តើអាចទៅរួចទេ? កូរ៉េខាងត្បូង សង្ឃឹមថានឹងអាចមានជំនួបរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងជាថ្មី មុនការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកខាងមុខ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហើបពីក្តីសង្ឃឹមសម្រាប់ជំនួបសាជាថ្មីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនកាលបរិច្ឆេទនៃការបោះឆ្នោតប្រធានាធិបតីអាមេ៉រិក ក្នុងខែវិច្ឆិកាខាងមុខ។

បើតាមការរាយការណ៍ពីមន្ត្រីជាន់ខ្ពស់នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ទស្សនៈវិស័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ ត្រូវបានគេបញ្ជូនទៅកាន់ភាគីសហរដ្ឋអាម៉េរិករួចរាល់ហើយ ហើយខាងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក៏កំពុងខ្នះខ្នែងលើការងារនេះដែរ ប៉ុន្តែចំពោះលទ្ធផល និងវឌ្ឍនភាពយ៉ាងណា គេមិនបានបញ្ចេញឱ្យដឹងនោះទេ។

កាលពីប៉ុន្មានថ្ងៃមុន ក្នុងជំនួបជាមួយមេដឹកនាំសហភាពអ៊ឺរ៉ុប ប្រធានាធិបតី មូន ជេអ៊ីន ក៏បានលើកឡើងពីគោលបំណងក្នុងការស្តារមកវិញនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ ជាមួយនឹងសហរដ្ឋអាម៉េរិកផងដែរ ហើយសន្យាថានឹងមិនឱ្យលទ្ធផលវិជ្ជមានកន្លងមកក្នុងដំណើរការចរចារវាងកូរ៉េទាំងពីរ ដើរត្រឡប់ថយក្រោយវិញនោះទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេ៉រិក នឹងត្រូវធ្វើឡើងនាថ្ងៃទី ០៣ វិច្ឆិកា ២០២០ ខាងមុខនេះ។ ក្នុងនោះដែរ ជាការកត់សម្គាល់ គេអាចនិយាយបានថាគោលនយោបាយការបរទេសសំខាន់បំផុត ដែលទាក់ទាញប្រជាប្រិយភាពសម្រាប់លោក ដូណាល់ ត្រាំ គឺគោលនយោបាយធ្វើឱ្យកូរ៉េខាងជើង រំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលកន្លងមកហាក់មានលទ្ធផលវិជ្ជមាន​ច្រើនផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *