ គឺគាត់មិនបានពាក់ម៉ាស់មុខឱ្យបានត្រឹមត្រូវនៅពេលដែលស្រែកនោះទៀតផងដែលអាចប្រឈមនឹងហានិភ័យឆ្លងកូវីដ ឬចម្លងទៅគេឯងផងដែឬ។ ដូចនេះហើយ ទើបសមត្ថកិច្ចប៉ូលិសនៅនឹងទីតាំងនោះ បានធ្វើការឃាត់បុរសរូបនោះពីបទបំពានគម្លាតសង្គម និងធ្វើឱ្យមានការរំខាននៅទីតាំងសាធារណៈផងដែរ ជាប្រភេទបទល្មើសកម្រិតស្រាលប៉ុណ្ណោះយ៉ាងណាក៏ដោយ។