នៅហ្គូជេ ប៉ូលិសកូរ៉េឆ្មក់ចុះចាប់ទីតាំងមួយកន្លែង ដល់ម៉ោងបិទហាង បែរជាបន្លំយកភ្ញៀវជាង១០នាក់ ទៅលេងល្បែង ផឹកស៊ីបន្តនៅឃ្លាំងជាន់ដំបូល ចុងក្រោយជាប់ទាំងអស់..

កូរ៉េខាងត្បូង៖ បុណ្យឈូសុកកូរ៉េកាន់តែខិតជិតចូលមកដល់ ខណៈស្ថានការណ៍មិនទាន់ធូរស្បើយផងនោះ តែអ្វីដែលកាន់តែបារម្ភនោះគឺនៅតែបន្តមានករណីល្មើសបម្រាមគម្លាតសង្គមជាបន្តបន្ទាប់ ដែលនៅតែបង្កជាហានិភ័យខ្ពស់នៃការចម្លងកូវីដ។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News កូរ៉េ សមត្ថកិច្ចប៉ូលិសកូរ៉េនៅបន្តចាប់បានជាបន្តបន្ទាប់ទីតាំងអាជីវកម្មដែលលួចបើកដំណើរការបំពានគម្លាតសង្គម លួចផឹកស៊ីជួបជុំ ក្រោយម៉ោងកំណត់នៅតាមសឹងគ្រប់តំបន់ទូទាំងប្រទេស។ ជាក់ស្តែង ថ្មីៗនេះនៅឯកោះហ្គូជេ (거제시) សមត្ថកិច្ចបានឆ្មក់ចុះទៅចាប់បានទីតាំងក្រុមហ៊ុនមួយកន្លែង លួចបើករៀបចំឃ្លាំងលើដំបូលអាគារទទួលភ្ញៀវបន្តផឹកស៊ី លើសម៉ោងកំណត់ និងមានលេងល្បែងស៊ីសងទៀតផង។

បើតាមការរាយការណ៍នៅក្នុងព័ត៌មាននេះបានឱ្យដឹងថា គេរកឃើញទីតាំងហាងមួយកន្លែងដែលមានច្នៃធ្វើឃ្លាំងនៅជាន់ខាងលើដំបូល បានល្មើសនឹងបម្រាមគម្លាតសង្គមដោយបានលួចឱ្យភ្ញៀវដែលផឹកស៊ីនៅនឹងហាងខ្លួន ប្តូរតុឡើងទៅជាន់ខាងលើវិញ នៅពេលដល់ម៉ោងដែលគេត្រូវបិទហាង។

បើតាមការរាយការណ៍ សមត្ថកិច្ចប៉ូលិសកូរ៉េក្រោយពីទទួលបានដំណឹងនេះហើយ បាននាំគ្នាឆ្មក់ចុះទៅចាប់ដល់កន្លែង និងបានរុញទ្វារចូលពីក្រៅ តែម្ចាស់ទីតាំងព្យាយាមមិនបើកទ្វារដោយនិយាយថាគ្មានអ្វីនៅខាងក្នុងទេ គ្រាន់តែជាឃ្លាំងដាក់ឥវ៉ាន់ប៉ុណ្ណោះ។ តែក្រោយពីសមត្ថកិច្ចបន្តរុញចូលដល់ខាងក្នុងបាន នៅជាន់ខាងលើដែលជាឃ្លាំងនោះ គេចាប់បានមនុស្សជាច្រើនទាំងភ្ញៀវ និងបុគ្គលិកនៅទីនោះ ប្រៀបដូចទៅនឹងបនល្បែងលេងបៀរ និងមានគ្រឿងផឹកស៊ីនៅពេញតុទៀតផង។

ក្រោយពីបានរកឃើញដូចនេះ ទើបគេដឹងថាក្រុមហ៊ុនមួយនេះមានបើកដំណើរការបនល្បែងបៀរផូកឃឺនៅជាន់ទី៤ ហើយនៅពេលដែលដល់ម៉ោងត្រូវផ្អាកដំណើរការតាមគម្លាតសង្គមនោះ ទីតាំងនេះបាននាំភ្ញៀវខ្លួនឱ្យទៅប្តូរតុ ហើយលេងនៅលើជាន់ដំបូលដែលជាឃ្លាំងដាក់ឥវ៉ាន់ដោយលួចលាក់បន្ត។

ក្នុងករណីឆ្មក់ចុះទៅចាប់បាននេះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស១២នាក់ ទាំងភ្ញៀវ និងបុគ្គលិក ដែលទាំងអស់គ្នានេះសុទ្ធតែបានពាក់ព័ន្ធបទល្មើសបំពានបម្រាមហាមជួបជុំគ្នា។

ករណីមួយផ្សេងទៀតកាលពីយប់ថ្ងៃទី១១ ខែកញ្ញាដូចគ្នានេះ នៅតំបន់សាឈុន នៅខេត្តឃ្យ៉ុងណាម គេចាប់បានមនុស្ស៧នាក់ មានភ្ញៀវ៣នាក់ និងបុគ្គលិក៤នាក់ លួចលាក់ល្មើសគម្លាតសង្គមដោយបើកហាងផឹកស៊ីទទួលភ្ញៀវនេះ។ នៅពេលដែលប៉ូលិសចុះទៅចាប់ ភ្ញៀវទាំងអស់នោះព្យាយាមរត់គេចតាមទ្វារក្រោយ តែចុងក្រោយត្រូវចាប់ជាប់ទាំងអស់។

សូមបញ្ជាក់ថា តាមការកំណត់របស់អជ្ញាធរកូរ៉េខាងត្បូង បទល្មើសលើគម្លាតសង្គមអាចនឹងត្រូវរងការផាកពិន័យដល់ទៅ៣លានវ៉ុន សម្រាប់ទាំងភ្ញៀវ និងអ្នករកស៊ី។

Leave a Reply

Your email address will not be published. Required fields are marked *