ជាច្រើនខែហើយ អត្រាចាក់វ៉ាក់សាំងកូវីដក្នុងចំណោមអ្នកខុសច្បាប់នៅកូរ៉េ នៅតែទាបនៅឡើយ!! អាជ្ញាធរពាក់ព័ន្ធកូរ៉េ គ្រោងផែនការធំៗ ៣ ថ្មីជំរុញអ្នកខុសច្បាប់ទៅចាក់វ៉ាក់សាំង កុំឱ្យបារម្ភ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញជាថ្មីនូវវិធានការជំរុញលើកទឹកចិត្ត ដើម្បីឱ្យបងប្អូនជាពលករបរទេសធ្វើការនៅកូរ៉េខាងត្បូងទៅចាក់វា៉ក់សាំងកូវីដឱ្យបានច្រើនគ្រប់ៗគ្នា ខណៈដែលបច្ចុប្បន្ននៅតែមានពលករបរទេសច្រើន ជាពិសេសអ្នកដែលខុសច្បាប់ មិនទាន់បានទៅចាក់វ៉ាក់សាំងនៅឡើយ បើទោះជាកន្លងមកមានការជំរុញពីរដ្ឋកូរ៉េផុសផុលក៏ដោយ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង និងស្ថាប័នរដ្ឋាភិបាលកូរ៉េខាងត្បូងដែលពាក់ព័ន្ធដទៃទៀតបានពិភាក្សាគ្នាជាថ្មីលើវិធានការរួមគ្នយ៉ាងណាសម្រួល និងជំរុញឱ្យពលករបរទេសនៅកូរ៉េខាងត្បូងទៅចាក់វ៉ាក់សាំងគ្រប់គ្នា និងជំរុញកុំឱ្យពលករបរទេសមានការភ័យខ្លាចលើបញ្ហាចាក់វ៉ាក់សាំងនេះទៀត។

ផែនការអន្តរស្ថាប័នថ្មីដែលបានពិភាក្សានេះមានដូចជាការរៀបចំតម្លើងទីតាំងចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យដល់កៀកតាមទីតាំងណាដែលមានប្រជាជនបរទេសលើសពី២០នាក់ឡើងទៅ និងការបែងចែកកម្លាំងគ្រូពេទ្យចុះទៅដល់ទីតាំងណាដែលមានជនបរទេសស្នាក់នៅពី៥នាក់ឡើងទៅ ដែលត្រូវការចាក់វ៉ាក់សាំងផងដែរ។ ផែនការនេះគឺអជ្ញាធរចុះឱ្យដល់ទៅទីតាំងជនបរទេសតែម្តង ដើម្បីអាចសម្រួលជូនពួកគេអាចមកចាក់វ៉ាក់សាំងបានដោយមិនលំបាកច្រើន។

វិធានការមួយទៀតគឺការសម្រួលផ្តល់សំណងសម្រាប់ថ្លៃព្យាបាលនានាក្នុងករណីដែលការចាក់វ៉ាក់សាំងបង្កជាផលប៉ះពាល់ណាមួយលើជនបរទេស ជាពិសេសលើជនបរទេសដែលរស់នៅខុសច្បាប់តែម្តង ក្នុងករណីដែលពួកគេទៅចាក់វ៉ាក់សាំងកូវីដ ហើយមានចេញរោគសញ្ញាហើយអជ្ញាធរសុខាភិបាលបញ្ជាក់ថាពិតជារោគសញ្ញាពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដដែលចាក់នោះមែន។

ផែនការមួយទៀតគឺការរៀបចំឱ្យមានជាយុទ្ធនាការពិសេសមួយដើម្បីផ្សព្វផ្សាយយ៉ាងណា កាត់បន្ថយគំនិតអវិជ្ជមាន មិនជឿទុកចិត្តទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដណាមួយនោះ ដែលអាចជាកត្តាជំរុញឱ្យពួកគេមានភាពស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំងនេះ។

សូមបញ្ជាក់ថា ការជួបពិភាក្សារវាងអន្តរក្រសួងស្ថាប័នរដ្ឋាភិបាលកូរ៉េនេះ គឺក្រោយពីថ្មីៗនេះមានជនបរទេសជាច្រើន ជាពិសេសអ្នកដែលរស់នៅខុសច្បាប់នៅតែមិនទាន់ហ៊ាន ស្ទាក់ស្ទើរក្នុងការមកចាក់វ៉ាក់សាំងកូវីដ ភាគច្រើនដោយសារតែបារម្ភពីការតាមចាប់ខ្លួនពីអជ្ញាធរអន្តោប្រវេសន៍ ប្រសិនបើខ្លួនខុសច្បាប់ហើយមកចាក់វ៉ាក់សាំងនេះ ព្រមទាំងបារម្ភពីហានិភ័យនៃផលប៉ះពាល់បណ្តាលពីការចាក់វ៉ាកសាំងផងដែរ។ ចំពោះបញ្ហាផលប៉ះពាល់នេះ ក៏ជាបញ្ហាដែលធ្វើឱ្យពួកគាត់ស្ទាក់ស្ទើរផងដែរ ដោយសារតែថ្លៃចំណាយលើការព្យាបាលនៅមន្ទីរពេទ្យគឺថ្លៃណាស់ ហើយបើពួកគាត់មកពេទ្យ នោះអត្តសញ្ញាណរបស់គាត់ប្រឈមនឹងបញ្ហាអន្តោប្រវេសន៍ទៀតផង។

មែនទែនទៅ កន្លងមកសម្រាប់បញ្ហាខុសច្បាប់នេះ អជ្ញាធរនិងរដ្ឋាភិបាលកូរ៉េបានដាក់ចេញវិធានការបន្តបន្ទាប់យ៉ាងណាធ្វើឱ្យពួកគាត់ដែលជាអ្នករស់នៅខុសច្បាប់អាចមកចាក់វ៉ាក់សាំងកូវីដបាន ដោយមិនចាំបាច់បង្ហាញអត្តសញ្ញាណណាមួយ ដែលអាចឱ្យប៉ូលិសអន្តោប្រវេសន៍ទៅតាមចាប់នោះដែរ ហើយអជ្ញាធរក៏មានគោលការណ៍លើកលែងមិនអនុវត្តច្បាប់អន្តោប្រវេសន៍លើអ្នកខុសច្បាប់ដែលមកចាក់វ៉ាក់សាំងកូវីដដាច់ខាត។

បើតាមតួលេខ បង្ហាញថាដល់ទៅជាងពាក់កណ្តាលនៃជនបរទេសខុសច្បាប់រស់នៅកូរ៉េខាងត្បូងមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដនៅឡើយទេ គិតត្រឹមខែមុននេះ។ ក្នុងចំណោមបរទេសខុសច្បាប់ដែលនៅកូរ៉េខាងត្បូងដល់ទៅ ៣៩១,០១២នាក់ មានដល់ទៅ១៦៤,៨៩២នាក់ ឬជាង ៤២.២% មិនទាន់បានមកទទួលយកលេខកូដពិសេសដែលគេចេញជូន សម្រាប់ពួកគាត់អាចចាក់វ៉ាក់សាំងកូវីដនៅឡើយ។

ក្នុងករណីនេះ មន្ត្រីជំនាញនៃក្រសួងពាក់ព័ន្ធបានលើកឡើងថានឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនេះក្នុងចំណោមពលករបរទេសឱ្យបានកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះវិធានការការពារកូវីដផ្សេងៗទៀតក៏ត្រូវតែបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមទីតាំងការងាររបស់ជនបរទេស និងនៅតាមការដ្ឋាននានាផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *