ច្រើនករណីហើយ រន្ធត់ណាស់! ម្ចាស់ហាងមួយនៅកូរ៉េខាងត្បូង ដោយសារកូវីដ និងគម្លាតសង្គម ធ្វើឱ្យធ្លាក់ខ្លួនដល់ក្ស័យធុន រត់គេចពីគ្រួសារអស់ជាង៣ខែ ទើបតែរកឃើញសាកសពឥឡូវនេះ

កូរ៉េខាងត្បូង៖ សាកសពបុរសម្នាក់អាយុ៤០ឆ្នាំ ដែលជាជនជាតិកូរ៉េខាងត្បូង អ្នករកស៊ីខ្លួន​ឯង និងធ្លាក់ខ្លួនមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែគម្លាតសង្គមកូវីដនោះ ហើយបានបាត់ខ្លួន បាត់ដឺណឹងឈឹងជាង៣ខែនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅលើភ្នំតែម្នាក់​ឯង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ព័ត៌មាននេះបានឱ្យដឹងថា ករណីដែលគេរកឃើញបុរសខាងលើនេះគឺនៅនឹងភ្នំមួយកន្លែងនៅក្រុងហាយ៉ុង ម្យ៉ុង (해룡면)  ទីក្រុងស៊ុនឈុន ខេត្តឈុនណាម ប្រមាណម៉ោង១០ព្រឹក ថ្ងៃអាទិត្យម្សិលមិញនេះ។ សាកសពបុរសខាងលើដែលគេរកឃើញនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ គីម អាយុ៤៨ឆ្នាំ​ ហើយនៅពេលដែលគេរកឃើញនោះ គឺមានសភាពសឹងតែរលួយអស់មើលលែងយល់ទៅហើយ តែគេរកឃើញរថយន្ត និងអត្តសញ្ញាណរបស់បុរសរូបនោះ ទុកចតចោលនៅជើងភ្នំនោះ ដែលនាំឱ្យគេកំណត់អត្តសញ្ញាណបាន។

បើតាមរបាយការណ៍ដែលប៉ូលិសកូរ៉េទទួលបានគឺ គេបានរាយការណ៍កាលពី២ថ្ងៃមុនមកសមត្ថកិច្ចថាបានរកឃើញរថយន្តមួយចតចោលប្រមាណជាង២សប្តាហ៍មកហើយនៅក្នុងតំបន់ក្បែរនោះ។ នៅក្នុងឡានដែលគេរាយការណ៍ជូនសមត្ថកិច្ចនោះ គឺបើកទ្វារចោល និងទុកសោរនៅនឹងឡាននោះតែម្តង។ ដូចនេះហើយទើបសមត្ថកិច្ចចាប់ផ្តើមពង្រាយកម្លាំងល្បាតដើររកជនខាងលើនៅតំបន់ក្បែររថយន្តដែលគេរាយការណ៍ថាចតចោលនោះនោះ។

ក្រោយពីបានបញ្ចេញកម្លាំងជំនាញជាង៨០នាក់ ដើរស្វែងរកទីតាំងម្ចាស់រថយន្តនៅទីតាំងក្បែរៗនោះរយៈពេល២ថ្ងៃ ទើបគេរកឃើញសាកសពជនរងគ្រោះខាងលើនៅទីតាំងលើភ្នំនោះ។

បុរសខាងលើនេះត្រូវបានគេដឹងថា ធ្លាប់ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈប្រើប្រាស់ក្នុងកសិដ្ឋាន តែដោយសារតែស្ថានការណ៍កូវីដចុងក្រោយនេះ បាននាំឱ្យមុខរបររកស៊ីរបស់គាត់ជួបបញ្ហាលុយកាក់ធ្ងន់ធ្ងរដោះស្រាយមិនបាន រហូតដល់គាត់ត្រូវសម្រេចចិត្តប្រកាសក្ស័យធុនតែម្តង។ ក្រោយមក បុរសរូបនេះក៏បានទុកសារមួយផ្ញើរជូនគ្រួសារខ្លួនកាលពីថ្ងៃទី១៣ មិថុនា កន្លងមក ថាគាត់នឹងចាកចេញ ហើយបន្ទាប់មកគាត់ក៏លែងទៅធ្វើការ និងត្រូវបានដំណឹងរហូតមក ហើយក៏ត្រូវបានក្រុមគ្រួសាររាយការណ៍ករណីបាត់ខ្លួនផងដែរ។

ក្នុងករណីនេះ ប៉ូលិសជំនាញសន្និដ្ឋានថាមិនមានករណីសង្ស័យថាជាអំពើឃាតកម្មនោះទេ តែអជ្ញាធរគ្រោងនឹងធ្វើតេស្តឌីអិនអេបន្ថែមទៀត ដើម្បីអាចបញ្ជាក់ឱ្យច្បាស់ពីភិនភាគ ក៏ដូចជាពីមូលហេតុនៃការបាត់បង់ជីវិតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *