ប្រជាជនកូរ៉េដែលចាក់វ៉ាក់សាំងកូវីដដូសទី១ហើយ សម្រុកនាំគ្នារកវ៉ាក់សាំងសល់ក្នុងស្តុកតាមមន្ទីរពេទ្យ ដើម្បីចាក់ដូសទី២ឱ្យហើយ មុនទៅលេងស្រុកក្នុងបុណ្យឈូសុក ដោយសារតែ..

កូរ៉េខាងត្បូង៖ ខណៈដែលពិធីបុណ្យឈូសុក បុណ្យប្រពៃណីដ៏ធំរបស់កូរ៉េខាងត្បូងចាប់ផ្តើមមុនតាំងពីថ្ងៃចុងសប្តាហ៍នេះទៅហើយនោះ គេសង្កេតឃើញប្រជាជនកូរ៉េខាងត្បូង អ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១រួចកន្លងមក នាំគ្នាបុកសម្រុកទៅដណ្តើមគ្នាចង់ចាក់វ៉ាក់សាំងកូវីដដូសទី២ ឱ្យបានហើយមុននឹងទៅលេងស្រុកក្នុងអំឡុងពេលបុណ្យឈូសុកនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន​ Naver News បានរាយការណ៍ឱ្យដឹងពីនិន្នការថ្មីនេះដែលប្រជាជនកូរ៉េខាងត្បូងអ្នកដែលបានចាក់ដូសទី១រួចរាល់ ហើយកំពុងតែនៅក្នុងពេលវេលារង់ចាំចាក់ដូសទី២នោះ បាននាំគ្នាទៅចាក់វ៉ាកសាំងឱ្យបានមុនបុណ្យឈូសុក។

ជាមួយនឹងនិន្នការសម្រុកទៅចាក់វ៉ាក់សាំងកូវីដបង្ហើយ មុនថ្ងៃបុណ្យឈូសុកនេះ គេឃើញថាមានមនុស្សជាច្រើននាំគ្នាងាកទៅដណ្តើមគ្នា រកវ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុក មិនមានអ្នកមកចាក់យ៉ាងច្រើន ក្រោយពីអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងដូសទី២ បន្ថយថេរវេលាគម្លាតរវាងដូសទី១​ និងដូសទី២ ថ្មីៗនេះ ដែលមានន័យថាបើមានវ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុក អ្នកចាក់ដូសទី១ហើយ ក៏អាចចុះឈ្មោះទៅចាក់វ៉ាក់សាំងនោះបានដែរ មិនចាំបាច់ទាល់តែរង់ចាំកាលបរិច្ឆេទចាក់ដូសទី២ តាមការកំណត់ក្នុងប្រព័ន្ធនោះទេ។

គេឃើញថាក្នុងរយៈពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ចំមុនបុណ្យឈូសុកនេះមានមនុស្សដល់ទៅជាង ៣៥ម៉ឺននាក់ បាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដដូសទី២ ដោយចុះឈ្មោះចាក់វ៉ាក់សាំងកូវីដដែលមានសល់ក្នុងស្តុកតែម្តង ដោយមិនចាំបាច់រង់ចាំកាលបរិច្ឆេទកំណត់ដើមរបស់ខ្លួននោះទេ។

ប្រជាជនម្នាក់ដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ហើយកន្លងមក ដែលបានកក់ចុះឈ្មោះចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប្រភេទវ៉ាក់សាំងដែលសល់ក្នុងស្តុកនេះបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា ខ្លួនចង់ចាក់វ៉ាក់សាំងកូវីដឱ្យរួចរាល់មុននឹងទៅស្រុកកំណើត ដោយសារនៅឯស្រុក មានចាស់ៗច្រើននៅ ដែលអាចជាហានិភ័យ ទើបគាត់ចង់ចាក់វ៉ាក់សាំងឱ្យបានរួចរាល់សិន។

សូមបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងកូវីដដូសទី១ហើយ អាចកក់ចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងដែលនៅសល់ក្នុងស្តុកនេះ គឺធ្វើឡើងកាលពីថ្ងៃសុក្រមុននេះឯង។ គេអាចធ្វើការកក់ចុះឈ្មោះបានតាម Naver or KakaoTalk ឬក៏អាចធ្វើការទាក់ទងទូរស័ព្ទទៅមន្ទីរពេទ្យ និងចុះឈ្មោះនៅនឹងមន្ទីរពេទ្យណាដែលមានវ៉ាក់សាំងកូវីដសល់ក្នុងស្តុកផ្ទាល់តែម្តង។

សម្រាប់តែអ្នកចាក់វ៉ាក់សាំងកូវីដដែលសល់ក្នុងស្តុកនេះប៉ុណ្ណោះ រយៈពេលគម្លាតសម្រាប់វ៉ាក់សាំងកូវីដដូសទី១ Pfizer ត្រូវកាត់មកនៅត្រឹម៣អាទិត្យប៉ុណ្ណោះ ហើយសម្រាប់វ៉ាក់សាំង Moderna និង AstraZeneca សល់ត្រឹម៤អាទិត្យប៉ុណ្ណោះ។ ហើយគេអាចទៅចាក់វ៉ាក់សាំងនៅសល់នេះ នៅទីណាក៏បានឱ្យតែមន្ទីរពេទ្យនោះមានវ៉ាក់សាំងដែលសល់ក្នុងស្តុកជាក់ស្តែង មិនចាំបាច់ទាល់តែជាមន្ទីរពេទ្យដែលគេបានទៅចាក់ដូសដំបូងនោះទេ។

ជាមួយនឹងការប្រកាសបែបនេះ ហើយប្រជាជននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដសល់ក្នុងស្តុកនេះ គេឃើញថាការចុះឈ្មោះមានការដណ្តើមគ្នាយ៉ាងខ្លាំង អ្នកខ្លះខំប្រឹងស្វែងរកទីតាំងចាក់វ៉ាក់សាំងដែលមានវ៉ាក់សាំងសល់ហើយ តែមិនអាចចុះឈ្មោះចាក់ទាន់គេទៀត។

សូមបញ្ជាក់ និន្នាការនេះស្របគ្នាផងដែរទៅនឹងគោលនយោបាយថ្មីចុងក្រោយរបស់រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ដែលចង់ងាកមកផ្តល់អាទិភាពដល់អ្នកចាក់វ៉ាក់សាំងកូវីដដូសទី២ ដើម្បីអាចសម្រេចបានចាក់វ៉ាក់សាំងកូវីដឱ្យរួចរាល់ទាំងស្រុងជូនប្រជាជនដល់ ៧០% មុនចុងខែតុលាខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *