កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់គ្រាន់តែក្នុងសប្តាហ៍នេះ គេរកឃើញ៣ករណីផ្សេងៗពីគ្នា អ្នកដែលបើកហាងអាជីវកម្មរកស៊ីដោយខ្លួននៅកូរ៉េខាត្បូង ៣នាក់ បានបញ្ចប់ជីវិតខ្លួន ដោយសារតែបញ្ហាសេដ្ឋកិច្ចជួបប្រទះបណ្តាលមកពីឥទ្ធិពលនៃគម្លាតសង្គមដើម្បីការពារកូវីដដូចគ្នា។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កាលពីថ្ងៃចន្ទនេះ គេរកឃើញបុរសកូរ៉េខាងត្បូងវ័យ៥២ឆ្នាំម្នាក់ ដែលបើកហាងផឹកស៊ីមួយកន្លែងនៅក្រុងវ៉ុនជូ បានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួន។ បើតាមប៉ូលិសនៅវ៉ុនជូបានឱ្យដឹងថា បុរសខាងលើទំនងជាបានបាត់បង់ជីវិតអស់ជាច្រើនថ្ងៃមកហើយ តែមិនមាននរណាដឹងលឺ និងបានរកឃើញលឿនជាងនេះ។
បុរសដែលសម្រេចគិតខ្លីនេះ ជាម្ចាស់ហាងរកស៊ីបែបកម្សាន្តផឹកស៊ីមួយកន្លែងនៅវ៉ុនជូ ខេត្តហ្គាងវ៉ុនជាង៥ឆ្នាំមកហើយ ហើយអំឡុងពេលស្ថានការណ៍កូវីដ-១៩ចុងក្រោយ២ឆ្នាំនេះ ដោយសារតែស្ថានការណ៍គម្លាតសង្គមដែលមានការរឹតត្បិតខ្លាំងដល់អាជីវកម្មដែលគាត់ដំណើរការ បាននំាឱ្យគាត់មានស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចខ្លាំងមែនទែន។ បុរសរូបនេះ កន្លងមកក៏ធ្លាប់បានប្រាប់ទៅកាន់អ្នកស្គាល់គ្នា ពីស្ថានការណ៍សេដ្ឋកិច្ចរបស់គាត់ដែលមានភាពលំបាកខ្លំាង ជារួមគឺគាត់មិនមានលទ្ធភាពបង់ថ្លៃជួលផ្ទះ ជួលអាគារនានាជាច្រើនខែមកហើយ។
អ្នកស្គាល់គ្នាម្នាក់បានលើកឡើងថាបុរសរូបនេះ ធ្លាក់ខ្លួនមិនអាចរកលុយមកបង់ថ្លៃជួលផ្ទះដល់ទៅជាង២.៥លានវ៉ុន (ប្រមាណជាង ២១៤០ដុល្លារ) ប្រចាំខែឯណោះដោយសារតែការរកស៊ីរបស់គាត់ត្រូវរឹតត្បិត មិនអាចដំណើរការបានក្នុងស្ថានការណ៍កូវីដ-១៩នេះ។
ករណីមួយផ្សេងទៀត គឺបុរសម្នាក់ទៀតវ័យ៥០ឆ្នាំ ដែលរកស៊ីជាម្ចាស់ហាងលក់ភេសជ្ជៈគ្រឿងស្រវឹងនៅសេអ៊ូលម៉ាផូ បានត្រូវគេរកឃើញថាបានបាត់បង់ជីវិតដូចគ្នាកាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយពីជាប់ខ្លួនបំណុលវ័ណ្ឌក ដោយសារតែការរឹតត្បិតលើអាជីវកម្មកម្សាន្តដែលគាត់រកស៊ីក្នុងខណៈនៃការបិទខ្ទប់គម្លាតសង្គមនេះ។ ចំណែកឯករណីមួយផ្សេងទៀតនៅ យ៉ស៊ូ គឺបុរសម្នាក់ដែលជាអ្នករកស៊ីភោជនីយដ្ឋានលក់សាច់មាន់ បានគេរកឃើញថាបាត់បង់ជីវិតនៅថ្ងៃអាទិត្យនេះ និងបានសរសេរក្រដាសមួយបន្សល់រៀបរាប់ថាគាត់មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោះមិនរួច។
សូមបញ្ជាក់ថា អ្នករកស៊ីដោយខ្លួនឯងទូទាំងប្រទេសជាច្រើននាក់ បានទម្លាក់កំហុសលើអជ្ញាធរសុខាភិបាលដែលបានធ្វើឱ្យជីវភាពរបស់ពួកគេត្រូវរងការលំបាកជាខ្លាំង តាមរយៈវិធានការគម្លាតសង្គមដែលបានបន្តដាក់ចេញអនុវត្តរឹតត្បិតអាជីវកម្មនានាជាច្រើនប្រភេទអស់ជាច្រើនខែមកហើយ ហើយអាជីវកម្មប្រភេទកម្សាន្តមួយចំនួនសឹងមិនត្រូវឱ្យបើកដំណើរការតែម្តង។
ជាក់ស្តែងនៅតាមតំបន់ដែលមានគម្លាតសង្គមតឹងតែងខ្លាំង ហាងភោជនីយដ្ឋាន កាហ្វេជាដើមអាចបើកដំណើរការបានតែត្រឹមម៉ោង១០យប់ប៉ុណ្ណោះ ហើយចាប់ពីម៉ោង១០យប់ទៅម៉ោង៥ព្រឹក អាចតែខ្ចប់អាហារចេញក្រៅប៉ុណ្ណោះ។