កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្មេងជំទង់ក្រុមអាយុ ១២ ដល់១៧ឆ្នាំដែលគ្រោងនឹងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២១នេះ នឹងមិនមានការចាប់បង្ខំនោះទេគឺជាការស្ម័គ្រចិត្តសុទ្ធសាធ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។
តាមរយៈព័ត៌មាននេះបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រុមការងារចាក់វ៉ាក់សាំងកូរ៉េ បានលើកឡើងថាកុមារ និងក្មេងជំទង់ទូទៅមិនត្រូវបានចាត់ចូលជាក្រុមអាយុដែលមានហានិភ័យខ្ពស់ពីការចម្លងកូវីដនោះទេ ដូចនេះរដ្ឋាភិបាលកូរ៉េនាពេលបច្ចុប្បន្នជឿជាក់ការចាក់វ៉ាក់សាំងសម្រាប់ពួកគេ មិនចាំបាច់ជាកាតព្វកិច្ចនោះទេ តែផលប្រយោជន៍ពីការចាក់វ៉ាក់សាំងគឺនៅតែមានច្រើនជាងហានិភ័យផ្សេងៗដែលអាចកើតមានឡើង។
ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់រូបនេះដដែលបានលើកឡើងថា បើទោះជាហានិភ័យពីការចម្លងកូវីដ-១៩ សម្រាប់កុមារទូទៅមានកម្រិតទាបមែនទែនក៏ដោយ តែក្រុមកុមារមួយចំនួនដែលមានស្ថានការណ៍ជំងឺប្រចាំកាយផ្ទាល់ខ្លួននោះ ក៏មានហានិភ័យប្រឈមខ្ពស់ផងដែរ ដូចនេះជារួមក្រុមកុមារទាំងនេះគួរត្រូវបានចាក់វ៉ាក់សាំងខានមិនបាន។
ការលើកឡើងបែបនេះកើតឡើងខណៈដែលរដ្ឋាភិបាលកំពុងតែខិតខំរៀបចំផែនការលម្អិតពីការចាក់វ៉ាក់សាំងកូវីដជូនដល់សាធារណជនសម្រាប់ត្រីមាសទី៤ខាងមុខចុងឆ្នាំ២០២១នេះ ដែលក្នុងនោះមានរួមបញ្ចូលទាំងកុមារអាយុ១២ ដល់១៧ឆ្នាំផងដែរ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង បានសម្រេចកាលពីខែមុនថា អាយុកំណត់សម្រាប់អ្នកដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer នឹងបន្ថយពី១៨ឆ្នាំមកដល់ ១២ឆ្នាំ ដែលនេះហើយអនុញ្ញាតឱ្យកុមារក្មេងៗអាចទទួលបានការចាក់វ៉ាក់សាំងកូវីដដូចនៅមនុស្សពេញវ័យដែរនោះ។
អជ្ញាធរសុខាភិបាលកូរ៉េក៏នឹងអាចបញ្ចេញទិន្នន័យបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងចាក់ជូនក្រុមអាយុវ័យក្មេងទាំងនេះ ដើម្បីបង្ហាញជាភស្តុតាងជូនឱ្យប្រជាជនមានទំនុកចិត្ត និងស្ម័គ្រចិត្តអនុញ្ញាតឱ្យកូនៗតូចៗរបស់ខ្លួនអាយុ ១២ ដល់១៧ឆ្នាំ អាចមកចាក់វ៉ាក់សាំងកូវីដបាន នៅពេលដែលគេចាប់ផ្តើមចាក់។