កូរ៉េខាងត្បូង៖ មិនទាន់បានប៉ុន្មានថ្ងៃក្រោយបុណ្យឈូសុកផង ករណីកូវីដ-១៩នៅកូរ៉េខាងត្បូងថ្ងៃនេះ កើនឡើងច្រើនខ្លាំងមែនទែន តួលេខឡើងផុតដល់លើស៣០០០ករណីជាលើកដំបូងបង្អស់ហើយ ក្នុងរយៈពេល២ឆ្នាំជាងដែលកូរ៉េខាងត្បូងបានរងប៉ះពាល់ពីស្ថានការណ៍កូវីដនេះ ហើយក៏ជាការបារម្ភកាន់តែខ្លាំងមែនទែននៃស្ថានការណ៍កូវីដក្រោយពីប្រជាជនវិលមកពីលេងស្រុកកំណើតគ្រប់ៗគ្នាកាលបុណ្យឈូសុកនាសប្តាហ៍នេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅព្រឹកថ្ងៃសៅរ៍នេះបានឱ្យដឹងថា តួលេខឆ្លងថ្មីប្រចាំថ្ងៃកាលពីថ្ងៃសុក្រម្សិលមិញ ដែលគេប្រកាសនៅព្រឹកថ្ងៃនេះបានកើនដល់ទៅ ៣,២៧៣ករណីទូទាំងប្រទេស ដែលក្នុងនោះករណីឆ្លងក្នុងស្រុកផ្ទាល់មានដល់ទៅ ៣,២៤៥ ករណី រីឯករណីឆ្លងនាំចូលមកពីខាងក្រៅមានដល់ទៅ ២៨ករណី ដែលគិតត្រឹមថ្ងៃសៅរ៍នេះ តួលេខករណីកូវីដក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ២៩៨,៤០២ករណីហើយ។ ក្នុងនោះដែរ អ្នកដែលបាត់បង់ជីវិតដោយសារកូវីដមាន៧នាក់ ដែលនាំឱ្យចំនួនតួលេខបាត់បង់ជីវិតសរុបកើនដល់២,៤៤១ករណី បើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។
សូមបញ្ជក់ថា ថ្ងៃសុក្រម្សិលមិញនេះដែលមានតួលេខឆ្លងច្រើនជាងគេនេះ គឺត្រឹមតែ២ថ្ងៃក្រោយពីបុណ្យឈូសុកនៅកូរ៉េដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២២ កញ្ញាទៅប៉ុណ្ណោះ ដែលរយៈពេល៥ថ្ងៃតាំងពីចុងសប្តាហ៍មកនោះ មានប្រជាជនកូរ៉េរាប់លាននាក់ទៅលេងជួបជុំគ្រួសារនៅស្រុកកំណើត។
សម្រាប់ករណីឆ្លងក្នុងស្រុកទាំង ៣,២៤៥ករណីវិញ គឺមានដល់ទៅ៣៧.៥% មានប្រភពមកពីទីក្រុងសេអ៊ូល ១,២១៧ករណីឯណោះ ដែលជាប្រវត្តិសាស្រ្តថ្មីដែរសម្រាប់សេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគី ១,០៩៥ករណី និងក្រុងអ៊ីនឆន់ ២០១ករណី។សម្រាប់ករណីឆ្លងពីក្រៅប្រទេសមានចំនួន ២៨ករណីផងដែរ។ តួលេខនេះកើនឡើងខ្លាំងមែនទែនធៀបទៅនឹងតួលេខឆ្លងកូវីដប្រចាំថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានត្រឹមតែ ១,៧១៦ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃសៅរ៍នេះ តួលេខឆ្លងកូវីដប្រចាំថ្ងៃដល់លើស១០០០ករណី មានកើតឡើងជាប់ៗគ្នាដល់ទៅ ៨០ថ្ងៃហើយ ដែលគេមិនទាន់ឃើញសញ្ញានៃការថមថយនោះទេ បើទោះជាបច្ចុប្បន្ននេះចំនួនអ្នកបានចាក់វ៉ាក់សាំងមានច្រើនសឹងបានគ្រប់ៗគ្នាហើយក៏ដោយ។ បើតាមការលើកឡើងរបស់អ្នកជំនាញ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តួលេខនៃការឆ្លងកូវីដនឹងកើនឡើងកាន់តែច្រើនថែមទៀត ដោយគេរំពឹងថានឹងមានមនុស្សច្រើនត្រូវធ្វើតេស្តកូវីដមុននឹងចូលធ្វើការវិញនោះ ជាពិសេសគឺអ្នកដែលបានធ្វើដំណើរទៅស្រុកនាពេលបុណ្យឈូសុកកន្លងមក។
សូមបញ្ជាក់ថាក្នុងអំឡុងបុណ្យឈូសុកកន្លងមក អាជ្ញាធរសុខាភិបាលកូរ៉េបានផ្តល់ការសម្រួលបន្ធូរបន្ថយមួយចំនួនលើការជួបជុំគ្រួសារក្នុងពេលជូសុកឱ្យបានដល់ទៅ៨នាក់ ប្រសិនបើមានមនុស្ស៤នាក់បានចាកវ៉ាក់សាំងរួចរាល់។ តែវិធានការនេះនឹងត្រូវបន្តឹងមកវិញហើយ ដោយអាជ្ញាធរបានកំណត់អនុញ្ញាតឱ្យការជួបជុំឯកជនបានត្រឹមតែមនុស្ស៦នាក់ទេ ចាប់ពីថ្ងៃសុក្រនេះទៅ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាជនដល់ទៅ ៣៧.៧៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដរួច គឺលើសពី៧០%នៃប្រជាជនសរុបក្នុងប្រទេសកូរ៉េខាងត្បូងហើយ ដែលជាគោលដៅចាស់សម្រេចបានមុនបុណ្យឈូសុកកន្លងមក។ គោលដៅវ៉ាក់សាំងថ្មីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញសម្រាប់បច្ចុប្បន្នគឺជំរុញការចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនឱ្យបានរួចរាល់ទាំង២ដូស ឬ ១ដូសរួចរាល់ ឱ្យបានត្រឹមចុងខែតុលាខាងមុខផងដែរ។