ទំនើបណាស់! ពិធីបុណ្យឈូសុកសម័យកូវីដ ប្រជាជនកូរ៉េខាងត្បូងនាំគ្នាសែនផ្នូរជូនដូនតាខ្លួន តាមប្រព័ន្ធអនឡាញ ខណៈទីតាំងផ្នូរសឹងទាំងអស់ បិទមិនឱ្យមានរៀបចំពិធី!!

កូរ៉េខាងត្បូង៖ សេវាកម្មសែនផ្នូរជូនដូនតា ញាតិសណ្តាននៅកូរ៉េខាងត្បូងតាមប្រព័ន្ធអនឡាញ ជំនួសឱ្យការទៅជួបជុំគ្នាជាមួយគ្រួសារទាំងអស់គ្នាផ្ទាល់នៅតាមទីតាំងផ្នូរជាក់ស្តែង កំពុងក្លាយជារបត់ថ្មីនៃសង្គមកូរ៉េខាងត្បូង ក្នុងសម័យកាលកូវីដនេះ ហើយក៏កំពុងមានអ្នកសម្របខ្លួនប្រើប្រាស់ច្រើនផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថាក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូងបានរៀបចំសេវាកម្មប្រព័ន្ធអនឡាញ សម្រាប់ឱ្យប្រជាជនកូរ៉េខាងត្បូង ក្នុងឱកាសបុណ្យឈូសុកនេះ អាចមានការរៀបចំសែនផ្នូរ គោរពដូនតាខ្លួនតាមរយៈប្រព័ន្ធថ្មីឈ្មោះជាភាសាអង់គ្លេសថា «eSky funeral information system»។ ប្រព័ន្ធថ្មីនេះ ក៏ត្រៀមសម្រាប់ពិធីបុណ្យប្រពៃណីកូរ៉េធំមួយទៀតផងដែរ គឺបុណ្យចូលឆ្នាំកូរ៉េ។

ប្រព័ន្ធសែនផ្នូរតាមអនឡាញនេះ ជាប្រព័ន្ធថ្មីដែលបង្កើតឡើងដោយក្រសួង ជាមួយអាជ្ញាធរជំនាញកូរ៉េ ហើយដាក់ឱ្យប្រើប្រាស់ទូលាយមិនគិតថ្លៃសេវាកម្មប្រើប្រាស់នោះទេ ដោយប្រជាជនកូរ៉េខាងត្បូងអាចធ្វើការរៀបចំសែនផ្នូរគោរពដូនតាជុំគ្នា ហើយមានសមាជិកគ្រួសារទាំងអស់ចូលរួមតាម​ប្រព័ន្ធអនឡាញបានទាំងអស់ មិនថាពីទីតាំងណានោះទេ ឱ្យតែមានអ៊ីនធើណែត ហើយក៏អាចចែករំលែកតាមប្រព័ន្ធបណ្តាញសង្គមផងដែរ។

បើគិតពីតួលេខនៃការប្រើប្រាស់វិញ គិតមកដល់មុនថ្ងៃបុណ្យឈូសុក ដែលចាប់ផ្តើមពីថ្ងៃចន្ទទី២០ ដល់ថ្ងៃពុធទី២២ កញ្ញានេះ មានមនុស្សដល់ទៅ ១៣៣,៦០០នាក់ បានប្រើប្រាស់សេវាកម្មសែនផ្នូរតាមអនឡាញនេះ ដែលគិតចាប់តាំងពីថ្ងៃដាក់ឱ្យដំណើរការដើមខែកញ្ញានេះមក មានអ្នកប្រើប្រាស់ជាមធ្យមដល់ទៅជាង ៥០០០នាក់ក្នុងមួយថ្ងៃ។

ក្រសួងជំនាញក៏បានលើកឡើងថាផងដែរ តួលេខនេះអាចនឹងមានការកើនឡើងបើគិតពីចំនួនអ្នកដែលចូលរួមប្រើប្រាស់ជាក់ស្តែង ដោយសារមួយគ្រួសារធំអាចមានអ្នកចុះឈ្មោះប្រើប្រាស់តែម្នាក់ប៉ុណ្ណោះ ហើយអ្នកផ្សេងជាសមាជិកគ្រួសារអាចចូលរួមគ្នានៅនឹងមុខកាំមេរ៉ា ដោយមិនបានចុះឈ្មោះទៀតនោះទេ។

កម្មវិធីសែនផ្នូរតាមអនឡាញនេះ ក៏មានការកែសម្រួលពង្រីកវិសាលភាពនៃមុខងារប្រើប្រាស់ឱ្យមានភាពងាយស្រួល ទូលំទូលាយទៅតាមតម្រូវការជាក់ស្តែងនៃការសែនផ្នូរផ្ទាល់ផងដែរ។ តាមរយៈការផ្តល់មតិយោបល់ជាបន្តបន្ទាប់ពីអ្នកប្រើប្រាស់ ក្រសួងបានបន្ថែមមុខងាយដូចជាអាចធ្វើការកែប្រែរូបភាពដាក់នៅផ្ទាំងខាងក្រោយនៃកម្មវិធីសែនផ្នូររបស់ខ្លួន ហើយអាចមានការប្រើប្រាស់សម្លេង ឬវីដេអូទៅតាមតម្រូវការជាក់ស្តែងនៃគ្រួសារនីមួយៗ ហើយសម្រាប់មុខម្ហូបសែនព្រេនវិញ ក៏មានជម្រើសច្រើនមុខសម្រាប់ជ្រើសរើសផងដែរ ហើយកម្មវិធីនេះក៏អនុញ្ញាតឱ្យសមាជិកអ្នកចូលរួមទាំងអស់អាចធ្វើការនិយាយឆ្លើយឆ្លងគ្នា បានផងដែរ បើទោះជាចូលរួមតាមអនឡាញពីទីតាំងផ្សេងគ្នាក៏ដោយ។

សូមបញ្ជាក់ថា អាជ្ញាធរកូរ៉េ និងក្រសួងរៀបចំសេវាកម្មនេះឡើងតាមអនឡាញ ដោយសារតែស្ថានការណ៍កូវីដ ដែលធ្វើឱ្យការជួបជុំគ្នាជាគ្រួសារច្រើនផ្ទាល់នៅនឹងទីតាំងសែនផ្នូរ អាចនឹងមានហានិភ័យខ្ពស់ ហើយបច្ចុប្បន្នក្រោមគម្លាតសង្គមទីតាំងសែនផ្នូរធំៗទូទាំងប្រទេសដល់ទៅ១១ កន្លែងត្រូវបានបិទមិនអនុញ្ញាតឱ្យមានអ្នកមករៀបចំពិធីអ្វីទាំងអស់ក្នុងអំឡុងពេលនេះ ហើយទីតាំងផ្នូរតាមមូលដ្ឋានខេត្តក្រុងនានាមួយចំនួនជាច្រើន ក៏មានការអនុវត្តគម្លាតសង្គម និងរឹតត្បិតចំនួនមនុស្សដែលអាចទៅធ្វើពិធីផ្ទាល់ក្នុងពេលបុណ្យឈូសុកនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *