ថ្ងៃចុងក្រោយបុណ្យឈូសុក​ ភ្ញាក់ផ្អើលពីសេអ៊ូល ស្រ្តីចំណាស់ជាម្តាយអាយុ៨០ឆ្នាំ ត្រូវកូនបង្កើតខ្លួនឯងចាក់ដល់បាត់បង់ជីវិត ហើយកូនក្រោយបង្កហេតុ លោតចុះក្រោម បញ្ចប់ជីវិតតាមក្រោយ

កូរ៉េខាងត្បូង៖​ ក្នុងខណៈដែលប្រជាជនកូរ៉េខាងត្បូងទូទាំងប្រទេសកំពុងអបអរសាទរបុណ្យឈូសុក ជួបជុំគ្រួសារសប្បាយរីករាយកាលពីដើមសប្តាហ៍នេះ មានករណីមិនគួរឱ្យជឿមួយបានកើតឡើង ដោយមានករណីឃាតកម្មលើម្តាយវ័យចំណាស់ ខណៈដែលកូនបង្កើតរបស់ខ្លួនបានហក់ចុះពីលើផ្ទះចុះមកក្រោម បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសារព័ត៌មានកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News កាលពីល្ងាចថ្ងៃពុធ ថ្ងៃចុងក្រោយនៃបុណ្យឈូសុកម្សិលមិញនេះ បានឱ្យដឹងថានៅអាផាតមិនមួយកន្លែងពីសង្កាត់ 노원구 ក្រុងសេអ៊ូល មានការខលមករាយការណ៍ដល់បុស្តិ៍ប៉ូលិសពីករណីឃាតកម្មមួយលើស្រ្តីចំណាស់ម្នាក់អាយុ៨០ឆ្នាំ ដែលជាម្ចាស់អាផាតមិននោះផ្ទាល់។

ក្រោយពីទទួលបានការរាយការណ៍ភ្លាម ប៉ូលិសកូរ៉េបានចុះទៅដល់ទីតាំងអាផាតមិនដែលបានរាយការណ៍ខាងលើ និងបានរកឃើញសាកសពស្រ្តីចំណាស់អាយុជាង៨០ឆ្នាំនៅក្នុងបន្ទប់នោះ ហើយគេកំណត់បានថាអ្នកដែលខលទៅរាយការណ៍នោះគឺកូនរបស់ស្រ្តីចំណាស់ផ្ទាល់។ កូនប្រុសរបស់ជនរងគ្រោះជាស្រ្តីចំណាស់នេះ មានអាយុជាង៥០ឆ្នាំ ក៏ត្រូវបានគេរកឃើញថាក្រោយពីរាយការណ៍ទៅដល់ប៉ូលិសភ្លាម ក៏បានលោតចុះពីអាផាតមិនជាន់ទី១៥នោះមកដល់ខាងក្រោមបាត់បង់ជីវិតបន្តគ្នាផងដែរ។

តាមរយៈការសន្និដ្ឋានដំបូងបានឱ្យដឹងថា បុរសជាកូនអាយុជាង៥០ឆ្នាំដែលបានរាយការណ៍ពីករណីឃាតកម្ម និងបានលោតពីអាគារមកនេះហើយ គឺជាជនបង្កហេតុក្នុងករណីនេះ តែយ៉ាងណា ប៉ូលិសក៏កំពុងស៊ើបអង្កេតស្វែងរកពីហេតុផលដែលបង្កឱ្យមានករណីនេះឡើងផងដែរ។ នៅក្នុងអាផាតមិនកើតហេតុ គេក៏បានរកឃើញថាទ្វារបន្ទប់មានការខូចខាតមួយចំនួន ជាសញ្ញានៃការរុញទ្វារចូលដោយបង្ខំផងដែរ។ ជនរងគ្រោះជាស្រ្តីវ័យចំណាស់ ត្រូវប៉ូលិសរកឃើញថាមានស្នាមចាក់នឹងកាំបិត ដូចនេះជាការសន្និដ្ឋានគឺបុរសជាកូន ជាអ្នកបង្ក ហើយបានរាយការណ៍ទៅប៉ូលិស ហើយក្រោយមកក៏បានលោតចុះមកដីដើម្បីបញ្ចប់ជីវិតខ្លួនឯង។

តាមការបញ្ជាក់លម្អិតរបស់ប៉ូលិស ករណីនេះជនបង្កបានទាក់ទងទៅប៉ូលិសធ្វើការរាយការណ៍តាំងពីម៉ោង ៧:១២ ព្រឹកនៅថ្ងៃចុងក្រោយនៃបុណ្យឈូសុក ដោយបានបញ្ជាក់ថាមានករណីកើតហេតុនៅទីតាំងកើតហេតុ។ ៧នាទីក្រោយមកទៀត ជនបង្កបានខលទៅរាយការណ៍ករណីនេះម្តងទៀត។

បើតាមការបញ្ជាក់ពីសាក្សីជាអ្នកជិតខាងរស់នៅក្បែរអាផាតមិនរបស់ស្រ្តីចំណាស់បាននិយាយថា ស្រ្តីចំណាស់រូបនេះរស់នៅបន្ទប់អាផាតមិនខាងលើតែម្នាក់ឯង ក្រោយពីប្តីរបស់គាត់បានលាចាកលោកមុនទៅ។ ស្រ្តីចំណាស់នេះពិបាកដើរ និងជិះរទេះ ហើយជាធម្មតាមិនមានកូនៗណានៅជាមួយគាត់ទេ ដោយយូរៗម្តងមានកូនស្រីមកមើលម្តងប៉ុណ្ណោះ ហើយកូនប្រុសដែលជាជនបង្កហេតុនេះ គេមិនដែលឃើញមកលេងម្តាយដែលនៅតែម្នាក់ឯងនេះទេ កន្លងមក។ ស្រ្តីចំណាស់ជាជនរងគ្រោះក៏មានកូនៗផ្សេងៗទៀត តែគេមិនដែលឃើញកូនៗណាមកជួបគាត់ពីមុនមកនោះទេ។

ករណីនេះ ប៉ូលិសកូរ៉េនឹងធ្វើការពិនិត្យលើកាំមេរ៉ាសុវត្ថិភាពនៅនឹងទីតាំងនោះ ដើម្បីឆែកមើលសកម្មភាពរបស់ស្រ្តីចំណាស់រងគ្រោះ និងកូនជាជនបង្កនេះ ហើយក៏នឹងធ្វើការសាកសួរកូនៗដទៃទៀត ដើម្បីស្វែងរកមូលហេតុពិតដែលនាំកើតករណីនេះផៀងដែរ។

សូមបញ្ជាក់ថា ក្នុងអំឡុងបុណ្យឈូសុកនេះដែរ កាលពីថ្ងៃទី១៨ កញ្ញាកន្លងទៅ ប្តីប្រពន្ធមួយគូអាយុជាង ៥០ឆ្នាំ ដែលបាននាំគ្នាមកលេងស្រុកកំណើតនៅឈុនណាម បានធ្វើអត្តឃាតរួមគ្នាជាមួយនឹងយាយរបស់ខ្លួនអាយុ៧០ឆ្នាំ ដោយបន្សល់ទុកត្រឹមពាក្យពេជន៍បន្តិចលើក្រដាសប៉ុណ្ណោះ។

ករណីមួយផ្សេងទៀត នៅតំបន់ស៊ុនឈុន គេរកឃើញសាកសពម្នាក់ដែលគេសន្និដ្ឋានថាជាបុរសអាយុ៤៨ឆ្នាំម្នាក់ឈ្មោះ គីម ដែលកន្លងមកបានធ្លាក់ខ្លួនក្ស័យធុនក្នុងអាជីវកម្មស្ថានីយ៍ចាក់សាំងរបស់ខ្លួន ហើយក្រោយមកក៏បានបាត់ដំណឹងអស់ជាង៣ខែកន្លងមកហើយដែរនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *