ប្រសាសន៍សំខាន់ៗ ១៦ចំណុចរបស់សម្តេចតេជោ នាថ្ងៃទី១៧ កញ្ញា ២០២១ !! កម្ពុជាគ្រោងបើក​ឱ្យភ្ញៀវបរទេសចាក់វ៉ាក់សាំងរួច ធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ តែអាច ..

កម្ពុជា៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល​គ្រោង​អនុញ្ញាតឱ្យ​បើកទទួលភ្ញៀវទេសចរបរទេស​ដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច ចូលមកកម្ពុជា​ដោយធ្វើចត្តាឡីស័ក ៧ថ្ងៃប៉ុណ្ណោះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់​ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ កញ្ញា ២០២១។

សម្តេចតេជោបញ្ជាក់ទៀតថា ការធ្វើចត្តាឡីស័ក ៧ថ្ងៃនេះ គឺមិនមែន​នៅក្នុងបន្ទប់ទេ ពោលគឺ​ប្រសិនបើភ្ញៀវរូបនោះទៅដល់ខេត្តក្រុងណា គឺអាច​ដើរលេងកម្សាន្ត​ក្នុងខេត្តក្រុងនោះរយៈពេល ៧ថ្ងៃ ហើយពេលចប់៧ថ្ងៃ គឺអាចឆ្លងទៅខេត្តផ្សេងៗបាន៕

ក្នុងនោះដែរ សម្តេចតេជោក៏មានប្រសាសន៍សំខាន់ៗជាច្រើនទៀត នៅក្នុងសន្ទរកថានាព្រឹកថ្ងៃទី១៧ ខែកញ្ញា ២០២១នេះ៖

(១) កម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ។ (២) ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង។ (៣) ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត។ (៤) រាល់ថ្ងៃសៅរ៍ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា។

(៥) មានពលករខ្មែរប្រមាណ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ (៦) បើគ្មានការដឹកនាំបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងទេ ទីក្រុងកម្ពុជាមិនអាចក្លាយជាទីក្រុងដែលមានវ៉ាក់សាំងទេ។ (៧) វិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១៖ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២៖ ការចាក់វ៉ាក់សាំង និងទី៣៖ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។ (៧) នៅថ្ងៃទី២៤ កញ្ញា ខាងមុខនេះ នឹងមានវ៉ាក់សាំងថ្មីមកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ កញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញដោយកម្ពុជា។

(៨) កម្ពុជាចាក់ដូសទី៣ បានជាង៨០ម៉ឺននាក់បាត់ហើយ។ (៩) ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំងប្រទេសកម្ពុជាពេលនេះមានចំនួន២ ៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣ បឋម១៥០០ កម្រិតអនុវិទ្យាល័យ៧១៦ កម្រិតវិទ្យាល័យ២៧២។ (១០) យើងសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ។ (១១) កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនអំឡុងផ្ទុះកូវីដ១៩ ទៅសិក្សានៅប្រទេសចិនវិញ។

(១២) បើសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវភាគច្រើន ដោយឡែកវិស័យឯកជនក៏អាចរួមចំណែកជួយចេញលុយ បើចាក់ដល់បុគ្គលិកខ្លួន តែសម្រាប់កសិករ កម្មករក្រីក្រ រដ្ឋនឹងចេញលុយជូន។ (១៣) បើសិនជាកម្ពុជាបិទចិន គឺបិទច្រមុះខ្លួនឯង។ (១៤) សម្តេចមិនមែនចូលស្តាប់ចូល Zoom របស់ក្រុមប្រឆាំងលើកទី១នោះទេ គឺ ចូលស្តាប់ប្រហែល២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង៥០ផងដែរ។ ការចូលរបស់សម្តេចគឺមាន link និងលេខកូដត្រូវត្រឹម មិនមែនជាការ Hack នោះទេ។

(១៥) បើសម្តេចចង់បានរឿងច្បាប់អភ័យឯកសិទ្ធិនេះ មិនមែនធ្វើត្រឹមច្បាប់ទេ គឺកែរដ្ឋធម្មនុញ្ញតែម្តង ព្រោះពេលនេះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈទាំងអស់។ (១៦) រឿងវ៉ាក់សាំងជាមរតកដ៏មានតម្លៃរបស់ព្រះមហាក្សត្រ-សម្តេចម៉ែ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាមរតករួមរបស់ប្រទេសជាតិរបស់យើង។

ខ្លឹមសារទាំងស្រុងពី៖ FN និង ខ្លីៗ សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *