កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់ប្រជាជនខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសអ្នកនៅទីក្រុងអានសាន ពីចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់)។
តាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញានេះ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ នឹងចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់) ដោយពុំត្រូវការឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែនណាមួយឡើយ។
តាមរយៈការជូនដំណឹងនេះដែរ ស្ថានទូតអំពាវនាវដល់បណ្តាបងប្អូនខ្មែរយើងទាំងអស់ ជាពិសេសអ្នកដែលស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់) អាចអញ្ជើញទៅជួបមន្រ្តីសុខាភិបាលនៅតាមមជ្ឈមណ្ឌលណាមួយក៏បានដែលស្ថិតនៅក្នុងទីក្រុងអានសានដើម្បីធ្វើការណាត់ជួប និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កុំបីខាន។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនខ្មែរយើង ជាពិសេសអ្នកនៅក្រុងអានសានជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តទាំងអស់គ្នា ហើយកុំបារម្ភពីបញ្ហាផ្លូវច្បាប់ទាក់ទងនឹងអន្តោប្រវេសន៍ឱ្យសោះ ដោយសារការអនុវត្តនេះជាការសម្រួល និងជំរុញលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ឱ្យអ្នកខុសច្បាប់ទាំងអស់ ចេញទៅចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការហានិភ័យនៃជំងឺកូវីដ។