ប្រមូលកាកកន្ទុយបារីបានលុយ? គម្រោងសាកល្បងថ្មីនៅសេអ៊ូល ប្រមូលកន្ទុយបារីតាមផ្លូវ អាចដូរជាលុយសុទ្ធដល់ ៦ម៉ឺនវ៉ុនឯណោះ ដើម្បីគេអាចសាកល្បងយកទៅបង្កើតជា ..

កូរ៉េខាងត្បូង៖ រើសប្រមូលកន្ទុយបារី ប្រមូលដើម្បីទទួលបានលុយជាវិធានការថ្មីដែលបានកំពុងដាក់ឱ្យអនុវត្តនៅតាមមូលដ្ឋានខេត្ត ក្រុងមួយចំនួននៅកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េខាងត្បូងនៅថ្ងៃសុក្រម្សិលមិញនេះ។

តាមរយៈព័ត៌មាននេះបានឱ្យដឹងថា វិធានការនេះប្រកាសឡើងដោយក្រសួងបរិស្ថានកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២៤ កញ្ញា ២០២១ម្សិលមិញនេះ ដោយបានបញ្ជាក់ថាក្រសួងបានចុះកិច្ចព្រមព្រៀងថ្មីមួយជាមួងសង្កាត់ហ្គាងប៊ុក នៅសេអ៊ូល និងជាមួយមជ្ឈមណ្ឌលចែកចាយធនធាន និងគាំទ្រដល់ការប្រើប្រាស់កាកសំណល់ឡើងវិញរបស់កូរ៉េ ដើម្បីបង្កើត និងអនុវត្តនូវគម្រោងមួយដែលផ្តោតលើការរើសប្រមូលកាកសំណល់កន្ទុយបារី​ ដើម្បីបង្កើតជាប្រព័ន្ធអាចធ្វើការប្រើប្រាស់កាកសំណល់កន្ទុយបារីនេះឡើងវិញបាន។

មែនទែនទៅការរៀបចំគម្រោងសាកល្បងនេះ គឺផ្អែកទៅតាមបញ្ហាធំៗ២យ៉ាងពាក់ព័ន្ធនឹងកាកសំណល់កន្ទុយបារីនេះ។ ទីមួយគឺកាកសំណល់កន្ទុយបារីដែលអ្នកជក់តែងបោះចោលតាមផ្លូវសាធារណៈនៅកូរ៉េ ត្រូវបានគេលើកឡើងថាជាបញ្ហាធ្វើឱ្យទីក្រុងធំៗនៅកូរ៉េ មើលទៅមានភាពគគ្រេច និងបាត់បង់ភាពស្រស់ស្អាតនៃបរិស្ថានរបស់ទីក្រុងផងដែរ។ ដោយសារបញ្ហានេះហើយ តាំងពីឆ្នាំ១៩៩៣មក ក្រសួងបរិស្ថានកូរ៉េបានដាក់ចេញការយកពន្ធថ្លៃកាកសំណល់ពីផលិតផលបារីដល់ទៅ ២៤.៤វ៉ុន ក្នុងមួយកញ្ចប់បារីផងដែរ ហើយក៏បានរៀបចំតម្លើងធុងសម្រាមនៅតាមផ្លូវសាធារណៈ ជាពិសេសទីតាំងដែលមានកន្ទុយបារីនេះច្រើនផងដែរ ប៉ុន្តែមែនទែនទៅគេមើលទៅឃើញថាហាក់មិនសូវមានប្រសិទ្ធភាពនោះទេចំពោះវិធានការនេះ ដោយកាកសំណល់កន្ទុយបារីនៅតាមផ្លូវ ទីតាំងណានៅកូរ៉េខាងត្បូងក៏មានដែរ ជាពិសេសនៅតាមប្រហោងលូ ប្រហោងផ្លូវជាដើម។

ក្នុងនោះដែរ ថ្មីៗនេះ ក៏មានការសិក្សាបន្តបន្ទាប់នៅប្រទេសបារាំង និងអាមេរិក និងមានការកើតចេញជាគម្រោងផ្សេងៗដើម្បីពិនិត្យលើលទ្ធភាពយកកាកសំណល់កន្ទុយបារីនេះទៅច្នៃផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ ដោយសារតែគេរកឃើញថាកន្ទុយបារីជាទូទៅជាផ្លាស្ទិក ដែលគេហៅថាសារធាត សេលុយឡូស អាសេតាត (Cellulose acetate)។ នៅអាមេរិក និងបារាំងមានចលនាផ្សេងៗជាពិសេសផ្តួចផ្តើមដោយក្រុមហ៊ុនឯកជនប្រមូលកាកកន្ទុយបារីទាំងនោះទៅប្រើប្រាស់ក្នុងផលិតកម្មធ្វើគ្រឿងសង្ហារឹម ដុំឥដ្ឋ និងផលិតផលដទៃទៀត។

ដូចនេះហើយ ក្រសួងបរិស្ថានកូរ៉េខាងត្បូងបានពិនិត្យលើលទ្ធភាពនៃការអនុវត្តគម្រោងដូចគ្នានេះដែរ ទើបរៀបចំជាគម្រោងសាកល្បងនេះឡើងដើម្បីពិនិត្យលទ្ធភាព និងប្រសិទ្ធផលនៃគម្រោងក្នុងការប្រមូលកន្ទុយបារីទៅច្នៃផលិតជាអ្វីផ្សេង ហើយប្រសិនបើជោគជ័យនោះ នឹងអាចពង្រីកវិសាលភាពអនុវត្តបានទូទាំងប្រទេសនាពលេខាងមុខ។

គម្រោងសាកល្បងនេះមានរយៈពេល៩ខែ នឹងចាប់ផ្តើមរហូតដល់ខែឧសភាឆ្នាំ២០២២ខាងមុខ។ តាមរយៈគម្រោងនេះ គេអាចស្ម័គ្រចិត្តដើរប្រមូលកាកសំណល់កន្ទុយបារីតាមផ្លូវនៅសង្កាតហ្គុងប៊ុក នៅសេអ៊ូលនេះ ដោយក្នុងកន្ទុយបារីទំងន់ ១ក្រាមនឹងទទួលបានប្រាក់ដល់ ២០វ៉ុន ហើយអ្នកស្ម័គ្រចិត្តអាចប្រមូលកន្ទុយបារីដើម្បីយកទៅប្តូរប្រាក់បានដល់ទៅ ៦ម៉ឺនវ៉ុនក្នុងមួយខែ។ អ្នកដែលចូលរួមអនុវត្តបាន ត្រូវមានអាយុពី២០ឆ្នាំឡើងទៅ ដែលពួកគេត្រូវឆ្លងកាត់វគ្គបង្ហាត់ត្រឹមត្រូវពីការអនុវត្ត តាំងពីខែមីនានេះមក។ ក្រោយពីវគ្គបង្ហាត់បង្រៀនពីរបៀបរើសឱ្យបានត្រឹមត្រូវបញ្ចប់ គេអាចចាប់ផ្តើមប្រមូលកន្ទុយបារីបាន ហើយយកទៅប្រគល់នៅមជ្ឈមណ្ឌលនានាដែលគេកំណត់ ដើម្បីអាចប្តូរយកប្រាក់រង្វាន់។

សូមបញ្ជាក់ថា តាមរយៈគម្រោងនេះដែរ កន្ទុយបារីគេអាចយកទៅច្នៃបង្កើតអ្វីផ្សេងបានតាមរយៈវិធី២យ៉ាង ដូចជាទីមួយ ការច្នៃទាញយកសារធាតុផ្លាស្ទិកពីកន្ទុយបារីទៅបង្កើតជាឧបករណ៍ច្នៃពីផ្លាស្ទិកនានា ហើយទី២នឹងអាចយកសន្លឹកខ្ចប់កន្ទុយបារីនោះ និងផ្នែកនៃបារីទៅដុតបង្កើតជាថាមពលផងដែរ។ តែដើម្បីអាចយកមកច្នៃប្រើប្រាស់ផ្សេងៗបាន ទាល់តែគេធ្វើការទាញយកសារធាតុពុលពីក្នុងកន្ទុយបារីនោះចេញសិន ហើយការធ្វើបែបនេះទាមទារឱ្យបច្ចេកទេសខ្ពស់ពីអ្នកជំនាញនៅក្នុងវិស័យនេះផ្ទាល់។

រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េបាននិយាយថា នឹងសហការសកម្មជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើតជាប្រព័ន្ធច្នៃឡើងវិញប្រើប្រាស់សំណល់កន្ទុយបារីនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាពផងដែរ។

Leave a Reply

Your email address will not be published.