បើពិតមែនល្អណាស់! មានពាក្យនិយាយតៗគ្នាថា រដ្ឋាភិបាលកូរ៉េអាចនឹងរ៉ាប់រងទាំងស្រុងលើថ្លៃថ្នាំព្យាបាលកូវីដ ដល់ទៅជាង ៩០ម៉ឺនវ៉ុនសម្រាប់មនុស្សម្នាក់ បើសិនត្រូវបានអនុញ្ញាតឱ្យប្រើឆាប់ៗនេះ

កូរ៉េខាងត្បូង៖ ខណៈដែលស្ថានការណ៍កូវីដកំពុងតែបន្តរីករាលដាល មានយន្តការជាច្រើនសម្រាប់ឆ្លើយតបដូចជាការចាក់វ៉ាក់សាំងកូវីដដើម្បីបង្ការការឆ្លង និងវិធីសាស្រ្តថ្មីគឺថ្នាំដើម្បីព្យាបាលជំងឺកូវីដដែលបច្ចុប្បន្ននេះ មានក្រុមហ៊ុនវេជ្ជសាស្រ្តធំៗនៅតាមប្រទេសនានា រួមទាំងប្រទេសកូរ៉េខាងត្បូងផ្ទាល់ផងកំពុងស្រាវជ្រាវ ហើយគ្រោងនឹងអាចដាក់ឱ្យប្រើប្រាស់បាននាពេលខាងមុខ។

ជាមួយនឹងការវិវត្តន៍ទៅមុខនៃវិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍បង្កើតជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដនេះ បច្ចុប្បន្ននេះមានរដ្ឋាភិបាលប្រទេសធំៗមួយចំនួនដូចជាសហរដ្ឋអាម៉េរិកកំពុងចរចាជាមួយនឹងបណ្តាក្រុមហ៊ុនវេជ្ជសាស្រ្តដែលផលិតថ្នាំ ដើម្បីអាចនឹងទិញយកមកប្រើប្រាស់ក្នុងពេលខាងមុខនេះ។ ចំពោះប្រទេសកូរ៉េខាងត្បូង យ៉ាងណាមិញក៏មានផែនការក្នុងការពិនិត្យលើថ្នាំគ្រាប់ប្រភេទព្យាបាលជំងឺកូវីដនេះផងដែរ តែជាបញ្ហាមួយទៀតដែលចោទនោះ គឺតម្លៃនៃថ្នាំគ្រាប់នេះដែលមានតម្លៃថ្លៃ ហើយមានការលើកឡើងជាបន្តបន្ទាប់បារម្ភពីបន្ទុកចំណាយលើការផឹកថ្នាំនេះ ថាជាបន្ទុកអ្នកជំងឺកូវីដផ្ទាល់ ឬជាបន្ទុករបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន YTN News ជាភាសាកូរ៉េបានឱ្យដឹងថារដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងដំណើរការចរចាក្នុងការទិញយកថ្នាំគ្រាប់ព្យាបាលជំងឺកូវីដទាំងនេះពីក្រុមហ៊ុនធំៗដែលកំពុងតែអភិវឌ្ឍន៍ផលិត ខណៈដែលរដ្ឋាភិបាលកូរ៉េក៏បន្តតាមដានវឌ្ឍនភាពនៃការពិនិត្យ ព្រមទាំងលទ្ធផលនៃការធ្វើតេស្តប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំព្យាបាលទាំងនេះផងដែរ។ ថ្នាំគ្រាប់ទាំងនេះរំពឹងថានឹងជាយន្តការថ្មីដែលអាចកែប្រែស្ថានការណ៍កូវីដបច្ចុប្បន្ន ឱ្យកាន់តែមានភាពធូរស្រាល និងអាចចម្លើយសម្រាប់អាចឈានមករកប្រក្រតីភាពជាធម្មតាវិញនៅក្នុងសង្គម និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាប្រទេសដទៃទៀតផងដែរ។

តែយ៉ាងណាមិញ បើតាមអ្វីដែលជាព័ត៌មានដែលទទួលបាន បើទោះជាមិនទាន់ផ្លូវការក៏ដោយ គឺថ្នាំព្យាបាលកូវីដទាំងនេះអាចមានតម្លៃថ្លៃដល់ទៅ ៩០ម៉ឺនវ៉ុន សម្រាប់មនុស្សម្នាក់ៗ ដែលតម្លៃនេះត្រូវបានគេរិះគន់ផងដែរថាជាការកេងប្រវណ្ឌពីក្រុមហ៊ុនវេជ្ជសាស្រ្តធំៗដែលមានសមត្ថភាពផលិតថ្នាំទាំងនេះ ក្នុងស្ថានការណ៍សព្វថ្ងៃដែលពិភពលោកទាំងមូលកំពុងធ្លាក់ដុនដាបក្នុងស្ថានការណ៍ជំងឺឆ្លងរាតត្បាតកូវីដ។ ចំពោះបញ្ហានេះ គេមិនទាន់ដឹងពីវិធានការរដ្ឋាភិបាលកូរ៉េ នឹងដាក់ចេញបែបណានោះទេ ទៅលើតម្លៃ​និងការរ៉ាប់រងលើថ្លៃថ្នាំព្យាបាលកូវីដនេះ ប្រសិនបើនៅពេលខាងមុខត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះ។

បើតាមការបញ្ជាក់ក្នុងសារព័ត៌មាន YTN News នេះបានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលកូរ៉េអាចនឹងទទួលបន្ទុករ៉ាប់រងលើថ្លៃចំណាយព្យាបាលទាំងនេះ ប្រសិនបើត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនោះ។ តែបើតាមការបញ្ជាក់របស់ប្រធានក្រុមសម្របសម្រួលនៃលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការចត្តាឡីស័កនៅកូរ៉េ បាននិយាយថាអជ្ញាធរកូរ៉េសង្ឃឹមថាថ្នាំគ្រាប់សម្រាប់ព្យាបាលកូវីដនេះ នឹងអាចអភិវឌ្ឍបង្កើតបានដោយជោគជ័យនាពេលខាងមុខ ហើយនឹងអាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ស្ថានការណ៍កូវីដផងដែរ តែសម្រាប់បច្ចុប្បន្ននេះមិនទាន់មានថ្នាំគ្រាប់ណាមួយទទួលបានការអនុញ្ញាតប្រើប្រាស់ផ្លូវការនៅឡើយទេ។

សូមបញ្ជាក់ថា ប្រភេទថ្នាំគ្រាប់ព្យាបាលកូវីដដែលហាក់មានវឌ្ឍនភាពលឿនជាងគេ និងលេចធ្លោជាងគេ គឺថ្នាំ “molnupiravir” របស់ក្រុមហ៊ុនអាម៉េរិក Merck ហើយកាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលអាម៉េរិកបានបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដរបស់ក្រុមហ៊ុនអាម៉េរិក Merck នេះចំនួន ១.៧លានគ្រាប់ផងដែរ តម្លៃដល់ទៅជាង ១.៤ទ្រីលានវ៉ុនឯណោះ។ សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង គេដឹងថាក៏បានរៀបចំកញ្ចប់ថវិកាពិសេសសម្រាប់ត្រៀមទិញថ្នាំព្យាបាលកូវីដ ទំហំដល់ទៅជាង ៣៦.២ពាន់លានវ៉ុនផងដែរ ដែលបើគណនាទៅអាចទិញបានប្រហែលបានដល់ជាង ៤ម៉ឺនគ្រាប់ផងដែរ។

 

Leave a Reply

Your email address will not be published.