ក្តៅទៀតហើយ! ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងថ្លែងការណ៍ព្រមានប្រធានាធិបតីកូរ៉េខាងត្បូងភ្លាមៗថា បើនៅបន្តចោទកូរ៉េខាងជើងបង្កការ «គម្រាមកំហែង» ទៀតនោះទំនាក់ទំនងកូរ៉េនឹងអាច «បំផ្លាញ» ជាថ្មីទៀត

កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង មិនបង្អង់យូរនោះទេ បានចេញមកថ្លែងការណ៍ព្រមានលោកប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយពីលោកបានថ្លែងការណ៍ចោទប្រកាន់ថាសកម្មភាពកូរ៉េខាងជើង បង្ហោះសាកល្បងកាំជ្រួចបាលីស្ទីកនៅថ្ងៃពុធម្សិលមិញនេះ ជាទង្វើបង្ហាញការ «គម្រាមកំហែង» ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

សេចក្តីថ្លែងការណ៍របស់លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថាការបង្កើនសមត្ថភាពក្នុងការបាញ់កាំជ្រួចបាលីស្ទីករបស់កូរ៉េខាងត្បូង នឹងអាចជួយទប់ស្កាត់ការ «គម្រាមកំហែង» របស់កូរ៉េខាងជើង ក្រោយពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់បង្ហោះសាកល្បងកាំជ្រួចបាលីស្ទីករបស់ខ្លួន ទៅក្នុងសមុទ្រ។

នៅក្នុងសេចក្តីថ្លែងការណ៍ព្រមានប្រធានាធិបតីកូរ៉េខាងត្បូងនោះ លោកស្រី គីម យ៉ូជុង បានលើកឡើងថា «ប្រសិនបើពាក្យដែលរអិលចេញពីមាត់របស់លោកប្រធានាធិបតីជាការពិតនោះ មានន័យថាលោកប្រធានាធិបតី មូន ជេអ៊ីន ជាប្រធានាធិបតីឆោតល្ងង់ណាស់។ កូរ៉េខាងជើងសូមសម្តែងការសោកស្តាយចំពោះការប្រើប្រាស់ពាក្យថា គម្រាមកំហែង ដែលនាំឱ្យអ្នកសារព័ត៌មានប្រើបន្តពាក្យនេះដោយមិនចេះគិតនោះ»។

លោកស្រី គីម យ៉ូជុង បានលើកឡើងតទៀតថា «ប្រសិនបើលោកប្រធានាធិបតីចូលរួមរិះគន់ភាគីម្ខាងទៀត នោះប្រាកដណាស់នឹងមានការតបតឆ្លើយតប ដែលនឹងនាំឱ្យមានការបំផ្លិចបំផ្លាញដល់ទំនាក់ទំនងរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងមិនខាននោះទេ។»

តែយ៉ាងណាដែរ លោកស្រី គីម យ៉ូជុង ដែលជាតំណាងរបស់េមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានបន្ធូរបន្ថយសភាពការណ៍ ដោយបន្តលើកឡើងថា «យ៉ាងណាមិញ នេះមិនមែនជាអ្វីដែលកូរ៉េខាងជើងចង់បាននោះទេ» ដែលហាក់សំដៅថា បើទោះជាកូរ៉េខាងជើងខឹងមែននាពេលនេះ តែមិនទាន់ឈានដល់ដំណាក់កាលនិយាយគ្នាលែងបាននោះដែរ។

សូមបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃពុធម្សិលមិញពេលព្រឹកព្រលឹមបានបាញ់បង្ហោះកាំជ្រួចបាលីស្ទីករយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រខាងកើត គឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីបានធ្វើតេស្តជោគជ័យក្នុងការបាញ់បង្ហោះកាំជ្រួចគ្រូសរយៈចម្ងាយឆ្ងាយ ដែលខ្លួនទើបបង្កើតបានថ្មីៗនេះ។

លោកស្រី គីម យ៉ូជុង បានលើកឡើងថាសកម្មភាពទាំងនេះ គ្រាន់ជាផ្នែកនៃសកម្មភាពស្វ័យការពារខ្លួនរបស់កូរ៉េខាងជើងប៉ុណ្ណោះ ហើយមិនមែនជាទង្វើគម្រាមកំហែងនោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *