កូរ៉េខាងត្បូង៖ តាំងពីសប្តាហ៍មុនមក ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមធ្វើការចែកប្រាក់សុទ្ធឧបត្ថម្ភអ្នករងគ្រោះដោយសារស្ថានការណ៍កូវីដ ដោយជ្រើសរើសចែកប្រាក់ឧបត្ថម្ភនេះសម្រាប់តែអ្នកដែលមានប្រភពចំណូល ៨៨% ខាងក្រោមគេប៉ុណ្ណោះទូទាំងប្រទេស។ តែដល់ការអនុវត្តជាក់ស្តែងនៅតាមខេត្តក្រុងនានាជាច្រើននៅតាមប្រទេសកូរ៉េខាងត្បូង គេសង្កេតឃើញអជ្ញាធរមូលដ្ឋានខេត្តក្រុងមួយចំនួន មិនគោរពតាមគោលការណ៍នេះ តែបែរជាធ្វើការចែកប្រាក់ឧបត្ថម្ភនេះជូនដល់ប្រជាជនក្នុងមូលដ្ឋានខ្លួនទាំងអស់ទៅវិញ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ប្រាក់ឧបត្ថម្ភអ្នកប៉ះពាល់កូវីដដែលត្រូវឧបត្ថម្ភផ្ទាល់ដល់ប្រជាជនដែលមានប្រភពចំណូលទាបជាង ៨៨% ទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់ម្នាក់ៗត្រូវទទួលបានដល់ ២៥ម៉ឺនវ៉ុន (ប្រមាណ ២១៥ដុល្លារ) នេះ ក្នុងការអនុវត្តជាក់ស្តែងមានរដ្ឋបាលតាមមូលដ្ឋានខេត្តក្រុងតូចធំ មួយចំនួនបែរជាអនុវត្តលើសពីគោលការណ៍ដោយធ្វើការចែកប្រាក់ឧបត្ថម្ភនេះដល់ប្រជាជនខ្លួនទាំងស្រុង ដោយមិនកំណត់ថានរណាមានប្រភពចំណូលក្រោម៨៨% និងនរណាដែលមានប្រភពចំណូលខ្ពស់ជាង៨៨% ដែលជាគោលការណ៍មិនត្រូវផ្តល់ឱ្យនោះទេ។
ជាក់ស្តែងនៅខេត្តឃ្យ៉ុងគី ក្រុមប្រឹក្សាភិបាលខេត្តឃ្យ៉ុងគីបានសម្រេចនៅថ្ងៃពុធនេះថា ខេត្តឃ្យ៉ុងគីនឹងធ្វើការចែកប្រាក់ឧបត្ថម្ភនេះជូនដល់ប្រជាជនទំាំងអស់ក្នុងខេត្តដោយមិនមានការកំណត់បែងចែកអ្នកណាមានជាង អ្នកណាក្រជាងនោះទេ។ តាមគោលការណ៍សម្រេចចិត្តបែបនេះ រដ្ឋបាលខេត្តឃ្យ៉ុងគីនឹងត្រូវគ្រោងចំណាយប្រាក់បន្ថែមដល់ទៅ ៦៣៤.៨ពាន់លានវ៉ុន ដើម្បីអាចធ្វើការចែកប្រាក់ឧបត្ថម្ភអ្នកប៉ះពាល់ពីកូវីដចំនួន ២៥ម៉ឺនវ៉ុនក្នុងម្នាក់នេះ ឱ្យបានដល់អ្នកដែលមានជីវភាពធូរធារ១២%លើគេផងដែរ ដែលមានប្រហែលជាង ២.៥៤លាននាក់។
ក្រៅពីខេត្តឃ្យ៉ុងគី ក៏មានរដ្ឋបាលតាមមូលដ្ឋានខេត្តក្រុងនានាដល់ទៅជាង ៣០រដ្ឋបាល បានសម្រេចចិត្តអនុវត្តដូចខេត្តឃ្យ៉ុងគីនេះដែរ ដោយធ្វើការបែងចែកប្រាក់ឧបត្ថម្ភនេះឱ្យដល់ប្រជាជនគ្រប់ៗរូបដោយមិនមានការកំណត់ដូចការណែនាំពីរដ្ឋាភិបាលកូរ៉េខាងត្បូងជារួមនោះទេ ដោយរដ្ឋបាលទាំងនោះបានលើកហេតុផលថា មិនគួរមាននរណាម្នាក់ដែលត្រូវបានគេលើកលែងមិនផ្តល់ប្រាក់ឧបត្ថម្ភសំណងចំពោះការខូចខាតបង់ពីស្ថានការណ៍កូវីដនេះនោះទេ។
នៅខេត្តឈុងណាម មានទីក្រុង និងមូលដ្ឋានផ្សេងៗដល់ទៅ៦ ក្នុងចំណោម១៥ ដូចជានៅ ណុនសាន (Nonsan), ឃ្យ៉ុរ្យ៉ុង (Gyeoryong), ស៊ូសាន (Seosan), ហ្គុងជូ (Gongju), ឈុងយ៉ាង (Cheongyang) និង ហ្គុមសាន (Geumsan) សុទ្ធតែបានសម្រេចចិត្តអនុវត្តគោលការណ៍មិនរើសអើង រៀបចំចែកប្រាក់ឧបត្ថម្ភនេះជូនដល់ប្រជាជនខ្លួនទាំងអស់គ្រប់ៗគ្នាតែម្តង។ សម្រាប់ទីក្រុង និងតំបន់ទាំង៦នេះ គ្រោងនឹងចំណាយប្រាក់បន្ថែមសរុបដល់ទៅ ១៣.៦ពាន់លានវ៉ុន ដើម្បីអាចចែកប្រាក់ឧបត្ថម្ភឱ្យបានដល់គ្រប់ៗគ្នា លើសពីអ្វីដែលរដ្ឋាភិបាលថ្នាក់កណ្តាលប្រគល់ជូនឱ្យមូលដ្ឋានខ្លួនអនុវត្តនោះ។
ចំណែកឯងនៅខេត្តហ្គាងវ៉ុនវិញ មានទីក្រុងនិងតំបន់នានាដល់ទៅ៦ ក្នុងចំណោម១៨ បានអនុវត្តគោលការណ៍ស្មើភាពគ្នាដូចនេះដែរ។ នៅក្នុងតំបន់ទាំងនោះ មានតំបន់ឈរវ៉ុន (Cheorwon) មួយបានប្រកាសថានឹងបែងចែកប្រាក់ចំនួន ២០ម៉ឺនឱ្យបានដល់ប្រជាជនគ្រប់ៗគ្នា ខណៈក្រុង និងតំបន់៥ផ្សេងទៀតអនុវត្តតាមគោលការណ៍ប្រគល់ប្រាក់ឧបត្ថម្ភ ២៥ម៉ឺនវ៉ុន ដល់ប្រជាជនទាំងអស់ឱ្យបានគ្រប់ៗគ្នាតែម្តង។ ក្នុងនោះមានតំបន់ហុងឈុន (Hongcheon) មួយបានអនុវត្តលើសទៀត ដោយសុខចិត្តបន្ថែមប្រាក់ឧបត្ថម្ភឱ្យប្រជាជនក្នុងមូលដ្ឋានខ្លួនចំនួន ២០ម៉ឺនវ៉ុនម្នាក់ទៀត ពីលើប្រាក់២៥ម៉ឺនដែលរដ្ឋាភិបាលកូរ៉េខាងត្បូងប្រគល់ឱ្យស្រាប់នោះ។
នៅឯខេត្តឈុនណាមឯណោះវិញ មានទីក្រុង និងតំបន់ដល់ទៅ១៥ ក្នុងចំណោម២២ បានសម្រេចប្រគល់បន្ថែមប័ណ្ណទឹកប្រាក់តម្លៃជាង ១០ម៉ឺនវ៉ុនបន្ថែមពីលើប្រាក់ឧបត្ថម្ភចំនួន២៥ម៉ឺនវ៉ុននេះទៀត សម្រាប់ប្រជាជនមូលដ្ឋានខ្លួនគ្រប់ៗគ្នា។ បណ្តាចៅសង្កាត់ និងអភិបាលខេត្តក្រុង និងតំបន់ទាំងនោះលើកហេតុផលដូចគ្នាថាខ្លួនជឿថាមិនគួរមានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវគេរើងអើងមិនផ្តល់ប្រាក់ឧបត្ថម្ភជូននោះទេ ហើយគ្រប់ៗគ្នាគួរតែទទួលបានចំណែកនៃប្រាក់ឧបត្ថម្ភនេះស្មើៗគ្នា។
សូមបញ្ជាក់ថាប្រាក់ឧបត្ថម្ភសម្រាប់អ្នករងគ្រោះដោយសារកូវីដផ្តល់ដោយរដ្ឋាភិបាលកូរ់េខាងត្បូងនេះ គឺជាកញ្ចប់មួយផ្នែកទំហំប្រមាណជាង១១ទ្រីលានវ៉ុន នៃកញ្ចប់ទឹកប្រាក់ដ៏ធំប្រទេសកូរ៉េខាងត្បូងដើម្បីយកមកជួយដោះស្រាយទុក្ខលំបាកប្រជាជន តាមវិស័យផ្សេងៗទៀតជាច្រើន។