ហានិភ័យ ក្រោយឈូសុក! អជ្ញាធរសុខាភិបាលកូរ៉េបារម្ភខ្លាំងករណីផ្ទុះជាថ្មីនៃកូវីដ អាចលើស២ពាន់ករណីទៀត ជាពិសេសនៅតាមស្រុកកំណើត ដែលគ្រួសារទៅលេងពេលឈូសុក

កូរ៉េខាងត្បូង៖ បុណ្យប្រពៃណីឈូសុកបញ្ចប់ហើយនៅកូរ៉េខាងត្បូង ហើយខណៈដែលប្រជាជននាំគ្នាវិលត្រឡប់ពីស្រុកកំណើត វិលត្រឡប់ពីការទៅជួបជុំគ្រួសារលេងផ្ទះវិញនោះ គេក៏ចាប់ផ្តើមបារម្ភពីលទ្ធភាពនៃការផ្ទុះករណីកូវីដច្រើនជាថ្មីទៀតហើយ ដោយសារតែសកម្មភាពមនុស្សដើរហើរច្រើនទូទាំងប្រទេសកូរ៉េខាងត្បូង ក្នុងខណៈថ្ងៃឈប់សម្រាកដល់ទៅ៥ថ្ងៃជាប់គ្នានេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ចំនួនករណីផ្ទុះឆ្លងឡើងវិញនៃជំងឺកូវីដកំពុងក្លាយជាការបារម្ភថ្មីក្រោយពីបុណ្យឈូសុកបានបិទបញ្ចប់ជាស្ថាពរពីថ្ងៃពុធម្សិលមិញេនះ។ តាមអ្វីដែលគេរំពឹងទុកនោះ គឺនឹងអាចមានការកើនឡើងនៃករណីឆ្លងកូវីដនៅតំបន់នានាខាងក្រៅទីក្រុងសេអ៊ូលក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់នេះ ដោយសារតែក្នុងពេលបុណ្យឈូសុក អ្នកដែលរស់នៅសេអ៊ូលជាច្រើននាំគ្នាទៅលេងគ្រួសារនៅស្រុកកំណើត។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា ករណីឆ្លងកូវីដប្រចាំថ្ងៃក្នុងចន្លោះថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃកន្លងទៅនេះ ចាប់ពីថ្ងៃទីសៅរ៍ មកដល់ថ្ងៃអង្គារ គឺមានចន្លោះពី១៦០៤ ដល់ ១៩០៩ករណី ដែលតួលេខនេះគឺខ្ពស់ជាតួលេខនៃករណីឆ្លងក្នុងខែកន្លងមក ក្នុងអំឡុងពេលចុងសប្តាហ៍។

សម្រាប់ថ្ងៃអង្គារនេះ តួលេខឆ្លងកូវីដថ្មីមានដល់ទៅ ១៧២០ករណី ក្នុងចំណោមមនុស្សដែលបានធ្វើតេស្តប្រមាណជាង ១០ម៉ឺននាក់ទូទាំងប្រទេសកូរ៉េខាងត្បូង។ បើគិតពីតួលេខនៃការធ្វើតេស្តក្នុងសប្តាហ៍កន្លងមកមុនពេលបុណ្យឈូសុក ដែលមានដល់ទៅជាង ១៦ម៉ឺន ទៅ១៨ម៉ឺនតេស្តក្នុងមួយថ្ងៃ គេអាចសន្និដ្ឋានជាការរំពឹងទុកមុនបានថា ក្រោយពីចប់បុណ្យឈូសុកនេះទៅ តួលេខនៃករណីឆ្លងនឹងអាចកើនដល់ទៅលើស ២ពាន់ករណីជាថ្មីទៀត។

រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង កន្លងមកបានជំរុញឱ្យប្រជាជនកាត់បន្ថយការធ្វើដំណើរនិងជួបជុំក្នុងអំឡុងពេលឈប់សម្រាកដើម្បីបន្ថយហានិភ័យនៃការចម្លងកូវីដ-១៩ ជាពិសេសគឺអ្នកដែលបានឆ្លងកូវីដរួចហើយ តែមិនទាន់លេចចេញរោគសញ្ញានោះឯង ប៉ុន្តែជាក់ស្តែងគ្រប់ៗគ្នាសុទ្ធតែចង់ធ្វើដំណើរទៅជួបជុំសាច់ញាតិ ខណៈដែលវិធានការគម្លាតសង្គមដែលបានអនុវត្តអស់ជាច្រើនខែមកនោះ បានធ្វើឱ្យគ្រប់ៗគ្នាសុទ្ធតែហត់នឿយ និងនឹកនាការធ្វើដំណើរ។ បើតាមទិន្នន័យនៃអាជ្ញាធរចរាចរណ៍កូរ៉េ ចំនួនយានយន្តធ្វើដំណើរលើដងផ្លូវធំទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យឈូសុកនេះកើនដល់ទៅ ៣.៥% ធៀបនឹងចំនួនយានយន្តធ្វើដំណើរកាលពីបុណ្យឈូសុកឆ្នាំមុន។

ក្នុងនោះដែរ ជាវិធានការទប់ស្កាត់បន្ត អជ្ញាធរសុខាភិបាលបានចេញសេចក្តីណែនាំឱ្យប្រជាជនកូរ៉េខាងត្បូង ដែលគ្រោងនឹងចូលធ្វើការវិញនៅថ្ងៃនេះ ធ្វើតេស្តកូវីដជាមុនសិន ដើម្បីអាចកាត់បន្ថយហានិភ័យនៃការចម្លងកូវីដទៅកាន់អ្នករួមការងារជាមួយគ្នាបន្តបន្ទាប់ដោយមិនដឹងខ្លួននោះ។

Leave a Reply

Your email address will not be published. Required fields are marked *