ចូលរួមសាទរ! លឿនជាងការកំណត់ ត្រឹមល្ងាចម្សិលមិញ កូរ៉េខាងត្បូងសម្រេចជោគជ័យចាក់វ៉ាក់សាំងកូវីដដូសទី១ ជូនប្រជាជន បានលើស៧០% ឬ៣៦លាននាក់ហើយ មុនបុណ្យឈូសុកតែម្តង

កូរ៉េខាងត្បូង៖ គោលដៅដែលរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានដៅទុកក្នុងការសម្រេចឱ្យបានមុនបុណ្យឈូសុកកូរ៉េនាសប្តាហ៍ក្រោយនេះ ត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញនេះបានសម្រេចជោគជ័យហើយ ជាផ្លែផ្កាសមិទ្ធផលធំមួយទៀតរបស់កូរ៉េខាងត្បូងឆ្លើយតបនឹងកូវីដ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា​គិតត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញនេះ កូរ៉េខាងត្បូងសម្រេចបានតួលេខអ្នកចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់១ដូស បានដល់៧០%ហើយ គឺលើសពីតួលេខ៣៦លាននាក់ ក្នុងចំណោមប្រជាជនជាង៥២លាននាក់ទូទាំងប្រទេសនោះ បើតាមការប្រកាសឱ្យដឹងពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

តួលេខអ្នកចាក់វ៉ាក់សាំងកូវីដដូសទី១ បានដល់ទៅ៧០.១% គឺចំនួន ៣៦,០០៤,១០១នាក់សរុបហើយនេះត្រូវបានប្រកាសជាផ្លូវការកាលពីម៉ោង៥ល្ងាច ថ្ងៃសុក្រទី១៧ កញ្ញា ២០២១ម្សិលមិញនេះ។ គិតចាប់តាំងពីថ្ងៃទី១ដែលកូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ គឺថ្ងៃទី២៦ កុម្ភៈមកនោះ គឺមានរយៈពេល ២០៤ថ្ងៃហើយ ដែលអជ្ញាធរសុខាភិបាលកូរ៉េសម្រេចបានជោគជ័យថ្មីនេះ។

តួលេខសំខាន់ៗនៃជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដបន្តបន្ទាប់កន្លងមកនោះ មានតួលេខសម្រេចបាន ៣លាននាក់ដំបូងកាលពីថ្ងៃទី ២៩ មេសា បន្ទាប់មកសម្រេចបាន ១០លាននាក់នៅថ្ងៃទី១០ ខែមិថុនា បន្ទាប់សម្រេចបានដល់២០លាននាក់នៅថ្ងៃទី៣ ខែសីហា និងសម្រេចបានតួលេខ ៣០លាននាក់នៅថ្ងៃទី៥ ខែកញ្ញា ២០២១នេះ។

សូមបញ្ជាក់ថា តួលេខកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដឱ្យបានដល់៧០% ឬលើសពី៣៦លាននាក់មុនពិធីបុណ្យឈូសុកនេះ គឺជាការប្រកាសកំណត់ដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ជាសាធារណៈកន្លងមកតែម្តង ហើយឥឡូវនេះជាលទ្ធផល គឺអាចសម្រេចមុនការកំណត់នេះទៅទៀត។

សម្រាប់គោលដៅបន្ទាប់នៃការចាក់វ៉ាក់សាំងគឺគេគ្រោងនឹងពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងកូវីដឱ្យបានដល់ ៨០% នៃប្រជាជនកូរ៉េខាងត្បូងទាំងអស់យ៉ាងហោចឱ្យបាន១ដូស និងចាក់វ៉ាក់សាំងឱ្យបានដល់៩០% សម្រាប់ប្រជាជនដែលមានអាយុពី១៨ឆ្នាំឡើងទៅផងដែរ។

សម្រាប់ទីក្រុងសេអ៊ូលវិញនោះ អជ្ញាធរក្រុងសេអ៊ូលផ្ទាល់ក៏បានដាក់ចេញផែនការផ្ទាល់ខ្លួនផងដែរ ធ្វើយ៉ាងណាចាក់វ៉ាក់សាំងប្រជាជននៅសេអ៊ូលឱ្យបានរួចរាល់ទាំងស្រុងដល់ទៅ៧០% ត្រឹមចុងខែតុលាខាងមុខនេះ ហើយសម្រាប់បច្ចុប្បន្នគេរំពឹងថាក្រុងសេអ៊ូលក៏នឹងអាចសម្រេចផែនការនេះបានមុនកាលកំណត់ផងដែរ។

ជាមួយនឹងតួលេខនៃការចាក់វ៉ាក់សាំងកូវីដបានកាន់តែច្រើននេះ ស្របជាមួយនឹងគោលដៅនៃការចាក់វ៉ាក់សាំងបន្តបន្ទាប់ទៀតនោះ រដ្ឋាភិបាលគ្រោងនឹងផ្តល់ជាអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួច ដូចជាការអនុញ្ញាតឱ្យមានការជួបជុំបានកាន់តែច្រើនជាងមុនជាដើម។

យ៉ាងណាមិញ ជាមួយនឹងតួលេខជោគជ័យថ្មីនេះដែរ អជ្ញាធរ និងអ្នកជំនាញនៅតែបន្តព្រមានឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះវត្តមាននៃការចម្លងកូវីដបម្លែងខ្លួនថ្មី ដូចជាប្រភេទដែលតាជាដើម ដែលមានកាន់តែច្រើននៅកូរ៉េខាងត្បូងបច្ចុប្បន្ននេះ។ ហើយមែនទែនទៀតនោះ ការចាក់វ៉ាក់សាំងកូវីដបានត្រឹមតែ១ដូស មិនទាន់គ្រប់គ្រាន់ក្នុងការការពារពីកូវីដនោះទេ ដូចនេះប្រជាជនទាំងអស់ត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *