នៅកូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដកាន់តែច្រើន ករណីរាយការណ៍ថាបានធ្លាក់ខ្លួនឈឺ ខ្លះបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំង ក៏កើនមានកាន់តែច្រើន !! តែកុំភ័យ អជ្ញាធរកូរ៉េឆ្លើយបញ្ជាក់វិញបែបនេះ ..

កូរ៉េខាងត្បូង៖ មានករណីរាយការណ៍កាន់តែច្រើននៅប្រទេសកូរ៉េខាងត្បូង ថាមានសមាជិកគ្រួសារខ្លួនបានបាត់បង់ជីវិត ឬធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលចំនួនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងកាន់តែលឿននាពេលបច្ចុប្បន្ននេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ស្របពេលដែលករណីរាយការណ៍បែបនេះកើតមានកាន់តែច្រើន ហើយប្រជាជនបានស្នើឱ្យរដ្ឋាភិបាលកូរ៉េផ្តល់ការបកស្រាយឱ្យច្បាស់ពីទំនាក់ទំនងនៃការចាក់វ៉ាក់សាំង និងហេតុការណ៍ហានិភ័យដែលបានកើតឡើងនោះ និងទាមទារឱ្យមានសំណងខូចខាត គេឃើញថាអជ្ញាធរសុខាភិបាលកូរ៉េឯណោះវិញ បានទទួលស្គាល់ផ្លូវការករណីជាប់ពាក់ព័ន្ធគ្នាបែបនេះ តិចតួចមែនទែនប៉ុណ្ណោះ។

គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ មានញ្ញាតិដល់ទៅជាង៦០ត្រូវបានគេបង្ហោះនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង៣០ថ្ងៃចុងក្រោយនេះ។ ក្នុងនោះ អ្នកដាក់ញ្ញាតិបានលើកឡើងពីករណីឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំង និងមានករណីបាត់បង់ជីវិតដែលគេអះអាងថាបណ្តាលមកពីការចាក់វ៉ាក់សាំងទៀតផង។ តួលេខនៃការដាក់ញ្ញាតិតវ៉ាករណីបែបនេះ កើនឡើងសឹងតែគុណនឹងពីរឯណោះ ធៀបនឹងរយៈពេល៣០ឆ្នាំមុនទៀត។

ញ្ញាតិមួយដែលបានបង្ហោះកាលពីថ្ងៃទី១០ កញ្ញា ថ្មីៗនេះ ជារបស់បុរសម្នាក់ជាកូន បានលើកឡើងថាឪពុករបស់ខ្លួនដែលមានអាយុវ័យកណ្តាលបានបាត់បង់ជីវិតកាលពីថ្ងៃទី៨ កញ្ញានេះ គឺរយៈពេល២សប្តាហ៍ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី១នៅមន្ទីរពេទ្យមួយកន្លែងនៅអ៊ីនឆន់។ តាមការរៀបរាប់ ជនរងគ្រោះចាប់ផ្តើមមានអាការៈចុកទ្រូងរយៈពេល៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំង តែទៅពិនិត្យមិនឃើញមានបញ្ហាអ្វីធ្ងន់ធ្ងរទេ តែក្រោយមកអាការៈឈឺទ្រូងនៅតែបន្ត និងនាំឱ្យគាត់បាត់បង់ជីវិតភ្លាមៗក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្តង។ ញ្ញាតិនេះបានទាមទារឱ្យរដ្ឋាភិបាលរកករណីពាក់ព័ន្ធដែលបណ្តាលឱ្យឪពុកគាត់បាត់បង់ជីវិត ពីការចាក់វ៉ាក់សាំងកូវីដនេះ ហើយថាឪពុកខ្លួនមិនដែលមានប្រវត្តិជំងឺប្រចាំកាយនោះទេ។

ករណីញ្ញាតិមួយផ្សេងទៀត កាលពិថ្ងៃទី៣០ ខែសីហាកន្លងទៅ គ្រូបង្រៀនអាយុ២៤ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលធ្ងន់ធ្ងរ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី១កាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ។ ក្រោយពីការវិនិច្ឆ័យ គេរកឃើញថាជនរងគ្រោះនេះមានបញ្ហាហើមថ្លើមធ្ងន់ធ្ងរ និងមានអាការៈគាំងបេះដូងផងដែរ។ ញ្ញាតិនេះសរសេរថា ប្អូនប្រុសរបស់ខ្លួនជាករណីមួយដែលមានអាការៈរងប៉ះពាល់ខ្លំាងពីការចាក់វ៉ាក់សាំងកូវីដនេះ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ តែគេពិបាកនឹងធ្វើការកំណត់ថាមានការជាប់ពាក់ព័ន្ធជាមួយនឹងការចាក់វ៉ាក់សាំងណាស់ ដូចនេះក៏មិនមានការចេញសំណងខូចខាតត្រឹមត្រូវនោះដែរ។

គិតចាប់តាំងពីថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងមក នៅកូរ៉េខាងត្បូងមានដល់ ៨,៣០៨ករណីហើយដែលមានអាការៈប៉ះពាល់ធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំង ហើយមាន២ករណីបាត់បង់ជីវិត ដែលត្រូវបានអជ្ញាធរទទួលស្គាល់ថាជាប់ពាក់ព័ន្ធជាមួយនឹងវ៉ាក់សាំងកូវីដ។

យ៉ាងណាមិញ ក្រសួងសុខាភិបាលកូរ់េខាងត្បូងបានលើកឡើងថាករណីបាត់បង់ជីវិតបណ្តាលពីការចាក់វ៉ាក់សាំងមានកម្រិតតិចតួចមែនទែន ទាំងនៅកូរ៉េខាងត្បូង និងនៅបរទេស ដូចនេះអ្នកដែលចាក់វ៉ាក់សាំងកូវីដទាំងអស់មិនចាំបាច់បារម្ភពីបញ្ហានៃការចាក់វ៉ាក់សាំងកូវីដនេះទេ។

Leave a Reply

Your email address will not be published. Required fields are marked *