កូរ៉េខាងត្បូង៖ គោលដៅសម្រាប់ដំណើរការចាក់វ៉ាក់សាំងកូវីដថ្មីនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានកំណត់រួចហើយដោយអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ខណៈដែលទើបនឹងសម្រេចបានគោលដៅចាក់វ៉ាក់សាំងកូវីដដូសទី១ ៧០% ជូនប្រជាជនខ្លួនថ្មីៗនេះ ដែលគោលដៅថ្មីនេះនឹងធ្វើយ៉ាងណាពន្លឿនលទ្ធផលនៃការចាក់វ៉ាក់សាំងឱ្យបានកាន់តែលឿនជាងមុន។
ចុះផ្សាយក្នុងសារព័ត៌មាន Naver News កូរ៉េបានឱ្យដឹងថា គោលដៅថ្មីនេះគឺនឹងសម្រេចឱ្យបានការចាក់វ៉ាក់សាំងកូវីដឱ្យរួចរាល់ទាំងស្រុង (រួចរាល់ទាំងពីរដូសសម្រាប់វ៉ាក់សាំងតម្រូវការចាក់២ដូស និង១ដូសសម្រាប់វ៉ាក់សាំងតម្រូវការចាក់តែ១ដូស) រហូតដល់ទៅ៧០% នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យបានត្រឹមចុងខែតុលា ខាងមុខនេះ។
ជាមួយនឹងការដាក់ចេញផែនការថ្មីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏គ្រោងនឹងរៀបចំបង្កើនធនធាន និងសមត្ថភាពក្នុងការចាក់វ៉ាក់សាំងផងដែរ យ៉ាងណាដើម្បីអាចសម្រេចទៅតាមគោលដៅថ្មីដែលបានកំណត់នេះ។ ក្នុងផែនការបង្កើនធនធាន និងសមត្ថភាពនេះ មានដូចជាការបង្កើនសមត្ថភាពចាក់វ៉ាក់សាំងតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ត្រៀមទទួលចំនួនអ្នកមកចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើន។
បើតាមផែនការកំណត់ អាចនឹងចាប់ផ្តើមពីដើមខែតុលាទៅ អ្នកចាក់វ៉ាក់សាំងកូវីដដូសទី១ហើយ ក្រុមអាយុវ័យកណ្តាលនឹងចាប់ផ្តើមដល់ពេលត្រូវចាក់ដូសទី២ ហើយដូចនេះតាមទីតាំងកន្លែងចាក់វ៉ាក់សាំងកូវីដនីមួយៗចំនួនដល់ទៅ ២៨២ទីតាំងទូទាំងប្រទេស នឹងត្រូវបង្កើនសមត្ថភាពត្រៀមទទួលអ្នកមកចាក់វ៉ាក់សាំងឱ្យបានដល់អតិបរមា។
ក្នុងនោះដែរ ថ្មីៗនេះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចាប់ផ្តើមអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងកូវីដដែលសល់ក្នុងស្តុក ជូនចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ហើយផងដែរ មានន័យថាអ្នកចាក់វ៉ាក់សំាងកូវីដទី១ហើយ មិនចាំបាច់រង់ចាំទាល់តែដល់កាលបរិច្ឆេទចាក់ដូសទី២ តាមការកំណត់នោះទេ គឺអាចធ្វើការកក់ចុះឈ្មោះចាក់វ៉ាក់សាំងដែលសល់ក្នុងស្តុកតាមទីតាំងចាក់វ៉ាក់សាំងនានា ដើម្បីអាចចាក់វ៉ាក់សាំងកូវីដដូសទី២របស់ខ្លួនមុនតែម្តង។
តាមគោលការណ៍នេះ អ្នកចាក់វ៉ាក់សាំងកូវីដដូសទី១ហើយ អាចកក់ចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងដែលនៅសល់ក្នុងស្តុកនេះបានតាម Naver or KakaoTalk ឬក៏អាចធ្វើការទាក់ទងទូរស័ព្ទទៅមន្ទីរពេទ្យ និងចុះឈ្មោះនៅនឹងមន្ទីរពេទ្យណាដែលមានវ៉ាក់សាំងកូវីដសល់ក្នុងស្តុកផ្ទាល់តែម្តង។
សម្រាប់តែអ្នកចាក់វ៉ាក់សាំងកូវីដដែលសល់ក្នុងស្តុកនេះប៉ុណ្ណោះ រយៈពេលគម្លាតសម្រាប់វ៉ាក់សាំងកូវីដដូសទី១ Pfizer ត្រូវកាត់មកនៅត្រឹម៣អាទិត្យប៉ុណ្ណោះ ហើយសម្រាប់វ៉ាក់សាំង Moderna និង AstraZeneca សល់ត្រឹម៤អាទិត្យប៉ុណ្ណោះ។ ហើយគេអាចទៅចាក់វ៉ាក់សាំងនៅសល់នេះ នៅទីណាក៏បានឱ្យតែមន្ទីរពេទ្យនោះមានវ៉ាក់សាំងដែលសល់ក្នុងស្តុកជាក់ស្តែង មិនចាំបាច់ទាល់តែជាមន្ទីរពេទ្យដែលគេបានទៅចាក់ដូសដំបូងនោះទេ។
អជ្ញាធរសុខាភិបាលមានភាពជឿជាក់នឹងអាចសម្រេចបានគោលដៅចាក់វ៉ាក់សាំងកូវីដថ្មីនេះ ដោយសារតែដំណើរការនៃការចាក់វ៉ាក់សាំងបច្ចុប្បន្នមានភាពផុសផុល និងមានល្បឿនលឿនខ្លាំង។ ជាក់ស្តែង គ្រាន់តែរយៈពេលចុងសប្តាហ៍នេះ អ្នកចាក់វ៉ាក់សាំងកូវីដមានដល់ទៅជាង៣៩ម៉ឺននាក់ឯណោះ ហើយក្នុងនោះមានដល់ទៅជាង ១៩ម៉ឺននាក់ ជាអ្នកមកចាក់វ៉ាក់សាំងដូសទី២បញ្ចប់នេះ ហើយក្នុង១៩ម៉ឺននាក់នោះ មានដល់ទៅជាង ១២ម៉ឺននាក់ ជាអ្នកដែលមកចាក់វ៉ាក់សាំងកូវីដសល់ក្នុងស្តុក តាមការកំណត់ថ្មីនេះ។
ក្នុងនោះដែរ ក្រៅពីការបង្កើនសមត្ថភាពទទួលចាក់វ៉ាក់សាំង និងការអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងដូសទី១ អាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដដូសទី២ ដែលសល់ក្នុងស្តុកបាននេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏គ្រោងនឹងផ្តល់ និងបង្កើនអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ផងដែរ ដូចជាការសម្រួលមុខងារបញ្ជាក់កាតចាក់វ៉ាក់សាំង ការសម្រួលឱ្យប្រើប្រាស់ព័ត៌មានចាក់វ៉ាក់សាំងជាមួយនឹងលិខិតឆ្លងដែនជាដើម ដើម្បីលើកទឹកចិត្តឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដឱ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កូរ៉េខាងត្បូងសម្រេចបានតួលេខអ្នកចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់១ដូស បានដល់៧០%ហើយ គឺលើសពីតួលេខ៣៦លាននាក់ ក្នុងចំណោមប្រជាជនជាង៥២លាននាក់ទូទាំងប្រទេសនោះ បើតាមការប្រកាសឱ្យដឹងពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។
តួលេខសំខាន់ៗនៃជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដបន្តបន្ទាប់កន្លងមកនោះ មានតួលេខសម្រេចបាន ៣លាននាក់ដំបូងកាលពីថ្ងៃទី ២៩ មេសា បន្ទាប់មកសម្រេចបាន ១០លាននាក់នៅថ្ងៃទី១០ ខែមិថុនា បន្ទាប់សម្រេចបានដល់២០លាននាក់នៅថ្ងៃទី៣ ខែសីហា និងសម្រេចបានតួលេខ ៣០លាននាក់នៅថ្ងៃទី៥ ខែកញ្ញា ២០២១នេះ។