កូរ៉េខាងត្បូង៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ជាពិសេសរដ្ឋបាលនៅក្រុងសេអ៊ូលត្រូវប្រឈមនឹងបញ្ហាតម្លៃអចលនទ្រព្យឡើងថ្លៃខ្ពស់ខ្លាំង ហើយបច្ចុប្បន្ននេះ គេបានកំណត់រកឃើញទីតាំងដែលមានតម្លៃជួលផ្ទះថ្លៃជាងគេបំផុតនៅក្នុងប្រទេសកូរ៉េហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News។
បើតាមទិន្នន័យដែលវិភាគ និងបោះពុម្ភផ្សាយដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បានឱ្យដឹងទីតាំងអចលនទ្រព្យដែលមានតម្លៃជួលប្រចាំខែថ្លៃជាងគេនោះគិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ គឺនៅក្រុងសេអ៊ូល តែមិនមែននៅសង្កាត់កាំងណាម (Gangnam) នោះទេ គឺនៅសង្កាត់សុងដុង (성동구) ជាទីតាំងនៅជាប់នឹងដងទន្លេហានទៅវិញទេ។
ទីតាំងដែលមានតម្លៃជួលថ្លៃជាងគេបង្អស់នេះ គឺស្ថិតនៅក្នុងអាគារ Acro Seoul Forest Tower A. ទៅវិញទេ ដែលតម្លៃបន្ទប់ជួលប្រចាំខែដែលមានតម្លៃខ្ពស់ជាងគេ គឺមានតម្លៃដល់ទៅ២៧លានវ៉ុនឯណោះប្រចាំខែ ហើយអ្នកជួលទីតាំងបន្ទប់នៅក្នុងអាគារ Acro Seoul Forest Tower A. នេះតម្រូវឱ្យបង់ថ្លៃកក់មុនដល់ទៅ ២ពាន់លានវ៉ុន (ប្រមាណដល់ជិត ២លានដុល្លារ) ឯណោះ។ បន្ទប់នេះមានទំហំដល់ទៅ ២៦៤.៥មែ៉ត្រការ៉េ និងស្ថិតនៅជាន់ទី៤៧ នៃអាគារកម្ពស់ខ្ពស់ Acro Seoul Forest Tower A. នេះ។
សម្រាប់ទីតាំងនេះ តម្លៃជួលប្រចាំខែបើគិតជាឆ្នាំវិញមានតម្លៃដល់ទៅ ៣២៤លានវ៉ុនឯណោះ ដែលគ្រាន់តែថ្លៃជួលទីតាំងនេះមួយខែសឹងតែស្មើនឹងចំណូលរបស់អ្នករៀនចប់សាកលវិទ្យាល័យឆ្នាំដំបូងផ្នែក SME ដែលមានចំណូលប្រចាំឆ្នាំត្រឹមតែជាង ២៨.៥២លានវ៉ុនប៉ុណ្ណោះ។

ចំណែកទីតាំងដែលមានតម្លៃជួលថ្លៃជាងគេទី២នោះ គឺអាគារ «이니그마빌2» នៅសង្កាត់កាំងណាម (강남구) ដែលមានទំហំ២៣០.៧មែ៉ត្រការ៉េ និងមានតម្លៃជួលប្រចាំខែដល់ទៅ ១២លានវ៉ុន ហើយត្រូវការថ្លៃកក់មុនដល់ទៅ៣០០លានវ៉ុន។
ទីតាំងថ្លៃជាងគេទី៣ គឺអាគារ «반포자이» នៅតំបន់បានផូ សង្កាត់សូឈូ (서초구) ក្រុងសេអ៊ូលដូចគ្នា ដែលមានទំហំ ២៤៥.០ម៉ែត្រការ៉េ និងមានថ្លៃជួលប្រចាំខែដល់ទៅ ១០លានវ៉ុន និងត្រូវការប្រាកកក់មុនដល់ទៅ ១ពាន់លានវ៉ុនដែរ។
ទីតាំងថ្លៃជាងគេទី៤ គឺអាគារ «한남더힐» នៅតំបន់ហាន់ណាមដុង សង្កាត់យ៉ុងសាន (용산구) ដែលមានទំហំដល់ទៅ ១៧៧.៨ម៉ែត្រការ៉េ និងមានតម្លៃជួលប្រចាំខែចំនួន ៨លានវ៉ុន និងមានថ្លៃកក់ត្រូវបង់មុនដល់ទៅ ១.២ពាន់លានវ៉ុនផងដែរ។
នៅក្នុងតារាងទិន្នន័យថ្លៃជួលដែលខ្ពស់ជាងគេក្នុងប្រទេសកូរ៉េខាងត្បូងនេះ គេឃើញថាក្នុងចំណោមទីតាំងដែលថ្លៃជាងគេទាំង១០ទីតាំង មានពីតម្លៃជួលខ្ពស់ជាងគេបង្អស់ ២៧លានវ៉ុន រហូតដល់តម្លៃជួលទាបបំផុត ៦.៥លានវ៉ុនក្នុងមួយខែ ដែលតួលេខនេះបញ្ជាក់យ៉ាងច្បាស់ពីតម្លៃរស់នៅដល់ខ្ពស់ក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញក៏មានការបញ្ចេញមតិជាច្រើនពីសាធារណជនកូរ៉េខាងត្បូង ថាតម្លៃជួលដ៏ថ្លៃរបស់ទីតាំងទាំងនេះ ធ្វើឱ្យទីផ្សារអចលនទ្រព្យទាំងមូលកើនតម្លៃដូចសព្វថ្ងៃនេះ ដែលនាំឱ្យមានបញ្ហាយ៉ាងខ្លាំងដល់ប្រជាជនទូទៅដែលមានចំណូលមធ្យមផងដែរ។
