ល្អណាស់! ក្រោមអាណត្តិលោកជំទាវទូតថ្មី ស្ថានទូតនឹងបន្តសហការជិតស្និទ្ធិជាមួយមូលនិធិ KOFIH ដើម្បីអាចសហគមន៍ខ្មែរនៅកូរ៉េ ទទួលបានការប្រឹក្សា ពិនិត្យ និងព្យាបាលសុខភាពឥតគិតថ្លៃ

កូរ៉េខាងត្បូង៖ លោកជំទាវទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ​បានអញ្ជេីញជួបពិភាក្សាការងារជាមួយប្រធានស្ថាប័នសុខាភិបាល Korean Foundation for International Healthcare (KOFIH) ដើម្បីពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា បន្តសម្រាប់អាណត្តិថ្មីរបស់លោកជំទាវក្នុងបេសកកម្មការទូតនៅកូរ៉េខាងត្បូង។

ចែករំលែកតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវទូត បានឱ្យដឹងថាកាលពីថ្ងៃ​ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២១ លោកជំទាវ ជ្រឹង​ បុទុមរង្សី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ រួមជាមួយលោកវរៈសេនីយ៍ឯក​ ថន​ ដារ៉ា​ នាយការិយាល័យអនុព័ន្ធយោធា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ​ លោកបណ្ឌិត Choo Moo-Jin, ប្រធាន Korean Foundation for International Healthcare (KOFIH) និងសហការី ក្នុងការពិនិត្យលទ្ធភាពសហការគ្នាបន្តក្នុងអាណត្តិថ្មីរបស់លោកជំទាវ រវាងស្ថាប័នទាំងពីរដើម្បីជាប្រយោជន៍ដល់សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងនេះ។

ជាលទ្ធផលគាប់ប្រសើរមែនទែននោះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័ន Korean Foundation of International Healthcare (KOFIH) គឺនឹងផ្តល់ប្រឹក្សាយោបល់ ពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះដែរ លោកជំទាវទូតកម្ពុជាក៏បានស្នើសុំអោយមូលនិធិ KOFIH បន្តចុះផ្តល់ការប្រឹក្សា និងពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរដោយយកចិត្តទុកដាក់ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។

សូមបញ្ជាក់ថា ស្ថាប័ន KOFIH នេះជាស្ថាប័នសុខាភិបាលសាធារណៈដែលជាផ្នែកមួយនៃក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូង បង្កើតឡើងតាំងពីឆ្នាំ២០០៦មក ហើយតែងតែបានសហការផ្តល់ការគាំទ្រសុខាភិបាលដល់ដៃគូប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងពលករ និងសហគមន៍បរទេសនៅកូរេ៉ខាងត្បូងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *