អ្នកផ្យង់ថេក ប្រយ័ត្នជាប់ពិន័យ! ស្ថានទូតខ្មែរជូនដំណឹង ពីវិធានការរដ្ឋបាលតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ នៅផ្យង់ថេក !! អ្នកធ្វើការតាមរោងចក្រលក្ខខណ្ឌកំណត់ទាំងនេះ ត្រូវទៅធ្វើតេស្តកុំខាន!!

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសជូនដំណឹងពីវិធានការតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ-១៩ នៅទីក្រុងផ្យង់ថេក ជាកាតព្វកិច្ចជាពិសេសជូនដល់បងប្អូនខ្មែរយើងដែលធ្វើការតាមរោងចក្រ ឬក្រុមហ៊ុនជាដើម។

តាមរយៈសេចក្តីប្រកាសជូនដំណឹងនេះ ស្ថានទូតបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងផ្យង់ថេក នៃសាធារណរដ្ឋកូរ៉េ បានផ្សព្វផ្សាយឱ្យរោងចក្រ ឬក្រុមហ៊ុននៅក្នុងក្រុងផ្យង់ថេក ដែលមានកម្មករច្រើនជាង ១០០នាក់ នឹងត្រូវធ្វើតេស្តកូវីដ-១៩ ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ (ថ្ងៃចន្ទ-សុក្រ ពីម៉ោង ០៩:០០ – ២០:០០នាទីល្ងាច និងថ្ងៃសៅរ៍-អាទិត្យ ពីម៉ោង ០៩:០០ – ១៨:០០នាទីល្ងាច)  កុំបីខានឱ្យសោះ។

ក្នុងករណីដែលគេចាប់បានថាមានការលួចគេចវេសមិនអនុវត្តតាមវិធានការខាងលើ នឹងអាចត្រូវផាកពិន័យដូចខាងក្រោម៖

ក. ខកខានមិនបានធ្វើតេស្តកូវីដ-១៩ នឹងត្រូវរងការផាកពិន័យជាសាច់ប្រាក់ ត្រឹម ២លានវ៉ុន។ ខ. បើមិនគោរពតាមបទបញ្ជារដ្ឋបាល ហើយធ្វើឱ្យមានការរីករាលដាលដល់តំបន់ផ្សេង នឹងត្រូវចេញថ្លៃការស្នាក់នៅដាច់ដោយឡែក ថ្លៃពិនិត្យព្យាបាល និងថ្លៃការស៊ើបអង្កេតផ្សេងៗ។ គ. បើមានចេតនាលាក់បាំងណាមួយក្នុងអំឡុងពេលស៊ើបអង្កេត ហើយនៅពេលចេញលទ្ធផលថាមានវិជ្ជមានកូវីដ-១៩ នឹងត្រូវផ្តន្ទាទោសជាប់ឃុំឃាំងដល់ទៅ ២ឆ្នាំ និងផាកពិន័យជាសាច់ប្រាក់ ២០លានវ៉ុន។

ដូចនេះ បងប្អូនខ្មែរយើងនៅកូរ៉េ ជាពិសេសអ្នកនៅទីក្រុងផ្យង់ថេក ហើយត្រូវនឹងលក្ខខណ្ឌតម្រូវឱ្យទៅធ្វើតេស្តកូវីដ-១៩ នេះ សូមជ្រាបជាដំណឹង និងចូលរួមអនុវត្តឱ្យបានស្របតាមការណែនាំ ជៀសវាងហានិភ័យរងការផាកពិន័យប្រាក់កាក់ ឬអាចដល់ការជាប់ឃុំឃាំងដូចស្ថានទូតបានជំរាបជូននេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *