កូរ៉េខាងត្បូង៖ ម្ចាស់ហាងបណ្ណាគារលក់សម្ភារៈសិក្សានៅនឹងមុខសាលារៀនបឋមសិក្សាមួយកន្លែងនៅខេត្តក្យ៉ុងណាម ត្រូវបានប៉ូលិសស៊ើបអង្កេតករណីមានពាក្យបណ្តឹងដល់ទៅជាង១០បណ្តឹងពីការរំលោភបំពានផ្លូវភេទលើកុមារី កូនសិស្សសាលាបឋម តែមិនគួរឱ្យជឿនោះគឺខណៈដែលមានពាក្យបណ្តឹងច្រើនបែបនេះហើយ ម្ចាស់ហាងបណ្ណាគារនៅតែបន្តដំណើរការលក់ដូរធម្មតាបង្កជាការតវ៉ា និងខឹងសម្បារយ៉ាងខ្លាំង។
ចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ករណីបណ្តឹងដ៏ច្រើនពាក់ព័ន្ធគឺកើតចេញពីទីតាំងហាងបណ្ណាគារលក់សម្ភារៈសិក្សានៅនឹងមុខសាលាបឋមសិក្សានៅក្នុងខេត្តយ៉ុងណាម។ ទីតាំងនេះបើកដំណើរការតាំងពី៦ឆ្នាំមុន ស្របពេលដែលសាលាបឋមសិក្សាចាប់ផ្តើមបើកដំណើរការដែរ។ យ៉ាងណាមិញ ថ្មីៗកាលពីជាង៣ខែមុននេះ មានសិស្សថ្នាក់ទី៣នៃសាលាបឋមសិក្សានេះ បានសារភាពប្រាប់ឪពុកម្តាយខ្លួនថានាងត្រូវបានម្ចាស់ហាងបណ្ណាគារនេះលូកលាន់ជាច្រើនដង។ ក្រោយពីរឿងនេះបែកភ្លាម ក៏ចាប់ផ្តើមមានកូនសិស្សជាច្រើនបន្តបន្ទាប់ទៀតដល់ទៅជាង១០នាក់ ចាប់ផ្តើមសារភាពដូចគ្នានេះប្រាប់ទៅឪពុកម្តាយរបស់ខ្លួន ដែលបង្កជាការភ្ញាក់ផ្អើល ឈានដល់ការស៊ើបអង្កេតបន្តបន្ទាប់នេះ។
បើតាមការបញ្ជាក់របស់ឪពុកម្តាយរបស់កុមារតូចៗទាំងនោះ បានឱ្យដឹងថាម្ចាស់ហាងបណ្ណាគារអាយុជាង៥០ឆ្នាំនេះ បានលូកលាន់កុមារតូចៗទាំងនោះដូចៗគ្នា។ ហើយក្រោយពីបានបែកធ្លាយហេតុការណ៍ទាំងនេះ ឪពុកម្តាយសិស្សតូចៗជាជនរងគ្រោះបាននាំគ្នាទៅរាយការណ៍ប្រាប់សាលារៀនពីបញ្ហានេះ តែសាលារៀនមិនបានចេញវិធានការដើម្បីបើកការស៊ើបអង្កេតនោះទេ។ ក្នុងករណីនេះ សាលារៀនដែលមានការចាត់វិធានការឱ្យបានទាន់ពេលវេលានោះ នាយកសាលាបានឆ្លើយតបថា ដោយសារតែការប្តឹងពីសំណាក់ឪពុកម្តាយសិស្សនោះ គឺចំពេលដែលសាលារៀនចំពេលវ៉ាកង ដូចនេះគេមិនទាន់អាចចាត់វិធានការអ្វីបាន ហើយថែមទាំងបានលើកឡើងថា បើសិនឪពុកម្តាយសិស្សនាំគ្នាមករាយការណ៍ចំពេលចូលរៀនវិញ គាត់នឹងចាត់ចែង និងឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនោះបានលឿនជាងនេះ។
ករណីនេះដែរត្រូវបានរាយការណ៍ទៅដល់សមត្ថកិច្ចប៉ូលិសជាក្រោយ តែក៏យឺតពេលយូរផងដែរ តែទោះជាយ៉ាងណាប៉ូលិសបានបើកការស៊ើបអង្កេតលើករណីនេះ។ ក្រោយពីប៉ូលិសបានបើកការស៊ើបអង្កេត និងពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពនៅនឹងទីតាំងបណ្ណាគារ ទើបគេរកឃើញថាជនសង្ស័យពិតជាបានប៉ះពាល់លើកូនសិស្សតូចៗទាំងនោះ។ ដូចនេះប៉ូលិសបានកោះហៅជនសង្ស័យមកសួរចម្លើយ តែមិនឃាត់ខ្លួននោះទេ។
មូលហេតុដែលប៉ូលិសមិនទាន់ធ្វើការឃាត់ខ្លួន ត្រូវបានបញ្ជាក់ក្នុងរបាយការណ៍ស៊ើបអង្កេតថាជនសង្ស័យបានឆ្លើយថាដោយសារតែទីតាំងក្នុងហាងរបស់គាត់នោះចង្អៀត ដូចនេះនៅពេលដែលគាត់ដើរចុះឡើងក្នុងហាង ក៏បានប៉ះកុមារតូចៗទាំងនោះហើយក៏មិនមានគោលបំណងក្នុងការលូកលាន់ក្មេងៗទាំងនោះដែរ។ ជនសង្ស័យនៅតែបន្តបើកហាងបណ្ណាគាររបស់ខ្លួនធម្មតាដដែល ហើយអ្វីដែលធ្វើឱ្យអាណាព្យាបាលសិស្សកាន់តែខឹងសម្បារនោះគឺហាងនេះបើកនៅនឹងមុខសាលារៀនតែម្តង ដូចនេះក្នុងពេលស៊ើបអង្កេតនេះ ហាងរបស់គាត់នៅតែបើកដំណើរការធម្មតាដូចនេះ នោះសិស្សដទៃទៀតដែលមិនដឹងរឿងនឹងអាចចូលទៅហាងនោះដូចធម្មតា ហើយអាចធ្លាក់ខ្លួនជាជនរងគ្រោះផងដែរ។
បើទោះជាមានការតវ៉ាយ៉ាងច្រើនពីសំណាក់អាណាព្យាបាលកុមារទៅដល់ប៉ុស្តិប៉ូលិស និងដល់សាលាក្រុងក៏ដោយ ក៏គេមិនអាចធ្វើការផ្អាកដំណើរការរបស់ហាងបណ្ណាគារនោះបាន។ មន្ត្រីបានបញ្ជាក់ថាមូលហេតុដែលគេមិនអាចផ្អាកហាងនោះបាន ដោយសារតែករណីអ្នកសង្ស័យថាបំពានផ្លូវភេទ តាមគោលការណ៍ច្បាប់អាចនឹងត្រូវហាមឃាត់មិនឱ្យធ្វើការនៅទីតាំងការងារដែលមានពាក់ព័ន្ធនឹងកុមារ និងយុវជន តែសម្រាប់ហាងបណ្ណាគារនៅនឹងមុខសាលារៀននេះ តាមគោលការណ៍រដ្ឋបាល គឺគេមិនអាចរាប់បញ្ចូលក្នុងលក្ខខណ្ឌនេះបានទេ។
តែយ៉ាងណាមិញ ក្នុងករណីនេះក្រោយពីមានការផ្ទុះតវ៉ាកាន់តែខ្លាំងនោះ ជនសង្ស័យនេះបានសម្រេចចិត្តបិទផ្អាកដំណើរការហាងបណ្ណាគាររបស់ខ្លួនដោយខ្លួនឯង កាលពីថ្ងៃទី១៨ ខែសីហាទៅហើយ។