នៅដេហ្គូ សហគមន៍មូស្លីមកំពុងសង់វិហារសាសនាតែខ្លួនឯងសោះ បែរប្រជាជនកូរ៉េ និងអ្នកសាសនាគ្រឹស្តនាំគ្នាចេញតវ៉ាខ្លាំងរហូតដាក់ញ្ញាតិសុំយប្រធានាធិបតីសង្គ្រោះប្រទេសកូរ៉េពីជនជាតិមូស្លីមទៀត ..

កូរ៉េខាងត្បូង៖ ប្រជាជននៅសង្កាត់មួយកន្លែងនៅក្នុងក្រុងដេហ្គូ ហាក់មានការមិនពេញចិត្តទៅនឹងសំណង់អាគារវិហារសាសនាមូស្លីមដែលកំពុងសាងសង់ឡើងនៅក្នុងមូលដ្ឋានខ្លួន ដែលការមិនពេញចិត្តបានឈានទៅបង្កជាបញ្ហាទាស់ទែងគ្នាផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ។

ព័ត៌មាននេះបានឱ្យដឹងថា ករណីមិនពេញចិត្តដែលឈាននាំដល់ជម្លោះជុំវិញសំណង់អាគារសាសនាមូស្លីមនេះ គឺដោយសារតែមានការបារម្ភមួយចំនូនលើកឡើងថាការសាងសង់អាគារសាសនាមូស្លីមបែបនេះ អាចនឹងធ្វើឱ្យមានឥទ្ធិពលជនជាតិមូស្លីមក្នុងតំបន់មូលដ្ឋានរបស់ខ្លួនកាន់តែច្រើនឡើង តែចំពោះក្រុមសង្គមស៊ីវិល ជាពិសេសសហគមន៍មូស្លីមវិញលើកឡើងថា ការសាងសង់អាគារសាសនានេះនឹងជួយធានាបាននូវសេរីភាពផ្នែកសាសនាក្នុងតំបន់នោះទៅវិញទេ។

សំណង់អាគារវិហារសាសនាអ៊ីស្លាមនេះ ត្រូវបានគេសាងសង់នៅសង្កាត់ 북구 នៅក្រុងដេហ្គូ តាំងពីចុងឆ្នាំ២០២០ ខែធ្នូកន្លងមកដោយសហគមន៍មូស្លីមនៅក្នុងតំបន់នោះ ភាគច្រើនគឺជាសិស្សបរទេសដែលសិក្សានៅសាកលវិទ្យាល័យជាតិឃ្យ៉ុងប៉ុក (경북대학교) នៅទីក្រុងដេហ្គូនោះតែម្តង។ ការសាងសង់នេះទទួលបានការអនុញ្ញាតពីអជ្ញាធរមូលដ្ឋានត្រឹមត្រូវកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមក។

តែក្រោយពីមានការចាប់ផ្តើមសាងសង់ អ្នករស់នៅតំបន់នោះ រួមទាំងអ្នកសាសនាប្រូតេស្តង់បែបអភិរក្សនិយមបាននាំចេញមកតវ៉ាខ្លាំងឡើងៗ មានទាំងការរៀបចំតវ៉ានៅនឹងទីតាំងសាងសង់ផង និងការដាក់ញ្ញាត្តិជាបន្តបន្ទាប់ទៅអជ្ញាធរសង្កាត់ដើម្បីឱ្យផ្អាកដំណើរការសាងសង់នេះ ដោយលើកហេតុផលថាមានសម្លេងរំខាន និងបំពានលើទ្រព្យសម្បត្តិអ្នកមូលដ្ឋានរស់នៅទីនោះស្រាប់។

កាលពីខែកុម្ភៈកន្លងទៅ អជ្ញាធរសង្កាត់បានចេញបទបញ្ជារដ្ឋបាលមួយឱ្យម្ចាស់សំណង់នេះផ្អាកការសាងសង់សិន ដែលរហូតមកដល់ពេលនេះនៅមិនទាន់អាចបើកដំណើរការបានវិញនោះទេ ខណៈដែលជម្លោះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងការសាងសង់អាគារសាសនាអ៊ីសា្លមនេះនៅតែមិនទាន់ដោះស្រាយបាននៅឡើយនោះ។

កាលពីថ្ងៃទី៣ កញ្ញាទៅនេះ អ្នកប្រើអ៊ីនធើណែតម្នាក់ដែលបានអះអាងថាជាអ្នករស់នៅតំបន់ខាងលើ បានដាក់ញ្ញាតិ្តមួយទៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យរដ្ឋាភិបាលសង្គ្រោះប្រទេសកូរ៉េខាងត្បូងពីឥទ្ធិពលអ៊ីស្លាម និងពួកមូស្លីម។ នៅក្នុងញ្ញាត្តិនោះបានលើកឡើងថា គាត់បានខំតវ៉ាជាង៨ខែមកហើយ ដើម្បីបញ្ឈប់ការសាងសង់វិហារនោះ។ គាត់និយាយថាគាត់នៅទីនោះរាប់សិបឆ្នាំមកហើយ និងធ្លាប់ជួបជាមួយជនបរទេសជាច្រើនផងដែរ តែគាត់មិនដែលឃើញជនបរទេសណាមកបង្កើតជាសហគមន៍ខ្លួនឯងដូចជនជាតិមូស្លីមទាំងនោះទេ។ គាត់មានអារម្មណ៍ថាភ័យខ្លាចនៅពេលឃើញអ្នកកាន់សាសនាអ៊ីស្លាមដើរនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់គាត់។

ញ្ញាត្តិដដែលនេះនិយាយថា ឥឡូវនេះជនជាតិមូស្លីមទាំងនេះបាននាំគ្នាទិញផ្ទះនៅក្នុងតំបន់នោះ ចឹងមិនយូរមិនឆាប់ទេ សង្កាត់មូលដ្ឋាននោះនឹងក្លាយជាតំបន់របស់ពួកជនជាតិមូស្លីមមិនខាន។ គាត់បានលើកថា គាត់មិនយល់ទេហេតុអ្វីពួកគេចាំបាច់មកស្វែងរកសេរីភាពសាសនានៅទីនេះ បើពួកគាត់ទាំងនោះសុទ្ធតែមកពីប្រទេសដែលសាសនាផ្សេងក្រៅពីអ៊ីស្លាមត្រូវរឹតត្បិត ហើយមានការជិះជាន់សិទ្ធមនុស្សដូចគ្នាហ្នឹង។ ញ្ញាត្តិនេះយ៉ាងណាមិញ មានអ្នកចុះហត្ថលេខាគាំទ្រដល់ជាង៥ម៉ឺននាក់ហើយ គិតត្រឹមម៉ោង២ល្ងាចថ្ងៃចន្ទម្សិលមិញ។

ចំពោះករណីបែបនេះវិញ ក្រុមសហគមន៍មូស្លីម និងក្រុមសង្គមស៊ីវិលបានគាំទ្រការសាងសង់អាគារសាសនាបែបនេះ និងបានលើកឡើងថាការធានាសេរីភាពសាសនាគួរតែត្រូវបានអនុវត្ត ហើយការសម្រេចចិត្តរដ្ឋបាលផ្អាកការសាងសង់បែបនេះ គឺមានលក្ខណៈរើសអើងទៅវិញទេ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *