កូរ៉េខាងត្បូង៖ ករណីអ្នកចាក់វ៉ាក់សាំងកូវីដហើយនៅកូរ៉េខាងត្បូង តែនៅតែរកឃើញឆ្លងកូវីដគឺមានការកើនឡើងគួរឱ្យបារម្ភខ្លាំងមែនទែនក្នុងអំឡុងរលកទី៤នៃការផ្ទុះឆ្លងកូវីដក្នុងប្រទេសនេះ ខណៈតួលេខកើនដល់ជាង៥ពាន់នាក់ហើយ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា២០២១សប្តាហ៍មុននេះ អ្នកដែលចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយបាននៅតែឆ្លងកូវីដនោះ កើនដល់ទៅ ៥៨៨០នាក់ហើយ ដែលមានន័យក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង ១០ម៉ឺននាក់ មានចំនួន៤០.២នាក់ហើយដែលនៅតែឆ្លងកូវីដ។
តួលេដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា បើគិតតាមក្រុមអាយុនៃករណីចាក់វ៉ាក់សាំងហើយ តែនៅតែឆ្លងកូវីដនេះ គឺក្រុមអាយុ៣០ឆ្នាំមានច្រើនជាងគេបង្អស់ បើគិតពីចំនួនវិញក្នុង១០ម៉ឺននាក់ មានដល់ទៅ ១១០.១នាក់ហើយអាយុ៣០ឆ្នាំនេះ ដែលឆ្លងកូវីដ។
ក្នុងនោះដែរ អ្វីដែលកាន់តែបារម្ភទៀតនោះ គឺសឹងតែពាក់កណ្តាលនៃតួលេខជាង៥ពាន់នៃករណីឆ្លងកូវីដបើទោះជាបានចាក់វ៉ាក់សាំងរួចនេះ គឺកើនខ្លាំងមែនទែនក្នុងរយៈពេលពីចុងខែសីហា ដល់ខែកញ្ញានេះ។ ក្នុងចំណោមករណីឆ្លងកូវីដជាង១០ថ្ងៃនេះ ដែលមានដល់ទៅ២០,៨៩៥ករណីនោះ មានដល់ទៅ១០.២% ហើយជាករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់។
បើគិតពីប្រភេទវ៉ាក់សាំងវិញ គឺនៅតែវ៉ាក់សាំងអាម៉េរិកចាក់១ដូស គឺវ៉ាក់សាំង Janssen ដែលនាំមុខលើករណីឆ្លងក្រោយចាក់វ៉ាក់សាំងច្រើនជាងគេ គឺដល់ទៅ១៦១.២នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង Janssen រួចហើយ។ ខណៈវ៉ាក់សាំង Pfizer វិញមានដល់ទៅ ៣៣.៥នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង Pfizer ហើយវ៉ាក់សាំង AstraZeneca វិញមានដល់ទៅ ២៧.៦នាក់ក្នុងចំណោម១០ម៉ឺននាក់ចាក់វ៉ាក់សាំង និងវ៉ាក់សាំង Moderna វិញមានដល់ទៅ ២៤.២នាក់ក្នុងចំណោម១០ម៉ឺននាក់ចាក់វ៉ាក់សាំង Moderna រួចផងដែរ។
បើតាមតួលេខនេះ គេឃើញថាអ្នកចាក់វ៉ាក់សាំង Janssen ភាគច្រើនជាងគេគឺបានរកឃើញថានៅតែឆ្លងមានកើតកូវីដ ហើយក្រុមអាយុ៣០ឆ្នាំដែលឆ្លងច្រើនជាងគេនោះ ហេតុផលនេះគឺអាចឱ្យពន្យល់ពីហេតុផលបានថា តាមពិតទៅតួលេខបង្ហាញថាអ្នកចាក់វ៉ាក់សាំងកូវីដ Janssen ហើយនៅតែឆ្លងច្រើននោះ គឺអាចគាប់ជួនទៅនឹងការដែលអ្នកឆ្លងកូវីដមួយភាគធំគឺសុទ្ធជាអ្នកអាយុ៣០ឆ្នាំជាង ហើយភាគច្រើនវ៉ាក់សាំង Janssen នេះគឺកន្លងមករដ្ឋាភិបាលកូរ៉េចាក់ជូនភាគច្រើនបង្អស់គឺអ្នកដែលមានអាយុ៣០ឆ្នាំជាងនេះដូចជា ភាគច្រើនជាបុគ្គលិកយោធា។
ប្រធានអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានលើកឡើងអត្រាឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចដែលរាយការណ៍មកខ្ពស់ក្នុងចំណោមអ្នកប្រើវ៉ាក់សាំង Janssen គឺដោយសារតែភាគច្រើន អ្នកក្មេងៗអាយុ២០ និង៣០ឆ្នាំដែលឆ្លងកូវីដក្នុងដំណាក់កាលទី៤នៃរលកកូវីដមានចំនួនច្រើនជាងគេ ច្រើនជាងក្រុមអាយុផ្សេងទៀត ហើយក៏អាចបណ្តាលមកពីវ៉ាក់សាំង Janssen នេះជាវ៉ាក់សាំងដែលចាក់តែ១ដូសផងដែរ អាចមានប្រសិទ្ធភាពការពារតិចជាងវ៉ាក់សាំងចាក់២ដូសផងដែរ។